រដ្ឋាភិបាលកម្ពុជាបានកាត់ផ្ទៃបឹងវាលសំណាប ទំហំជិត ៥ពាន់ហិកតារក្នុងខេត្តកណ្ដាល ប្រគល់ទៅឲ្យឧកញ៉ា ឃុន សៀ និងឧកញ៉ាមួយចំនួនទៀតដើម្បីអភិវឌ្ឍ។
បឹងវាលសំណាបមានទំហំជិត ៥ពាន់ហិកតារ (៤៨១៥ហិកតារ) ស្ថិតក្នុងខេត្តកណ្ដាល ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១៦ ដោយដាក់ផ្ទៃបឹងជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់ពីខែមករា ឆ្នាំ២០២០ ផ្ទៃបឹងវាលសំណាបជិត ៥ពាន់ហិកតារនេះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ទៅឱ្យឧកញ៉ា និងបុគ្គលមានលុយដើម្បីអភិវឌ្ឍ ដូចជាសង់បុរី និងអគារខ្ពស់ជាដើម។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលធ្វើអនុប្រយោគផ្ទៃបឹងចំនួន ៤១០០ហិកតារពីដីរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ដើម្បីយកមកជួលឱ្យឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន «ឃុន សៀ Import Export» អភិវឌ្ឍ ខណៈផ្ទៃបឹងចំនួន ១៣៧ហិកតារស្ថិតនៅឃុំព្រែកអំពិល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ទៅឱ្យឧកញ៉ា ជា ហ៊ុយ ប្រធានក្រុមហ៊ុន អិនស៊ីអិច និងឈ្មោះ ឆ ចេង ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ។
បើតាមអនុក្រឹត្យដាច់ដោយឡែកមួយទៀតនៅដើមឆ្នាំ២០២០ ដដែល រដ្ឋាភិបាលក៏បានធ្វើអនុប្រយោគផ្ទៃបឹងទំហំជាង ៥៥ហិកតារស្ថិតនៅក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋវិញ ដើម្បីកាត់ប្រគល់ទៅឱ្យឧកញ៉ា ថៃ ម៉េងលីម ឧកញ៉ា ហ៊ាង ប៊ុនប៉េង និង ហ៊ាង ប៊ុនអេង ដើម្បីអភិវឌ្ឍអចិន្ត្រយ៍។
ឧកញ៉ា ហ៊ាង ប៊ុនប៉េង ជាអនុប្រធានក្រុមប្រឹក្សាភិបាល ខណៈឧកញ៉ា ថៃ ម៉េងលីម ជាអគ្គនាយករងនៃក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ហ្គ្រេន ស្តារផ្លាទីនីម។
សារព័ត៌មានក្នុងស្រុក VOD កន្លងមកបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចុះផ្សាយថា ការជួលដីបឹង និងដីកោះទៅឱ្យក្រុមហ៊ុនអភិវឌ្ឍនេះ គឺធ្វើឡើងស្របទៅតាមច្បាប់ ហើយការជួលឱ្យក្រុមហ៊ុន ឃុន សៀ នេះ រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់រួចហើយដែរ។ លោកបន្តថា ចំពោះផលប៉ះពាល់ដោយការលុបបឹងធម្មជាតិនោះ លោកថាមិនមានឡើយ។ លើសពីនេះទៀត លោកថាការទុកបឹងឱ្យកសិករអាស្រ័យផល មិនបានផលចំណេញអ្វីច្រើនឡើយ ប៉ុន្តែបើសិនជាធ្វើសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុននោះ គឺលុយចូលរដ្ឋដើម្បីយកទៅជួយជនងាយរងគ្រោះ និងជនក្រីក្រ។

ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឆឺយ ឧត្ដមរស្មី អះអាងថា រដ្ឋាភិបាលគួរតែធ្វើការស្ដារបឹងឡើងវិញ ជាជាងលុបបន្តទៀតបែបនេះ ដោយថាការលុបបឹងធម្មជាតិដែលជាកន្លែងរំដោះទឹក វាមិនមែនជារឿងល្អឡើយ។
លោកសង្កេតឃើញថា ប្រទេសនៅជាប់កម្ពុជា និងប្រទេសចំនួនទៀត បានរក្សាបឹងទុក ទោះបីជាបឹងនោះតូចក្ដី ឬធំក្ដី រដ្ឋាភិបាលរបស់គេមិនដែលលុបឡើយ ផ្ទុយពីរដ្ឋាភិបាលកម្ពុជាដែលបានលុបបឹងធំៗជាកន្លែងរំដោះទឹក បើទោះបីដឹងថាការលុបបឹងនេះនឹងធ្វើឱ្យទឹកជន់លិចរាជធានីភ្នំពេញក៏ដោយ។
កាលពីពេលកន្លងមក ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យឈប់លុបបឹង ហើយទុកបឹងទាំងនោះធ្វើជាកន្លែងរំដោះទឹក។ ជាងនេះទៅទៀត លោកក៏ជំរុញឲ្យរដ្ឋាភិបាលត្រូវមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន ដែលតែងរក្សាគុណភាពបរិស្ថានដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល លោក អ៊ុក វណ្ណា ធ្លាប់លើកឡើងថា បឹងវាលសំណាបនេះពីមុនជាអាងស្តុកទឹកមួយដែលអាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប។
កាលពីខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថា មានការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានាជាបន្តបន្ទាប់។ បញ្ហានេះ លោកក៏បានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ជួយទប់ស្កាត់ ដើម្បីកុំឱ្យមានការចាក់ដីលុបរំលោភចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួបន្តទៀត។
បើទោះបីជារដ្ឋមន្ត្រីក្រសួងធនធានទឹក បានចេញលិខិតព្រមានក្ដី ប៉ុន្តែលិខិតនេះត្រូវបានគេមើលឃើញថា មិនមានប្រសិទ្ធភាពឡើយ ដោយសារការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិនេះ នៅតែបន្តកើតមានឡើង៕