មន្ត្រីសង្គមស៊ីវិលខាងឃ្លាំមើលសិទ្ធិពលរដ្ឋនៅកម្ពុជា ព្រមានថា ការចាប់សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរខ្មែរ ត្រូវពលរដ្ឋមើលឃើញយ៉ាងច្បាស់ថា គឺជារឿងអយុត្តិធម៌ បើទោះបីជាអាជ្ញាធរកម្ពុជាព្យាយាមបិទបាំង និងបកស្រាយបំភ្លៃការពិតយ៉ាងណាក៏ដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិល និងសមាគមជាច្រើននៅកម្ពុជាបន្តអំពាវនាវបន្តទៀតឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាន និងសកម្មជនដទៃទៀតនៅដើមសប្តាហ៍នេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ថា ការធ្វើយុទ្ធនាការឲ្យមានការដោះលែងអ្នកទោសមនសិការទាំងនោះ គឺជារឿងត្រឹមត្រូវ និងជារឿងដែលគួរតែធ្វើ ព្រោះថាសកម្មជនទាំងនោះធ្វើសកម្មភាពកន្លងមកស្របទៅនឹងសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ មិនបានបង្កចលាចលដល់សន្តិសុខសង្គមឲ្យមានភាពវឹកវរនោះទេ។
លោកអះអាងថា ការចាប់សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សទាំងនោះបានបង្ហាញឲ្យឃើញពីការអនុវត្តច្បាប់បញ្ច្រាសពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របស់អាជ្ញាធរខ្មែរ ខណៈរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់កិច្ចព្រមព្រៀងនេះតាំងពីឆ្នាំ១៩៩១ មក។
លោក មឿន តុលា បញ្ជាក់ថា ដោយសារតែការអនុវត្តច្បាប់ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាច្រើនលើកច្រើនសាបែបនេះហើយ ទើបប្រទេសដែលជាម្ចាស់ហត្ថលេខីដូចជាសហរដ្ឋអាមេរិក ជាដើម ចេះតែដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា គឺក្នុងបំណងជំរុញឲ្យមានការគោរពនូវរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងនេះ ដើម្បីធានាបាននូវសិទ្ធិពលរដ្ឋដោយគ្មានការរំលោភបំពានប៉ុណ្ណោះ។

អង្គការសង្គមស៊ីវិល និងសហគមន៍ជាច្រើនដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានធ្វើយុទ្ធនាការជាលើកទីពីរនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ជាពិសេសប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញឡើងវិញ។
អង្គការសមាគមដែលបាននាំគ្នាធ្វើយុទ្ធនាការស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនដើម្បីសង្គមទាំងនោះ រួមមានអង្គការតម្លាភាពកម្ពុជា សមាគមបណ្ដាញយុវជនកម្ពុជា និងសមាគមសម្ព័ន្ធសហគមន៍ស្រូវអង្ករកម្ពុជា ជាដើម ស្របពេលដែលអ្នកទោសមនសិការទាំងអស់នោះត្រូវតុលាការកម្ពុជាឃុំខ្លួនតាំងពីអំឡុងឆ្នាំ២០២០ ក្រោមបទចោទ «ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានតវ៉ាទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋរងគ្រោះនៅពេលនោះ។




កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលទាំងនេះបានអះអាងថា យុទ្ធនាការស្នើសុំឲ្យដោះលែងសកម្មជនដើម្បីសង្គមទាំងនោះ នឹងធ្វើរហូតមុននឹងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២១ បានមកដល់ ស្របពេលដែលតុលាការបានសម្រេចថានឹងបើកសវនាការរបស់ពួកគេនៅចុងខែសីហា ឆ្នាំ២០២១ នេះ។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន ធ្លាប់បានរិះគន់ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៤៥ កាលពីចុងឆ្នាំ២០២០ ថា ការចោទប្រកាន់របស់អាជ្ញាធរកម្ពុជាលើសកម្មជនសិទ្ធិមនុស្សទាំងនោះ គឺជាការប្រើប្រាស់បទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវ ដើម្បីតែការពាររដ្ឋាភិបាល ជាជាងការធានាសិទ្ធិបញ្ចេញមតិដោយសន្តិវិធីរបស់ពលរដ្ឋ៕