27 C
Phnom Penh

អាជ្ញាធរ​ពិន័យ និង​បង្គាប់​ឲ្យ​បង់​លុយ ៤​លាន​រៀល​ដោយសារ​ឈរ​ថត​កណ្ដាល​វាលស្រែ​តវ៉ា​រឿង​ដីធ្លី​ភ្លេច​ពាក់​ម៉ាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ពិន័យ​ប្រាក់​ចំនួន ៤​លាន​រៀល​លើ​កសិករ ២​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​ចេកមាស ឃុំ​ឈើទាល នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ក្នុង​ករណី​ដែល​ប្រជា​កសិករ​ក្រីក្រ​ឈរ​ថត​លើ​ដី​កណ្ដាល​វាលស្រែ​តវ៉ា​ដីធ្លី ហើយ​បង្ហោះ​លើ​បណ្ដាញ Facebook ដោយ​ភ្លេច​ពាក់​ម៉ាស់។

ប្រភព​ពី​កសិករ​សហគមន៍​ចេកមាស បាន​ឲ្យ​ដឹង​ថា នេះ​ប្រហែល​ជា​ករណី​ដំបូង និង​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ស្រែ​ចម្ការ​ទៅ​ឈរ​កណ្ដាល​វាលស្រែ​ចម្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ជាង ១​គីឡូម៉ែត្រ ឈរ​ថតរូប​ជុំគ្នា​ដើម្បី​តវ៉ា​រឿង​ដី​ស្រែ​ដែល​បាត់បង់ និង​មិន​បាន​ពាក់​ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បែប​នេះ។

អ្នកភូមិ​លើកឡើង​ថា ក្នុង​ករណី​គាត់​មាន​កំហុស​មាន​អ្នក​ខ្លះ​មិន​បាន​ពាក់​ម៉ាស់​មែន គ្រាន់តែ​អប់រំ និង​ណែនាំ​ដើម្បី​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ជា​ការ​ស្រេច​ទៅ​ហើយ ដោយសារតែ​អ្នក​ស្រុក​ដែល​នៅ​តំបន់​វាលស្រែ​មិន​ដែល​ពាក់​ម៉ាស់​ទេ​ពេល​ទៅ​ធ្វើ​ស្រែ និង​ចម្ការ​ឆ្ងាយៗ​ពី​ផ្ទះ​បែប​នេះ។

ទោះបី​យ៉ាងណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ការពារ Covid-19 និង​គោរព​ច្បាប់ ពេលនេះ​ពួកគាត់​កំពុង​ទៅ​ខ្ចីបុល​ចង​ការប្រាក់ និង​ប្រកាស​លក់​ដី​ស្រែ ដី​លំនៅឋាន​ដែល​នៅ​សេសសល់​យក​ថវិកា​ទៅ​បង់​ពិន័យ​ជូន​អាជ្ញាធរ​ក្នុង​រយៈពេល ៣០​ថ្ងៃ​ខាងមុខ ខណៈ​ពួកគាត់​កំពុង​រងគ្រោះ​គ្មាន​ប្រាក់​ចំណូល បាត់បង់​មុខរបរ ជំពាក់​បំណុល​ធនាគារ​រក​ព្រឹក​ខ្វះ​ល្ងាច រួមផ្សំ​បញ្ហា​ដីធ្លី​ទៀត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​បាន​អះអាង​ថា​កំពុង​កាន់កាប់​ដី​ស្រែ​ជិត ១០០​ហិកតារ​ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ខេត្ត ដោយ​បាន​បង្ខំ​ឲ្យ​ពួកគាត់​ទទួល​សំណង​ដីធ្លី​ក្នុង​តម្លៃ​ទាប ដើម្បី​យក​ដី​អនុវត្ត​គម្រោង​ស្ដារ​ប្រឡាយ​ឡើងវិញ។

គម្រោង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ទឹក​កំពង់ជ្រៃ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ធនធាន​ទឹក បាន​ប៉ះពាល់​ពលរដ្ឋ ១២០​គ្រួសារ​លើ​ផ្ទៃដី​ជាង ៩៩​ហិកតារ ក្នុង​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​ស្វាយជ្រំ។ មន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​អះអាង​ថា តំបន់​ដែល​ប៉ះពាល់​ជា​ដី​របស់​រដ្ឋ ហើយ​សំណង​នោះ​គឺ​សង​លើ​ផល​ដំណាំ មិនមែន​លើ​តម្លៃ​ដី​ជាក់ស្ដែង​នោះ​ទេ។

ចំពោះ​តម្លៃ​សំណង​ត្រូវ​បាន​គេ​រាយការណ៍​ថា អាជ្ញាធរ​ខេត្ត​ផ្ដល់​ឲ្យ​ទៅ​ប្រជា​កសិករ ៩០០​រៀល​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យ​កសិករ​មិនព្រម​ទទួល​យក។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CamboJA ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល គឺ​ដើម្បី​ជា​ប្រយោជន៍ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​តាម​មើល​លើ​រូបភាព​គម្រោង​ដែល​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​បាត់បង់​ដី​ស្រែ​របស់​ពួកគេ វា​នឹង​មិន​ឆ្លុះបញ្ចាំង​គោលបំណង​នៃ​ការ​អភិវឌ្ឍ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស