ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក លើកឡើងថា ការអះអាងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ចំពោះរបាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch គឺជាការដោះសាដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន និងព្យាយាមទម្លាក់កំហុសលើពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ។
ការអះអាងរបស់ក្រុមអ្នកតស៊ូមតិនេះ ធ្វើឡើងដើម្បីរិះគន់លើមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដែលបានចោទប្រកាន់លើអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានចេញផ្សាយរបាយការណ៍ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាកាលពីពេលថ្មីៗនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី១១ ខែសីហា ថា លោកសម្ដែងការសោកស្តាយចំពោះបំណងល្អរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលរងការចោទប្រកាន់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាដោយខុសពីវត្ថុបំណងពិតប្រាកដរបស់ខ្លួន។
លោកអះអាងថា របាយការណ៍នេះគ្រាន់តែលើកឡើងពីផលប៉ះពាល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយនិងមានបំណងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើសុខមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការសាងសង់ទំនប់វារីអគ្គិសនីរហូតមក មិនមែនជាចេតនាលើកឡើងក្នុងរបៀបវារៈភូមិសាស្ត្រនយោបាយដូចដែលអ្នកនាំពាក្យក្រសួងបរិស្ថាន បានចោទប្រកាន់នោះទេ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអះអាងថា របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចរបស់កម្ពុជា និងមានចរិតបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជា ជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។
លោកអះអាងថា របាយការណ៍ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសាន២ នេះ គ្រាន់តែយុទ្ធនាការផ្សព្វផ្សាយបំភ្លៃ និងបំផ្លើសព័ត៌មានខុសពីការពិតអំពីកម្ពុជា និងដើម្បីធ្វើវិទ្ធង្សនាប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជា និងព្យាយាមបម្រើរបៀបវារៈនយោបាយពិតប្រាកដមួយប៉ុណ្ណោះ។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា គឺបន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍របស់ខ្លួនទាក់ទិននឹងការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ ថាបានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍សង្ខេបរបស់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រោមចំណងជើងថា ផលប៉ះពាល់សិទ្ធិមនុស្សពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយ នៅក្រោមផ្ទៃទឹកនៅកម្ពុជា គឺខ្វះតម្លាភាព មិនស្តាប់ពីកង្វល់របស់សហគមន៍ និងបាននាំមកនូវផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ។
របាយការណ៍ដដែលអះអាងថា មានក្រុមហ៊ុនធំៗជាច្រើនបានដាក់ភាគហ៊ុនក្នុងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ រួមមាន ក្រុមហ៊ុនផលិតអគ្គិសនីរបស់រដ្ឋាភិបាលចិន ដែលទទួលខុសត្រូវលើការកសាងទំនប់វារីអគ្គិសនីដែលមានឈ្មោះថា China Huaneng Group (CHNG) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Hydrolancang International Energy ដែលមានភាគហ៊ុន ៥១ភាគរយលើការសាងសង់នេះ។
ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត គឺក្រុមហ៊ុន Royal Group បានកាន់កាប់ភាគហ៊ុនចំនួន ៣៩% ហើយក្រុមហ៊ុននេះក៏មានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ដល់នយោបាយកម្ពុជាផងដែរ ដោយឡែកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម គឺក្រុមហ៊ុន Electricity of Vietnam (EVN) និងក្រុមហ៊ុន International Joint Stock Company (EVNI) បានកាន់កាប់ភាគហ៊ុនចំនួន ១០ភាគរយនៃទុនវិនិយោគទាំងអស់របស់គម្រោងនេះ ដែលមានទំហំទឹកប្រាក់ ៨០០លានដុល្លារអាមេរិក។
ប្រភពដដែលបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ បានបង្ខំឱ្យពលរដ្ឋជិត ៥០០០នាក់ផ្លាស់ទីលំនៅដែលពួកគេភាគច្រើនជាជនជាតិដើមភាគតិច រួមមានជនជាតិពូនង ព្រៅ គួយ ចារាយ គ្រឹង កាវែត និងជនជាតិកាចក់ ជាដើម ដែលបានរស់នៅតាមបណ្តោយដងទន្លេសេសានរាប់សិបជំនាន់មកហើយនោះ។
ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០៨ បានបង្ហាញថា ការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងបង្កផលជាអវិជ្ជមានទៅលើជីវភាពរបស់សហគមន៍នេសាទ ទាំងនៅខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម និងបង្កការខូចខាតរហូតដល់ដងទន្លេមេគង្គផងដែរ ជាពិសេសនឹងបង្កផលប៉ះពាល់ជាប្រយោលដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជា ៣០ម៉ឺននាក់ថែមទៀត។
ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ គឺបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមគម្រោងផ្លូវមួយ និងខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាំងពីឆ្នាំ២០១២ មក ដើម្បីជំរុញការអភិវឌ្ឍ និងធានាផលប្រយោជន៍គោលនយោបាយការបរទេសចិនទៅថ្ងៃអនាគត៕