32.9 C
Phnom Penh

អាស៊ាន​សម្រេច​បង្កើត​ប្រេសិត​ពិសេស​ដើម្បី​ភូមា បន្ទាប់ពី​អាមេរិក​ព្រមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត សមាគម​អាស៊ាន​បាន​សម្រេច​ជា​ផ្លូវការ​តែងតាំង​ប្រធាន​ក្រុម​ប្រេសិត​ពិសេស គឺ​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​នៃ​ប្រទេស​ព្រុយណេ គឺ​លោក Erywan Yusof បន្ទាប់ពី​អាមេរិក​ព្រមាន​ថា​បើ​អាស៊ាន​ពុំ​អាច​បង្កើត​ក្រុម​នេះ​បាន​ទេ គឺ​អាមេរិក​អាច​នឹង​ទាញ​បញ្ហា​ប្រទេស​ភូមា​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត។

សេចក្ដី​រាយការណ៍​របស់​កាសែត​ជប៉ុន Nikkei Asia បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ទីបំផុត​បាន​សម្រេច​ដោយ​មតិ​រួមគ្នា​តែងតាំង​លោក Erywan Yosof ឲ្យ​ទៅ​បង្កើត​ការិយាល័យ​នៃ​ក្រុម​ប្រេសិត​ពិសេស​អាស៊ាន​នៅ​ក្នុង​ទឹកដី​ភូមា ហើយ​បុរស​នេះ​ត្រូវ​ដឹកនាំ​ប្រតិភូ​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការចរចា​នយោបាយ និង​ឈាន​ទៅ​ដល់​ការ​បញ្ចប់​អំពើ​ហិង្សា។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា របប​សឹក​ភូមា​ក៏​បាន​ទទួល​យក​តំណាង​មកពី​ប្រទេស​ព្រុយណេ​នេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ៩​ប្រទេស បាន​ជួប​ប្រជុំ​ដាច់ដោយឡែក​ដោយ​ពុំ​មាន​វត្តមាន​របស់​តំណាង​របប​សឹក ហើយ​ក្រោយមក​ក៏​បាន​ស្នើ​ឲ្យ​តំណាង​ពួក​យោធា​ភូមា​ទទួលយក​លោក Erywan yousof ជា​ប្រធាន​ប្រេសិត​សម្រាប់​អាស៊ាន​ប្រចាំ​ប្រទេស​ភូមា។

កិច្ចប្រជុំ​មាន​រយៈពេល ២​ថ្ងៃ​ហើយ​ដោយ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ម៉ោង​នៅ​ថ្ងៃ​ពុធ ទី​៤ សីហា។

បន្ទាប់ពី​ធ្វើ​សេចក្ដី​សម្រេច​ដូចនេះ គឺ​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា គឺ ១០​ប្រទេស ស្វាគមន៍​ការ​បង្កើត​ក្រុម​ប្រេសិត​ពិសេស​នេះ។ ក្រុម​ប្រេសិត​ពិសេស​របស់​សមាគម​អាស៊ាន​មាន​សមាសភាព​យ៉ាងតិច ៣​រូប​ថែម​ទៀត ប៉ុន្តែ​ត្រឹមតែ​ជា​សមាជិក​ប៉ុណ្ណោះ។

ក្រុម​ប្រេសិត​ពិសេស​នេះ​ត្រូវ​អនុវត្ត​ផែនការ ៥​ចំណុច​របស់​មេដឹកនាំ​សមាគម​អាស៊ាន​ដែល​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា។

ផែនការ​ទាំង​៥ នោះ​រួម​មាន ការ​បញ្ចប់​អំពើ​ហិង្សា ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ និង​បើក​ការចរចា​នយោបាយ​សំដៅ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ។ ផែនការ ៥​ចំណុច​នេះ​ក៏​តម្រូវ​ឲ្យ​ប្រទេស​ភូមា បើក​ឲ្យ​មាន​ជំនួយ​អន្តរជាតិ​ទាំងអស់​ចូល​ទៅ​ប្រទេស​នេះ​ដើម្បី​ជួយ​ប្រជាជន​ភូមា​ដែល​ធ្លាក់​ក្នុង​ស្ថានភាព​អត់ឃ្លាន ដោយសារ​របប​សឹក​ឡើង​កាន់​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១។

នៅ​ឆ្នាំ​នេះ ប្រទេស​ព្រុយណេ គឺជា​ប្រធាន​សមាគម​អាស៊ាន។ ប្រទេស​នេះ​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​របស់​អាស៊ាន​ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស កិច្ចប្រជុំ​កំពូល​នៃ​ប្រមុខ​រដ្ឋ​និង​នាយករដ្ឋមន្ត្រី កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​កិច្ចប្រជុំ​លើ​វិស័យ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ប្រទេស​ព្រុយណេ ដែល​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នេះ គឺ​លោក Erywan Yousof ជា​ប្រធាន​ប្រតិភូ​ប្រេសិត​អាស៊ាន មាន​ភារកិច្ច​ធ្ងន់ធ្ងរ​នៅ​ចំពោះ​មុខ គឺ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​សម្រាប់​ប្រទេស​ភូមា។

គេ​រំពឹង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រុម​ប្រេសិត​ពិសេស​នេះ​នឹង​ទៅកាន់​ប្រទេស​ភូមា ហើយ​ប្រគល់​លិខិត​ចាត់តាំង​ទៅ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីង អ៊ុងឡាំង ដែល​ទើប​លើក​ខ្លួនឯង​ឡើង​ជា​នាយករដ្ឋមន្ត្រី។

មីន អ៊ុងឡាំង បាន​ប្រកាស​ថា​លោក​នឹង​រៀបចំ​បោះឆ្នោត​ឡើងវិញ​នៅ​ចុង​ឆ្នាំ​២០២៣ ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ នឹង​មិន​យល់ព្រម​ការបោះឆ្នោត​តាម​ការ​តម្រូវ​របស់​ពួក​យោធា​នោះ​ទេ ហើយ​បញ្ហា​នេះ​គឺជា​ភារកិច្ច​សម្របសម្រួល​របស់​ក្រុម​ប្រេសិត​ពិសេស​របស់​សមាគម​អាស៊ាន​ដែល​ទើប​បង្កើត​បាន​នៅ​ថ្ងៃ​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ស្ថានការណ៍​ហិង្សា​ដែល​ចេះ​តែ​បន្ត​នៅ​ភូមា ដោយ​បាន​ទាមទារ​ឲ្យ​រក​មធ្យោបាយ​ចរចា ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់។

ចាប់តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​មក ពលរដ្ឋ​ភូមា​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ពួក​យោធា​កើន​ជាង ៩០០​នាក់ និង​ចាប់ខ្លួន​ជាង ៥​ពាន់​នាក់ ក្នុង​នោះ​មាន​មន្ត្រី​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​ជាង ៣០០​នាក់។

សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​អាស៊ាន បាន​ប្រាប់​ទៅ​របប​សឹក​ភូមា​ត្រូវ​សហការ​ជាមួយ​សមាគម​អាស៊ាន ជាពិសេស​តាមរយៈ​ប្រេសិត​ពិសេស​នេះ។

តែ​ជា​ការ​កត់សម្គាល់ អាស៊ាន​ឈាន​ដល់​ការ​បង្កើត​ក្រុម​ប្រេសិត​ពិសេស​នេះ​ដើម្បី​ប្រទេស​ភូមា ធ្វើឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Bliken បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​របស់​សមាគម​នេះ​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​ប្រាប់​ទៅកាន់​អាស៊ាន​ថា អាមេរិក​ចង់​លូក​ដៃ​ចូល​រឿង​ភូមា​ឲ្យ​កាន់តែ​ស៊ីជម្រៅ បើ​អាស៊ាន​ពុំ​អាច​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​បញ្ចប់​របប​សឹក​ឱ្យ​ទាន់​ពេលវេលា​ទេ​នោះ។ លោក Antony បាន​បញ្ជាក់​ទៀត​ថា អាមេរិក​នឹង​រុញ​រឿង​ភូមា​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​មួយ​ផ្សេង​ទៀត។ តែ​មើល​ទៅ គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​ក៏​មហាសន្និបាត​អង្គការ​សហប្រជាជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស