28.8 C
Phnom Penh

លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា។

លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​សម្រេច​ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ជា​ថ្ងៃ​ដែល​លោក​វិល​ចូល​ឆាក​នយោបាយ​នៅ​កម្ពុជា ឡើងវិញ​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក សួន រីដា អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គឺជា​បក្ស​នយោបាយ​ដែល​មាន​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ ហើយ​ក៏​ជា​គណបក្ស​ដែល​មាន​គោលការណ៍​ប្រជាធិបតេយ្យ​តាម​បែប​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​លើ​ពិភពលោក​ដែរ។

អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា គណបក្ស​ដែល​ជា​ទ្រនំ​ថ្មី និង​ជា​ក្តី​សង្ឃឹម​ថ្មី​នេះ គឺជា​គណបក្ស​ដែល​ប្រកាន់​គោលការណ៍​ប្រកួតប្រជែង​ដោយ​សុចរិតភាព ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ គណបក្ស​ដែល​ទើប​ផ្លាស់ប្ដូរ​ឈ្មោះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ពី​ឈ្មោះ «គណបក្ស​កម្ពុជា​និយម» មក​ជា​ឈ្មោះ«គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន» ក្រោយ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ។

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​មាន​លោក យ៉ែម បុញ្ញឫទ្ធិ ជា​ប្រធាន គឺជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ ប៉ុន្តែ​លោក​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រោយ​ដាក់​សំណើ​ថ្វាយ​ព្រះមហាក្សត្រ។

លោក យ៉ែម បុញ្ញឫទ្ធិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​យន្តការ និង​គោលការណ៍​ប្រជាធិបតេយ្យ​សកល​ពិតប្រាកដ ដោយ​ចែង​អំពី​ការ​បែងចែក​អំណាច​គណៈកម្មាធិការ​ទាំង​បី​ដាច់ដោយឡែក​ពី​គ្នា រួម​មាន គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មាធិការ​វិន័យ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ច្បាប់​កំពូល​របស់​គណបក្ស បាន​កំណត់​ឱ្យ​បុគ្គល​ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​បក្ស​បាន​ត្រឹមតែ ២​អាណត្តិ ស្មើ​នឹង ១០​ឆ្នាំ​ប៉ុណ្ណោះ ចំណែកឯ​គោលនយោបាយ​សំខាន់ៗ​របស់​គណបក្ស ត្រូវ​បាន​កំណត់​ជា​ចម្បង​លើ​វិស័យ​សេដ្ឋកិច្ច សង្គម ការអប់រំ សុខភាព និង​ការពារ​ជាតិ។

លោក​គូស​បញ្ជាក់​ថា ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស ក៏បាន​ចែង​ពី​គោលបំណង​ប្រមូលផ្ដុំ​កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​សេរី ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផង​ដែរ។ ជាង​នេះ​ទៀត ក៏បាន​កំណត់​យ៉ាង​ច្បាស់​ពី​ការ​ការពារ​ឯករាជភាព អធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ ដោយ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​ពី​បរទេស​តាម​គ្រប់​រូបភាព៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស