មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អំពាវនាវឲ្យក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនយល់ដឹងពីផ្លូវច្បាប់ស្ដីពីគណបក្សនយោបាយ និងជួយសម្រួលដល់គណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពដោយស្របច្បាប់នៅមូលដ្ឋាន ដើម្បីចៀសវាងនូវរូបភាពគំរាមកំហែងណាមួយកើតឡើង ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ខិតជិតមកដល់។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឺយ ស៊ីនឿន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែបន្តរឹតត្បិត រារាំង ឬគំរាមកំហែងដល់គណបក្សក្រៅរដ្ឋាភិបាលដូចសព្វថ្ងៃនេះទៀតនោះ គឺបង្ហាញឲ្យឃើញថា ការរៀបចំឲ្យមានការបោះឆ្នោតក្នុងឆ្នាំ២០២២ ខាងមុខ គឺជាការប្រកួតប្រជែងដោយមិនស្មើភាពគ្នានោះឡើយ។
លោកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ខាងមុខនេះ ត្បិតសកម្មភាពដែលកំពុងផុសផុលនៅមូលដ្ឋានរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវអាជ្ញាធរតាមរំខានជាបន្តបន្ទាប់ ខណៈសកម្មភាពបក្សកាន់អំណាចអាចបន្តដំណើរការយ៉ាងរលូន ថែមទាំងមានការជួយសម្រួលពីអាជ្ញាធរមូលដ្ឋានគ្រប់បែបយ៉ាងថែមទៀត។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ទាំងមន្ត្រីជាន់ខ្ពស់ និងសកម្មជននៅមូលដ្ឋានរបស់ខ្លួនតែងធ្វើសកម្មភាពរបស់គណបក្ស ស្របតាមច្បាប់ដែលណែនាំដោយក្រសួងមហាផ្ទៃ និងច្បាប់ស្ដីពីគណបក្សនយោបាយជាដរាប មិនដែលអនុវត្តផ្ទុយពីខ្លឹមសារច្បាប់ម្តងណាឡើយ ប៉ុន្តែអាជ្ញាធរនៅតែធ្វើទុក្ខបុកម្នេញពួកគេស្ទើរគ្រប់ពេលវេលារហូតមក។
មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលអះអាងបែបនេះ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបង បានរារាំងសកម្មភាពនយោបាយសកម្មជននៅមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យពួកគេជួបប្រជុំគ្នាដើម្បីលើកស្លាកសញ្ញាគណបក្សកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើសកម្មភាពនយោបាយនៅមូលដ្ឋានដោយនាំគ្នាលើកស្លាកសញ្ញាគណបក្ស និងជួបប្រជុំសកម្មជននៅមូលដ្ឋានរបស់ខ្លួនស្ថិតក្នុងភូមិអូរដំបង២ ឃុំស្វាយធំ ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែត្រូវអភិបាលស្រុកសង្កែ លោក សុខ ហឿន និងអធិការស្រុកសង្កែ លោក ស៊ុន សុវណ្ណ ហាមឃាត់ភ្លាមៗ ដោយសំអាងថាជាដីចំណីថ្នល់ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន។
ការរារាំងនេះ ធ្វើឡើងអំឡុងពេលដែលសកម្មជនមូលដ្ឋានបក្សនេះបានជួបជុំគ្នាដើម្បីលើកសញ្ញាគណបក្សរបស់ពួកគេ ក្រោយពីមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន គឺមេឃុំអូរដំបង២ លោក ហុន សុគន្ធ ដែលគណបក្សបានដាក់ពាក្យស្នើសុំកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនោះ។
ដោយឡែកមន្ត្រីមូលដ្ឋានរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ប្រចាំខេត្តបាត់ដំបង អះអាងថា សកម្មភាពនយោបាយនៅមូលដ្ឋានរបស់ខ្លួន ដូចជាការជួបប្រជុំ ឬលើកស្លាកសញ្ញាគណបក្សជាដើម តែងត្រូវអាជ្ញាធរមូលដ្ឋានហាមឃាត់ និងរារាំងជានិច្ច ក្រោមលេសមិនចេះអស់ ប៉ុន្តែបើសកម្មជនបក្សកាន់អំណាចលើកស្លាកសញ្ញាបក្សរបស់គេវិញ អាជ្ញាធរមិនត្រឹមតែមិនហាមឃាត់ទេ ថែមទាំងជួយសម្រួលទៀតផង ទោះទីតាំងដែលពួកគេលើកស្លាកនោះគឺជាទីតាំងចាស់ដែលគណបក្សខ្មែរស្រឡាញ់ជាតិធ្លាប់ត្រូវអាជ្ញាធរទាំងនោះហាមឃាត់ក៏ដោយ។
គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមប្រកួតប្រជែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០២៣ ខាងមុខ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអភិបាលស្រុកសង្កែ លោក សុខ ហឿន ដើម្បីសុំការបំភ្លឺជុំវិញការលើកឡើងខាងលើនេះបាននៅឡើយទេ៕