38 C
Phnom Penh

មេ​រដ្ឋប្រហារ​ប្រទេស​ភូមា លើក​ខ្លួន​ឯង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា មាន​អាយុ ៦​ខែ​មក​ហើយ​នៅ​ពេលនេះ។ មេ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា នេះ គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មីន អ៊ុងឡាំង ជា​ឧត្តមសេនីយ៍​ជំនាន់​ក្រោយ​នៃ​មេ​រដ្ឋប្រហារ​ជំនាន់​មុន គឺ​ឧត្តមសេនីយ៍ ថាន់ ស្វេ។ បុរស​ម្នាក់​នេះ​មុន​ធ្វើ​រដ្ឋប្រហារ គឺ​ត្រូវ​ដាក់​ឱ្យ​ចូល​និវត្តន៍​ពី​ក្របខ័ណ្ឌ​យោធា ដែល​ការពិត​គាត់​ត្រូវ​ចូល​និវត្តន៍​នៅ​ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ឥឡូវ គាត់​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​ដោយ​ទាញ​អំណាច​ធ្លាក់​មក​ក្នុង​ដៃ​ពួក​យោធា​វិញ និង​ក្រោម​ការ​កាន់កាប់​របស់​ខ្លួន។ បុរស​រូប​នេះ​ទោះ​ជា​ដឹង​ថា​របប​សឹក​របស់​គាត់​មាន​ភាព​អាម៉ាស់​នៅ​លើ​វេទិកា​អន្តរជាតិ​ក៏ដោយ គឺ​លោក​តែង​ព្យាយាម​ញញឹម​ដោយ​ចាត់ទុក​ថា​គ្មាន​នរណា​ក្លាហាន​ជាង​រូប​គាត់។

នេះ​បើ​និយាយ​អំពី​វត្តមាន​របស់​គាត់​នៅ​លើ​វេទិកា​ធំៗ​ចំនួន​ពីរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​នៅ​វេទិកា​មេដឹកនាំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ចាការតា ប្រទេស​ឥណ្ឌូនេស៊ី និង​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ក្នុង​វេទិកា​អាស៊ាន​ពេល​នោះ គឺ​មេដឹកនាំ​អាស៊ាន​ភាគច្រើន​សម្លឹង​គយគន់​បុរស​នេះ​ដែល​យ៉ាងហោចណាស់​ចាត់ទុក​ថា​ជា​ឥស្សរជន​ចម្លែក និង​អាក្រក់​ជាងគេ។ ប៉ុន្តែ​បុរស​នេះ​នៅតែ​ព្យាយាម​ញញឹម​ទៅកាន់​សមភាគី​របស់​ខ្លួន​ទោះ​គេ​ពុំ​ចង់​ស្វាគមន៍​ក៏ដោយ។

មិន​បាន​ប៉ុន្មាន​សប្ដាហ៍​ផង មេ​រដ្ឋប្រហារ​មួយ​រូប​នេះ​ក៏​ឡើង​យន្តហោះ​ទៅកាន់​ទីក្រុង​មូស្គូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ធំ​មួយ​អំពី​សន្តិសុខ​ពិភពលោក​ដែល​ក្រុង​មូស្គូ ជា​ម្ចាស់ផ្ទះ។ លោក មីន អ៊ុងឡាំង ក៏​ត្រូវ​បាន​ប្រតិភូ​ពី​ប្រទេស​ផ្សេងៗ​តាម​សម្លឹង​មើល​ផង​ដែរ ព្រោះ​បុរស​រូប​នេះ​ត្រូវ​បាន​កត់សម្គាល់​ថា​ជា​មេ​រដ្ឋប្រហារ​ថ្មី​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​មួយ​គាំទ្រ​ដោយ​ប្រជាជន​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។

មើល​ទៅ​ភាព​មិន​ចេះ​ខ្មាសអៀន​របស់​ជន​ផ្ដាច់ការ​ម្នាក់​នេះ បាន​នាំ​ឱ្យ​បុរស​នេះ​ព្យាយាម​បញ្ជូន​លិខិត​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​កាលពី​ថ្មីៗ​នេះ​គាត់​បាន​បញ្ជូន​ឈ្មោះ​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ម្នាក់​ដើម្បី​សុំ​យក​អាសនៈ​ពី​រដ្ឋាភិបាល​លោកស្រី អ៊ុងសាន ស៊ូជី។

អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​បច្ចុប្បន្ន​នេះ គឺ​លោក ក្យ៉មូធុន កំពុងតែ​កាន់កាប់។ លោក ក្យ៉មូធុន គឺជា​អ្នក​ការទូត​តំណាង​ឱ្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី។

របប​សឹក​របស់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​បរាជ័យ​ម្ដង​ហើយ​នៃ​ការ​ទាមទារ​អាសនៈ​នេះ​កាលពី​ចុង​ខែ​កុម្ភៈ ដោយ​មហាសន្និបាត​ទាត់​ចោល។ ជាថ្មី​ម្ដង​ទៀត លិខិត​សុំ​អាសនៈ​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទម្លាយ​ឱ្យ​ដឹង​ថា របប​សឹក​ភូមា​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ចុង​ខែ​មិថុនា ដែល​រហូត​មក​ដល់​ពេលនេះ ពុំ​ទាន់​ឃើញ​ក្រុម​ជំនាញ​នៃ​ការ​ត្រួតពិនិត្យ​សំណើ​នេះ​ឆ្លើយតប​នៅឡើយ​ទេ។

តែ​យ៉ាងណា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារ៉េស បាន​ព្រមាន​ហើយ​ថា នឹង​ពុំ​មាន​ប្រទេស​ណា​គាំទ្រ​របប​សឹក​នោះ​ទេ ទោះ​ជា​របប​សឹក​នេះ​ព្យាយាម​ចង់​បាន​ភាព​ស្រប​ច្បាប់​នៅ​ក្នុង​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក៏ដោយ។

ឥឡូវ​នេះ មេ​រដ្ឋប្រហារ​ភូមា​ដែល​មជ្ឈដ្ឋាន​ជាច្រើន​ហៅថា​ជន​ផ្ដាច់ការ​មុខក្រាស់ បាន​លើក​តម្កើង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី។

កាសែត The guardian បាន​ចុះផ្សាយ​ថា លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ប្រកាស​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍​ក្រោម​បង្គាប់​របស់​លោក​ថា លោក​គឺ​ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​ពេលនេះ​តទៅ។

ក្នុង​វេទិកា​នោះ មេ​រដ្ឋប្រហារ​ម្នាក់​នេះ​បាន​ប្ដេជ្ញា​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍​របស់​ខ្លួន​ថា ២​ឆ្នាំ​ទៀត​នឹង​រៀបចំ​ឱ្យ​មាន​ការបោះឆ្នោត គឺ​នៅ​ចុង​ឆ្នាំ​២០២៣។ លោក​សន្យា​ថា ការបោះឆ្នោត​នៅ​ពេល​នោះ គឺ​ត្រូវតែ​ត្រឹមត្រូវ និង​មាន​ភាព​សេរី។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ការបោះឆ្នោត​នៅ​ពេល​នោះ​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង ថា​តើ​ស្ថិរភាព​សង្គម​និង​នយោបាយ​ដូចម្ដេច។ នៅ​ខណៈ​ដែល​លោក​ដំឡើង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍​រូប​នេះ​ក៏​មិន​បាន​ជម្រុះ​ចោល​ឯកសណ្ឋាន​យោធា​នោះ​ទេ ហើយ​បាន​ប្រកាស​ថា របប​សឹក​ភូមា​បច្ចុប្បន្ន​ត្រៀម​ខ្លួន​ដើម្បី​ចរចា​ជាមួយ​នឹង​សមាគម​អាស៊ាន​ក្នុង​ដំណាក់កាល​បណ្ដើរៗ​ដើម្បី​ឈាន​ទៅដល់​ការ​យល់ព្រម​ឱ្យ​មាន​ប្រេសិត​ពិសេស​របស់​សមាគម​អាស៊ាន​នៅ​ក្នុង​ប្រទេស​ភូមា។

ប៉ុន្តែ​សារព័ត៌មាន​មួយ​ទៀត គឺ​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២ សីហា នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ត្រូវ​ជួប​ប្រជុំ​គ្នា​មួយ​លើក​ទៀត ហើយ​ធ្វើ​សេចក្ដី​សម្រេច​អំពី​ការ​បង្កើត​ក្រុម​ប្រេសិត​ទៅកាន់​ប្រទេស​ភូមា។

បើ​តាម​ប្រភព​ដដែល​នេះ ឥស្សរជន​បី​រូប គឺជា​សមាសភាព​នៃ​ក្រុម​ប្រេសិត​ពិសេស​នេះ ក្នុង​នោះ​មាន​អតីត​អនុរដ្ឋមន្ត្រី​ថៃ​ម្នាក់​ដែល​ពួក​យោធា​ភូមា​បង្ហើប​ថា ខ្លួន​គេ​ពេញចិត្ត​អ្នក​ការទូត​រូប​នេះ គឺ​លោក Virasakdi Futrakul។

ក្នុង​កិច្ចប្រជុំ​នេះ ត្រូវ​គេ​រំពឹង​ថា ប្រធាន​សមាគម​អាស៊ាន​ឆ្នាំ​នេះ គឺ​ប្រទេស​ព្រុយណេ នឹង​ដឹកនាំ​ប្រតិភូ​ប្រេសិត​ពិសេស​បី​រូប​ទៅកាន់​ប្រទេស​ភូមា ហើយ​បង្កើត​ការិយាល័យ​អចិន្ត្រៃយ៍​នៅ​ទីនោះ ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​ឱ្យ​មាន​ការចរចា​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ​នឹង​របប​សឹក​ភូមា។ តែ​យ៉ាងណា ពុំ​ឃើញ​មាន​មេដឹកនាំ​ប្រទេស​ណាមួយ​ក្នុង​តំបន់ និង​ផ្សេងៗ​ទៀត​បញ្ជូន​លិខិត​អបអរ​សាទរ​មេ​រដ្ឋប្រហារ​ភូមា​ម្នាក់​នេះ​ដែល​លើក​ខ្លួន​ឯង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ។

ចាប់តាំងពី​ពួក​យោធា​ប្លន់​អំណាច​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក ពលរដ្ឋ​ដែល​បាន​ងើប​ឡើង​ប្រឆាំង​ពួក​យោធា​ជាង ៩០០​នាក់ ត្រូវ​បាន​សម្លាប់ និង​ចាប់​ខ្លួន​ជិត ៥០០០​នាក់ ក្នុង​នោះ​មាន​មន្ត្រី​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ជាង ៣០០​នាក់ មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី Win Myint ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស