26 C
Phnom Penh

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បារម្ភ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះ​ភិក្ខុ កើត សារ៉ាយ នៅ​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ថា​ជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​សម្ដែង​ក្តី​កង្វល់​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ឃុំ​ខ្លួន និង​ការ​ដកហូត​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ គឺជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

លោក​បន្ត​ថា ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប​ផ្សេង​ទៀត ក៏​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ដែល​បាន​បង្ហាញ​ថា អាជ្ញាធរ​កម្ពុជា​កំពុង​កំណត់​គោលដៅ​គំរាមកំហែង និង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ក្នុង​គោលបំណង​ឱ្យ​មាន​ការ​ភ័យខ្លាច​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn)។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​រំលោភបំពាន​លើ​សិទ្ធិ​ពលរដ្ឋ​គ្រប់​រូបភាព ដើម្បី​ធានា​នូវ​ការ​សម្ដែង​មតិ​ប្រកប​ដោយ​សន្តិវិធី​ស្ដីពី​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

ការ​ព្រួយបារម្ភ​របស់​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាបន្តបន្ទាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សកម្មជន​សិទ្ធិមនុស្ស និង​ជា​សកម្មជន​បរិស្ថាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និង​លោក មាន ព្រហ្មមុនី ជាដើម ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​ដោះលែង​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ។

សកម្មជន​ការពារ​សិទ្ធិមនុស្ស ៧​រូប​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​តុលាការ​កម្ពុជា

ជុំវិញ​បញ្ហា​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ បាន​ចេញ​លិខិត​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ព្រួយបារម្ភ​ចំពោះ​ការ​គំរាមកំហែង និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​មាន​បំណង​ញុះញង់​តែប៉ុណ្ណោះ ហើយ​ការ​លើកឡើង​ថា​មាន​ការ​គាបសង្កត់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី ក៏​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះ​ដែរ។

ប្រភព​ដដែល​អះអាង​ថា មាន​តែ​ការគោរព និង​ការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ​ដែល​ជា​ផ្លូវ​តែ​មួយ​គត់ និង​ត្រឹមត្រូវ​បំផុត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​សុវត្ថិភាព ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ភាព​សុខដុមរមនា​នៅ​កម្ពុជា​បន្ត​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​កន្លងមក គឺ​ខុស​នឹង​នីតិវិធី​ច្បាប់ ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​នយោបាយ​យ៉ាង​ច្បាស់ក្រឡែត ព្រោះ​ថា​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​គឺ​ធ្វើឡើង​ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

គិត​ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខាងលើ​ដោយ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ «ម​១» និង «ម​២» រហូត​មកដល់​ខែ​សីហា ឆ្នាំ​២០២១ នេះ មាន​រយៈពេល​ប្រមាណ​ជិត ១​ឆ្នាំ​ហើយ ក្រោយ​តុលាការ​បាន​បើក​សវនាការ ៣​លើក​កន្លងមក ប៉ុន្តែ​សវនាការ​នេះ​នឹង​ត្រូវ​បន្ត​បើក​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ​បន្ត​ទៀត។

ច្បាប់​ស្ដីពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មាត្រា​១ បាន​ចែង​ថា ទោះ​ស្ថិត​ក្នុង​ករណី​ណា​ក៏ដោយ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​មិន​ឱ្យ​លើស​ពី ៤​ខែ​ឡើយ។ ប៉ុន្តែ​ការ​សម្រេច​របស់​ចៅក្រម​ដែល​មាន​មូលហេតុ​ច្បាស់លាស់ គឺ​អាច​បន្ត​ឃុំ​ខ្លួន​ដល់ ៦​ខែ​បាន ប្រសិនបើ​មាន​ការចាំបាច់​ក្នុង​ការស៊ើបអង្កេត​បន្ថែម​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​ជាង ៥០​នាក់​ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស