33.2 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យល់ដឹង​ពី​ផ្លូវ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​យល់ដឹង​ពី​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់​នៅ​មូលដ្ឋាន ដើម្បី​ចៀសវាង​នូវ​រូបភាព​គំរាមកំហែង​ណាមួយ​កើតឡើង ស្រប​ពេល​ដែល​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខិត​ជិត​មកដល់។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១ ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​រឹតត្បិត រារាំង ឬ​គំរាមកំហែង​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ​នេះ​ទៀត​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ការរៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ខាងមុខ គឺជា​ការប្រកួតប្រជែង​ដោយ​មិន​ស្មើភាព​គ្នា​នោះ​ឡើយ។

លោក​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ ត្បិត​សកម្មភាព​ដែល​កំពុង​ផុសផុល​នៅ​មូលដ្ឋាន​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​អាជ្ញាធរ​តាម​រំខាន​ជាបន្តបន្ទាប់ ខណៈ​សកម្មភាព​បក្ស​កាន់​អំណាច​អាច​បន្ត​ដំណើរការ​យ៉ាង​រលូន ថែមទាំង​មាន​ការ​ជួយ​សម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​បែបយ៉ាង​ថែមទៀត។

មន្ត្រី​ជាន់ខ្ពស់​រូប​នេះ​បញ្ជាក់​ថា ទាំង​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន​តែង​ធ្វើ​សកម្មភាព​របស់​គណបក្ស ស្រប​តាម​ច្បាប់​ដែល​ណែនាំ​ដោយ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជាដរាប មិន​ដែល​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​ច្បាប់​ម្តង​ណា​ឡើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​ស្ទើរ​គ្រប់​ពេលវេលា​រហូត​មក។

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​អះអាង​បែប​នេះ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង បាន​រារាំង​សកម្មភាព​នយោបាយ​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន ដោយ​មិន​ឲ្យ​ពួកគេ​ជួប​ប្រជុំ​គ្នា​ដើម្បី​លើក​ស្លាក​សញ្ញា​គណបក្ស​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ធ្វើ​សកម្មភាព​នយោបាយ​នៅ​មូលដ្ឋាន​ដោយ​នាំគ្នា​លើក​ស្លាក​សញ្ញា​គណបក្ស និង​ជួប​ប្រជុំ​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន​ស្ថិត​ក្នុង​ភូមិ​អូរដំបង២ ឃុំ​ស្វាយធំ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប៉ុន្តែ​ត្រូវ​អភិបាល​ស្រុក​សង្កែ លោក សុខ ហឿន និង​អធិការ​ស្រុក​សង្កែ លោក ស៊ុន សុវណ្ណ ហាមឃាត់​ភ្លាមៗ ដោយ​សំអាង​ថា​ជា​ដី​ចំណី​ថ្នល់​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន។

ការ​រារាំង​នេះ ធ្វើ​ឡើង​អំឡុង​ពេល​ដែល​សកម្មជន​មូលដ្ឋាន​បក្ស​នេះ​បាន​ជួបជុំ​គ្នា​ដើម្បី​លើក​សញ្ញា​គណបក្ស​របស់​ពួកគេ ក្រោយ​ពី​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន គឺ​មេឃុំ​អូរដំបង២ លោក ហុន សុគន្ធ ដែល​គណបក្ស​បាន​ដាក់​ពាក្យ​ស្នើសុំ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ដោយឡែក​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង អះអាង​ថា សកម្មភាព​នយោបាយ​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​ជួប​ប្រជុំ ឬ​លើក​ស្លាក​សញ្ញា​គណបក្ស​ជាដើម តែង​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់ និង​រារាំង​ជានិច្ច ក្រោម​លេស​មិន​ចេះ​អស់ ប៉ុន្តែ​បើ​សកម្មជន​បក្ស​កាន់​អំណាច​លើក​ស្លាក​សញ្ញា​បក្ស​របស់​គេ​វិញ អាជ្ញាធរ​មិន​ត្រឹមតែ​មិន​ហាមឃាត់​ទេ ថែមទាំង​ជួយ​សម្រួល​ទៀត​ផង ទោះ​ទីតាំង​ដែល​ពួកគេ​លើក​ស្លាក​នោះ​គឺជា​ទីតាំង​ចាស់​ដែល​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ធ្លាប់​ត្រូវ​អាជ្ញាធរ​ទាំងនោះ​ហាមឃាត់​ក៏ដោយ។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រកួតប្រជែង​រក​សំឡេង​គាំទ្រ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​អភិបាល​ស្រុក​សង្កែ លោក សុខ ហឿន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​លើកឡើង​ខាងលើ​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស