ពលរដ្ឋខ្មែរអាមេរិកាំង បារម្ភចំពោះវាសនាជាតិខ្មែរទាក់ទងនឹងរឿងធ្វើសម្បទានដីសេដ្ឋកិច្ចរយៈពេលយូរអង្វែងឲ្យក្រុមហ៊ុនបរទេស ដែលយកអង្គភាពកងទ័ពរបស់គេមកការពារប្រយោជន៍សេដ្ឋកិច្ចគេលើទឹកដីខ្មែរ។
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានព្យាយាមបិទបាំងនឹងពលរដ្ឋខ្មែររាប់ទសវត្សអំពីសេចក្តីរាយការណ៍អំពីព័ត៌មានដែលថា រាជរដ្ឋាភិបាលបានធ្វើសម្បទានដីធ្លីឲ្យក្រុមហ៊ុនឯកជននៅក្នុងស្រុក និងពីក្រៅស្រុក ធ្វើអាជីវកម្មលើដីខ្មែរជាច្រើនម៉ឺនហិកតារសម្រាប់ថិរវេលាជាច្រើនទសវត្ស ហើយមិនត្រឹមតែមិនផ្តល់ផលប្រយោជន៍ដល់ជាតិសាសន៍ខ្មែរជាម្ចាស់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវភាពពលរដ្ឋតាមសហគមន៍ និងប៉ះពាល់ដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរទៀតផង ទាំងបច្ចុប្បន្នកាល ទាំងអនាគតកាល។
រីឯខាងភាគីដាក់ទុនពីយៀកណាម ដូចជាប្រធានបណ្ដុំក្រុមហ៊ុនកៅស៊ូយៀកណាម Vietnam Rubber Group (VRG) ត្រាន់ ង៉ុកធ័ន (Tran Ngoc Thuan) គេមិនលាក់លៀមអ្វីទេ គេរហូតដល់ហ៊ាននិយាយដាក់កាសែត ទួយត្រេ (Tuoi Tre) នៅខែមេសា ឆ្នាំ២០១២ ថាឲ្យរាជរដ្ឋាភិបាលពង្រីកផ្ទៃដីដាំកៅស៊ូឲ្យបានដល់ ១លានហិកតារថែមទៀតផង។ ក្នុងគេហទំព័របណ្ដុំក្រុមហ៊ុន VRG គេបានអួតអាងថា គេបានបង្កើតការងារឲ្យពលរដ្ឋក្នុងតំបន់ចម្ការកៅស៊ូរាប់ម៉ឺននាក់ បង្កើនចំណូលប្រចាំខែ លើកស្ទួយជីវភាពប្រជាពលរដ្ឋពី ២០០ ដល់ ៣៧៥ដុល្លារ សង់វត្ត សង់ផ្ទះឲ្យកម្មករ រៀបចំចងក្រងបណ្ដាញសង្គមកិច្ចដើម្បីជួយប្រជារាស្ត្រទៀតផង។
ទោះជារាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា មាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខអះអាងថា សម្បទានដីសេដ្ឋកិច្ចជាផែនការជាគោលការណ៍អភិវឌ្ឍជាតិឲ្យរីកចម្រើនជឿនលឿន បំបាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ ធាតុពិតគឺផ្ទុយពីការអះអាងនោះទាំងស្រុង។ ជនជាតិខ្មែរនៅបរទេសមើលឃើញ ហើយស្រាវជ្រាវឃើញថា ការអនុវត្តផែនការអភិវឌ្ឍន៍នៃគោលការណ៍សេដ្ឋកិច្ចជាតិ នឹងឈានទៅរកការបំផ្លាញជាតិទៅវិញ។ គេចោទសួរគ្នា បើរាជរដ្ឋាភិបាលខ្មែរមិនការពារប្រយោជន៍ឲ្យពលរដ្ឋរបស់ខ្លួន ហើយបើកដៃឲ្យក្រុមហ៊ុនតូចធំធ្វើអាជីវកម្មលើធនធានធម្មជាតិក្នុងទឹកដីខ្មែរឥតសំចៃដៃបែបនោះ តើប្រជាជាតិខ្មែរមានអ្វីនៅសេសសល់ទៀត ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំទៅមុខ? បើមានអ្វីសេសសល់ តើសម្បត្តិជាតិទាំងនោះស្ថិតក្នុងដៃខ្មែរ ឬក្នុងដៃបរទេស?
សារព័ត៌មាន The Cambodia Daily បានស្រាវជ្រាវផ្សព្វផ្សាយអំពីរឿងដីសម្បទានសេដ្ឋកិច្ចជាច្រើនភាគកន្លងទៅ ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាច្រើន ហើយស្នើឲ្យយើងឧស្សាហ៍ផ្សាយរឿងហ្នឹងឡើងវិញឲ្យខ្មែររស់នៅគ្រប់ទិសទីបានដឹង បានឮ។ ចំណាប់អារម្មណ៍លើផលវិបាក និងគ្រោះថ្នាក់ពីការធ្វើសម្បទានដីសេដ្ឋកិច្ចពី ៥០ឆ្នាំទៅ ៩០ឆ្នាំ បានជំរុញឲ្យអង្គការមូលនិធិគ្រឹះសម្ព័ន្ធខ្មែរ ក្រោមកិច្ចផ្តើមគំនិតរៀបចំដោយលោក ឆង ម៉ារិទ្ធ និងលោក វ៉ាន់ ស ដោយធ្វើកិច្ចសហការជាមួយអង្គការសមាគមខ្មែរមួយចំនួន មានសម្ព័ន្ធខ្មែរនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីកម្ពុជា ជាដើម ដែលមានបណ្ឌិត អ៊ាវ បូវបាង ជាអធិបតី ដើម្បីលើកយកធ្វើជាប្រធានបទមួយក្នុងសន្និសីទប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ហើយស្វែងរកវិធីសាស្ត្រការពារប្រយោជន៍ខ្មែរ។

សារព័ត៌មាន The Cambodia Daily បានផ្សាយកន្លងទៅអំពីឈ្មោះក្រុមហ៊ុនទទួលសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ឈ្មោះអ្នកគ្រប់គ្រង ទីតាំង ទំហំ រយៈកាលនៃកិច្ចសន្យាសម្បទាន ព្រមទាំងការរំលោភច្បាប់ជាតិ និងអន្តរជាតិ។ ដោយមានបំណងចងក្រងជាសៀវភៅសម្រាប់កូនខ្មែរជំនាន់ក្រោយ អង្គការមូលនិធិគ្រឹះសម្ព័ន្ធខ្មែរ ស្នើឲ្យរាយឈ្មោះក្រុមហ៊ុនជនជាតិពីប្រទេសយៀកណាម យើងមានឈ្មោះក្នុងដៃចំនួនជាង ៣០ ដែលធ្វើអាជីវកម្មលើទឹកដីខ្មែរតាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ចផ្ទាល់ និងតាមរយៈការចូលហ៊ុនពីក្រុមហ៊ុនក្នុងស្រុក ដែលខ្សែរយៈគ្រួសារបក្ខពួកឲ្យផលប្រយោជន៍ទៅវិញទៅមកជាមួយអ្នកដឹកនាំក្នុងរាជរដ្ឋាភិបាល។ យើងខ្ញុំមិនរាប់បញ្ចូលក្រុមហ៊ុនចិន ៥៤ កូរ៉េខាងត្បូង ៨ សិង្ហបុរី ១១ ម៉ាឡេស៊ី ១២ ថៃ ២ និងក្រុមហ៊ុនដទៃទៀតនោះទេ ព្រោះថាក្រុមហ៊ុនទាំងនេះគ្មានកងអង្គភាពយោធាស្លៀកឯកសណ្ឋានប្រដាប់អាវុធការពារដូចក្រុមហ៊ុនពីយៀកណាមនោះឡើយ។
តទៅនេះ យើងសូមរាយឈ្មោះក្រុមហ៊ុនពីយៀកណាម ចំនួន៣៦ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥៥ ដែលមានសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចទំហំលើសពី ១ពាន់ហិកតារដល់ ១ម៉ឺនហិកតារ គ្មានកំណត់ថិរវេលា និងមានថិរវេលាពី ៥០ឆ្នាំដល់ ៧០ឆ្នាំ រួមមាន៖
- ដុងភូ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង ថាញ់ហៃ ៥ពាន់ហិកតារនៅខេត្តក្រចេះ។
- ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ហ៊ុញ វ៉ាន់ទូ ដីជាង ២ពាន់ហិកតារនៅខេត្តក្រចេះ។
- ហ្វ៍ងអាញ់ អណ្តូងមាស នាយកឈ្មោះ ង្វៀង វ៉ាន់ធូ ៩ពាន់ហិកតារ នៅខេត្តរតនគិរី។
- ជូព្រុង ប៊ិញហ្វុក ចម្ការកៅស៊ូស្ទឹងត្រែង គ្មានឈ្មោះអ្នកគ្រប់គ្រង ជិត ៩ពាន់ហិកតារនៅខេត្តមណ្ឌលគិរី។
- ភួកហ័ អភិវឌ្ឍន៍ចម្ការកៅស៊ូ កំពង់ធំ គ្មានឈ្មោះនាយកគ្រប់គ្រង ជិត ៥ពាន់ហិកតារនៅកំពង់ធំ។
- បារៀ អភិវឌ្ឍន៍ចម្ការកៅស៊ូ កំពង់ធំ គ្មានឈ្មោះនាយកគ្រប់គ្រង គ្មានបង្ហាញទំហំដី តែជាផ្នែកនៃបណ្ដុំក្រុមហ៊ុនកៅស៊ូយៀកណាម (VRG) នៅខេត្តកំពង់ធំ។
- ជូព្រុង ខេ គ្មានឈ្មោះអ្នកគ្រប់គ្រង គ្មានបង្ហាញទំហំដី នៅខេត្តរតនគិរី។
- វៀតឡាវ ខេ គ្មានឈ្មោះអ្នកគ្រប់គ្រង គ្មានបង្ហាញទំហំដី នៅខេត្តក្រចេះ។
- ភីអិនធី (PNT) វិនិយោគកសិឧស្សាហកម្មកៅស៊ូ នាយកឈ្មោះ ផាន់ ហ៊ូណាម ជិត ៨ពាន់ហិកតារនៅព្រះវិហារ។
- ក្រុមហ៊ុន CRCK អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង ជិត ៧៣០០ហិកតារនៅខេត្តកំពង់ធំ។
- ក្រុមហ៊ុន CRCK Chu Se កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង ជិត ២ពាន់ហិកតារចន្លោះខេត្តកំពង់ធំ និងសៀមរាប។
- ក្រុមហ៊ុន Trach Niem Huu Han Dau Tu-Phat Trien Dai Nam កម្ពុជា នាយកឈ្មោះ ឡៅ ឌឹកឌុយ ជិត ៤៥០០ហិកតារ គ្មានបញ្ជាក់ថិរវេលានៅខេត្តក្រចេះ។
- ក្រុមហ៊ុន VKETI – Vietnam Kampuchea Economy, Trade & Industry គ្មានឈ្មោះអ្នកគ្រប់គ្រង ជាង ៥ពាន់ហិកតារ នៅស្នួល ខេត្តក្រចេះ។
- ក្រុមហ៊ុន សុវណ្ណ រាជសីហ៍ នាយកឈ្មោះ ង្វៀង ឌឹកមិញ ជិត ៧ពាន់ហិកតារ នៅក្រចេះ។
- ក្រុមហ៊ុន ហ្វ័ងអាញ់ អូរយ៉ាដាវ នាយកឈ្មោះ ម៉ាយ ឌិញហុង ៩ពាន់ហិកតារ នៅរតនគិរី។
- ក្រុមហ៊ុន ស៊ី អ ឌី (CRD) ដាំកៅស៊ូ នាយកឈ្មោះ ង្វៀង វ៉ាន់មិញ ជិត ៨ពាន់ហិកតារនៅរតនគិរី។
- ក្រុមហ៊ុន ប៉ាស៊ីហ្វិក ឡូធើស យ៉នស្តុក (Pacific-Lotus Joint Stocks) នាយកឈ្មោះ ង្វៀង ថាញ់សឺន ជាង ៩ពាន់ហិកតារ ដាំកៅស៊ូនៅមណ្ឌលគិរី។
- ក្រុមហ៊ុន សុវណ្ណ វុទ្ធី គ្មានឈ្មោះអ្នកគ្រប់គ្រង ៥ពាន់ហិកតារ ដាំកៅស៊ូ នៅក្រចេះ។
- ក្រុមហ៊ុន តៃនិញ ក្រចេះ ស៊ូហ្គើរ (Tay Ninh-Kratie Sugar) គ្មានឈ្មោះអ្នកគ្រប់គ្រង ជិត ៩ពាន់ហិកតារ នៅក្រចេះ។
- ក្រុមហ៊ុន ប៊ិញហ្វ៊ឿក ក្រចេះ រ៉បប៊ើរ១ (Binh Phuc-Kratie Rubber 1) នាយកឈ្មោះ ផាន់ ស៊ីប៊ិញ ជិត ៩ពាន់ហិកតារ នៅមណ្ឌលគិរី។
- ក្រុមហ៊ុន កៅស៊ូ Elev BM Joint Stocks នាយកឈ្មោះ ឡេ វ៉ាន់ធ័ន ជាង ៨ពាន់ហិកតារ ដាំកៅស៊ូនៅរតនគិរី។
- ក្រុមហ៊ុន ៣០/៤ Gialani នាយកឈ្មោះ ង្វៀង ស៊ីញ ជាង ៩ពាន់ហិកតារ កែច្នៃ ចិញ្ចឹមសត្វនៅរតនគិរី។
- ក្រុមហ៊ុន តាន់បៀន កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ដួង គ្វួកវៀត ជាង ៨ពាន់ហិកតារដាំកៅស៊ូ នៅកំពង់ធំ។
- ក្រុមហ៊ុន ដូទី សៃហ្គង ប៊ិញហ្វ៊ឿក (SBK) នាយកឈ្មោះ ដាង ថាញ់តាំ ជាង ៦ពាន់ហិកតារដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី នៅក្រចេះ។
- ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ជូប៉ាហ៍ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង ឌុយលិញ ជាង ៦ពាន់ហិកតារ ដាំកៅស៊ូ នៅកំពង់ធំ។
- ក្រុមហ៊ុន ស៊ី & វី ហ្រ្គុប នាយកឈ្មោះ លី ម៉ួយ ៧ពាន់ហិកតារ ដាំកៅស៊ូ នៅក្រចេះ។
- ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brothers) នាយកឈ្មោះ ង្វៀង ទ័នលិញ ជាង ២ពាន់ហិកតារដាំកៅស៊ូ នៅរតនគិរី។
- ក្រុមហ៊ុន ហ្វ័ងអាញ់ ម៉ាងយ៉ាង ខេ នាយកឈ្មោះ ឡេ ឌិញប៊ូ ជិត ៧ពាន់ហិកតារ ដាំកៅស៊ូនៅរតនគិរី។
- ក្រុមហ៊ុន ក្រុង បុក រតនគិរី អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង វ៉ាន់ថាញ់ ជិត ៧ពាន់ហិកតារ ដាំកៅស៊ូ នៅរតនគិរី។
- ក្រុមហ៊ុន មេហ្គារ ស្តារ អ៊ិនវេសមេន & ហ្វរេសស្រ្ទី ឌីវេឡុបមេន (Mega Star Investment & Forestry Development) នាយកឈ្មោះ ង្វៀង ទ្រុងគៀន ៨ពាន់ហិកតារ ដាំកៅស៊ូ នៅក្រចេះ។
- ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង ជាង ៤ពាន់ហិកតារ ដាំកៅស៊ូ នៅមណ្ឌលគិរី។
- ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង ហុង ភូ ជាង ៦ពាន់ហិកតារ ដាំកៅស៊ូ នៅក្រចេះ។
- ក្រុមហ៊ុន មេហ្គាស្តារ ប្រូឌ្យូស & អ៊ីមផត អ៊ិចផត (Mega Star Produce & Import, Export) នាយកឈ្មោះ ឡៃ ភូជៀន ៨ពាន់ហិកតារ ដាំកៅស៊ូ នៅក្រចេះ។
- ក្រុមហ៊ុន ហ៊ងអាញ លំផាត់ នាយកឈ្មោះ ង្វៀង វ៉ាន់ធូ ជាង ៩ពាន់ហិកតារ ដាំកៅស៊ូ នៅរតនគិរី។
- ក្រុមហ៊ុន តៃនិញ សៀមរាប អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង ជិត ៨ពាន់ហិកតារ ដាំកៅស៊ូ នៅឧត្តរមានជ័យ។
- ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ ខេមបូឌា (Eastern Rubber Cambodia) នាយកឈ្មោះ ហ្វ័ង ធីគួង ១ម៉ឺនហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ។
ក្រុមហ៊ុនឈ្មោះ វាសនា វិនិយោគ ពីមុនឈ្មោះ អាន ម៉ាឌី ក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី នៅឆ្នាំ២០១២ ផ្ទេរឈ្មោះឲ្យទៅក្រុមហ៊ុន ៧៥ រតនគិរី មានប្រធានក្រុមហ៊ុនជាមេបញ្ជាការកងអនុសេនាធំលេខ៧៥ ឈ្មោះ ដ វ៉ាន់សាង (Do Van Sang)។ អ្នកគ្រប់គ្រងក្រុមហ៊ុននេះមានឈ្មោះ ឡេ បាវហ័ន (Le Bao Hoan) និង ទ្រិញ ហាតាំ (Trinh Ha Tam)។ ក្រុមហ៊ុន វាសនា វិនិយោគ នៅឆ្នាំ២០០៦ គ្រប់គ្រងដោយឧកញ៉ា កុល វាសនា ជាប្រធាន រួមនឹងឈ្មោះ៖
- ហុង នីកូលីន
- ម៉ក់ គិមហុង
- ម៉ែន សុភ័គ
- នង វាសនា
- និង ទុយ រស្មី។
ក្រុមហ៊ុន រ៉ាម៉ាខ្មែរអន្តរជាតិ បើកឆ្នាំ១៩៩៦ មានសិទ្ធិកាន់កាប់ដីនៅស្រុកអណ្តូងមាស ខេត្តរតនគិរី មានឈ្មោះ ហេង ហៀប ជានាយក និងជនជាតិពីយៀកណាមឈ្មោះ ង្វៀង កាញ់គ្វាង (Nguyen Canh Quang) និង ផាំ វ៉ាន់យ៉ាង (Pham Van Giang)។ ក្រុមហ៊ុននេះដូរឈ្មោះជា អភិវឌ្ឍន៍កៅស៊ូ ៧២ រតនគិរី មានឈ្មោះ ផាំ វ៉ាន់យ៉ាង មេបញ្ជាការកងអនុសេនាធំលេខ៧២ ជានាយកគ្រប់គ្រង។
ក្រុមហ៊ុន ជា ចន្ទរិទ្ធ អភិវឌ្ឍន៍ បានទទួលដីសម្បទាននៅស្រុកតាវែង ឆ្នាំ២០០៧ ផ្ទេរឲ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូ ៧២ អូរយ៉ាដាវ គ្រប់គ្រងដោយឈ្មោះ ង្វៀង កាញ់គ្វាង និង ង្វៀង ភូសឺង អំឡុងឆ្នាំ២០១២-២០១៣។
ក្រុមហ៊ុន Dai Dong Duong Commercial Joint Stock Co. បានទទួលដីសម្បទាននៅស្រុកអូរយ៉ាដាវ ឆ្នាំ២០១០ គ្រប់គ្រងដោយឈ្មោះ ហ្វ័ង វ៉ាន់ស៊ី (Hoang Van Sy) ផ្ទេរការគ្រប់គ្រងក្នុងអំឡុងឆ្នាំ២០១២-២០១៣ ឲ្យឈ្មោះ ត្រាន់ គ្វាងហ៊ុង (Tran Quang Hung) មេបញ្ជាការកងអនុសេនាធំលេខ៧៤ ដោយដូរឈ្មោះជាក្រុមហ៊ុន អភិវឌ្ឍន៍កៅស៊ូ ៧៤ រតនគិរី។ ផ្ទៃដីទាក់ទងនឹងអង្គភាពនៃកងទ័ពប្រជាជនយៀកណាមកាន់កាប់មានទំហំប្រមាណ ៤ម៉ឺនហិកតារ។ មន្ត្រីធំៗរាជរដ្ឋាភិបាលដែលដឹងឮក្នុងដីសម្បទានច្បាស់ជាងគេ គឺឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដន្លងនឹងគ្នា។
ខណៈជនជាតិខ្មែរមួយចំនួនធំដែលយល់ដឹងច្បាស់អំពីផលវិបាក និងគ្រោះថ្នាក់ពីការធ្វើសម្បទានដីសេដ្ឋកិច្ចក្នុងស្រុកខ្មែរដោយរាជរដ្ឋាភិបាល ជនជាតិខ្មែរមួយចំនួនទៀតមិនថាក្នុងស្រុក ឬក្រៅស្រុក យល់ថាជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយឥតខ្វល់ខ្វាយអំពីសេចក្តីអន្តរាយផ្សេងៗមានវិនាសកម្មធនធានធម្មជាតិ ខាតបង់សេដ្ឋកិច្ចជាតិ បាត់សិទ្ធិជាម្ចាស់ទឹកដី សេរីភាពជាពលរដ្ឋម្ចាស់ប្រទេសអ្វីនោះឡើយ។
តាមសេចក្តីប្រកាសអន្តរជាតិនានាតាំងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ២០០៧ មាត្រាជាច្រើនចែងអំពីសិទ្ធិដីធ្លី និងសិទ្ធិមនុស្សប្រភេទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងសិទ្ធិជនជាតិដើមម្ចាស់ទឹកដី។ សិទ្ធិទាំងអស់នោះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជារំលោភសឹងតែរាល់ថ្ងៃនៅនឹងមុខៗពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ តាមរយៈការប្រើវិធីបង្ក្រាបបែបហិង្សាប្រដាប់អាវុធរហូតដល់បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសស្នាម។ ជនរងគ្រោះជូតទឹកភ្នែកហើយដេកឱបទុក្ខទាំងក្តីឈឺចាប់មិនដឹងថ្លែងប្រាប់នរណា។
ជនរងគ្រោះខ្មែរពីជម្លោះដីធ្លីមានចំនួនជិត ១លាននាក់ តាមពាក្យបណ្តឹងដាក់ចូលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ International Criminal Court (ICC) ដោយមេធាវី Richard Rogers។ ក្នុងឆ្នាំ២០០១ ពលរដ្ឋប្រទេសហ្ស៊ីមបាវ៉េ បីនាក់រងគ្រោះដោយរបបប្រធានាធិបតី Robert Mugabe ដាក់ពាក្យបណ្ដឹងក្នុងតុលាការអាមេរិកាំង ចោទអំពីការធ្វើទារុណកម្ម និងឃាតកម្ម។ តុលាការអាមេរិកាំងនៅក្រុងញីវយ៉ក កាត់សេចក្តីឲ្យជនរងគ្រោះឈ្នះ។ ចៅក្រមបញ្ជាឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ខ្ទប់ជំនួយសហរដ្ឋអាមេរិកដល់ប្រទេសហ្ស៊ីមបាវ៉េ ចំនួន ៦៣លានដុល្លារ ព្រមទាំងស្វែងរកសម្បត្តិទ្រព្យប្រធានាធិបតី Mugabe នៅស្វីស និងប្រទេសដទៃ។
រឿងត្រូវជួយស្រោចស្រង់ជាតិមាតុភូមិជារឿងរបស់ខ្មែរ ដែលខ្មែរផ្ទាល់ជាអ្នកផ្តើម មិនមែនបរទេសទេ។ តើសហគមន៍ខ្មែរអាមេរិកាំង នឹងធ្វើយ៉ាងណាទៀតនោះជាការសម្រេចចិត្តរបស់មនុស្សម្នាក់ៗរៀងៗខ្លួន។ ជាមួយគ្នានេះ ខ្មែរត្រូវផ្តើមពីការយល់ដឹងត្រូវ គិតត្រូវ និងធ្វើត្រូវ៕