សាលាឧទ្ធរណ៍បានបដិសេធបណ្តឹងឧទ្ធរណ៍ថ្នាក់ដឹកនាំសហជីព សកម្មជនសង្គម និងសកម្មជនបក្សជំទាស់ចំនួន ៣នាក់ ហើយសម្រេចឲ្យពួកគេជាប់ពន្ធនាគារតាមសាលដីកាសាលាដំបូងបន្តទៀត។
សាលាឧទ្ធរណ៍ក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង ៣ ផ្សេងគ្នា គឺសំណុំរឿងសកម្មជនបក្សជំទាស់ លោក ជិន ប៊ុណ្ណារ័ត្ន សំណុំរឿងថ្នាក់ដឹកនាំសហជីព លោក ម៉ម រិទ្ធី និងសំណុំរឿងសកម្មជនសង្គម លោក នី ណាក់។
បន្ទាប់ពីដំណើរការសវនាការមួយព្រឹក សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញឱ្យនៅបានការដដែល គឺឱ្យអ្នកទាំងបីនាក់ជាប់ឃុំក្នុងពន្ធនាគារបន្តទៀត។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី (CTSWF) ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសកាលពីខែឧសភា ឆ្នាំ២០២៤ ដោយកំបាំងមុខ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងពីបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ហើយតុលាការក៏បានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ចំណែកសកម្មជនសង្គម លោក នី ណាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយ ជុំវិញការផ្តល់ដីទំហំ ៩១ហិកតាពីរាជរដ្ឋាភិបាលទៅឱ្យលោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្ន។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ជាសាធារណៈ រួមទាំងបទមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិមកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
លោក នី ណាក់ ត្រូវបានសាលាដំបូងសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៣លានរៀល (ប្រហែល ៧៥០ដុល្លារ) ទៅឱ្យតុលាការ និងបង់សងសំណងការខូចខាតទៅដើមបណ្ដឹងដែលជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ចំនួន ២០០លានរៀល (ប្រហែល ៥០០០០ដុល្លារ) ផងដែរ។
ចំណែកអគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលត្រូវបានចោទប្រកាន់ជុំវិញការបញ្ចេញមតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។
សាលាដំបូងបានសម្រេចចោទប្រកាន់សមាជិកបក្សក្រៅរដ្ឋាភិបាលរូបនេះពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ បន្ទាប់ពីត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
យ៉ាងណាក៏ដោយ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន គំរាមថា អ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយរស់នៅក្រៅស្រុកអាចរួចខ្លួន ប៉ុន្តែសម្រាប់អ្នករស់នៅក្នុងស្រុកវិញ គឺត្រូវតែចាប់ដាក់គុកទាំងអស់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

