ពលរដ្ឋរស់នៅឃុំអណ្ដូងទឹក ចោទអាជ្ញាធរឃុំអណ្ដូងទឹក និងអាជ្ញាធរស្រុកបុទុមសាគរ ព្រមទាំងមន្ត្រីបរិស្ថានមួយចំនួន ថាបានជួលមនុស្សឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃកោងកាង និងព្រៃលិចទឹករបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិលក់បន្តទៅឲ្យឈ្មោះ យ៉ុង ទៀង ជាថៅកែរកស៊ីរត់ពន្ធប្រេងដ៏ល្បីប្រចាំឃុំថ្មស។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ឈ្មោះ នក រ៉ែម ដែលជាសមាជិកក្រុមប្រឹក្សាឃុំអណ្ដូងទឹក មានមន្ត្រីយោធា មន្ត្រីនគរបាល និងមន្ត្រីបរិស្ថានស្រុកបុទុមសាគរ ជាអ្នកនៅពីក្រោយសកម្មភាពកាប់ព្រៃកោងកាងរានយកដីជាង ១០ហិកតារនៅក្នុងតំបន់សហគមន៍មានទីតាំងជាប់មាត់ព្រែកតាអុក ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រុមប្រជាពលរដ្ឋបានស្នើដល់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ទប់ស្កាត់បទល្មើសនេះឲ្យមានប្រសិទ្ធភាព។
លោក នក រ៉ែម ដែលជាសមាជិកក្រុមប្រឹក្សាឃុំអណ្ដូងទឹក ត្រូវបានគេហទំព័រក្នុងស្រុកដកស្រង់សម្ដីមកចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ថា ទីតាំងដីព្រៃដែលរូបលោកជួលមនុស្សកាប់រាននោះ គឺជាដីរបស់លោកកាន់កាប់យូរឆ្នាំមកហើយ។ លោកថា កន្លងមកនេះរូបលោកបានលក់ដីខាងលើនេះទៅឲ្យឈ្មោះ យ៉ុង ទៀង ថៅកែរកស៊ីប្រេងនៅឃុំថ្មស ជាអ្នកកាន់កាប់ជំនួសវិញ។
ចំណែកលោក យ៉ុង ទៀង ឈ្មួញរកស៊ីប្រេងនៅឃុំថ្មស បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា រូបលោកមិនជាប់ពាក់ព័ន្ធសកម្មភាពជួលមនុស្សឲ្យចូលទៅកាប់រានដីព្រៃកោងកាងនៅមូលដ្ឋានឃុំអណ្ដូងទឹក ជាមួយលោក នក រ៉ែម នោះទេ។

ប្រភពពីមន្ត្រីបម្រើការងារនៅសាលាស្រុកបុទុមសាគរ ស្នើមិនបញ្ចេញឈ្មោះម្នាក់ បានរៀបរាប់ឈ្មោះអ្នកដែលចូលទៅទន្ទ្រានដីព្រៃនោះរួមមាន លោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងទឹក លោក យ៉ុង ទៀង ថៅកែរកស៊ីរត់ពន្ធប្រេងនៅឃុំថ្មស លោក ទិ សារឿន មានតួនាទីជាមន្ត្រីនគរបាល លោក តុង ហាប់ ជាមន្ត្រីយោធា ហើយមន្ត្រីបរិស្ថានស្រុកបុទុមសាគរ ក៏ជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ។
ប្រភពដដែលបញ្ជាក់ថា មន្ត្រីប៉ុន្មាននាក់ខាងលើនេះតែងមកជួបជុំគ្នាបង្កើតកម្មវិធីផឹកស៊ីជាញឹកញាប់នៅទីតាំងក្រោមស្ពានព្រែកតាអុក និងនៅផ្ទះលោក នក រ៉ែម ដើម្បីពិភាក្សារឿងដីធ្លី និងបញ្ហាផ្សេងៗដែលអាចរកលុយចែកគ្នាចាយពីការលក់ព្រៃលិចទឹកនៅក្នុងមូលដ្ឋានឃុំអណ្ដូងទឹក។
ទោះជាបែបណាក្តី ពលរដ្ឋឃុំអណ្ដូងទឹក សំណូមពរដល់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បញ្ជូនមន្ត្រីស្អាតស្អំឲ្យចុះពិនិត្យបទល្មើសកាប់រានដីព្រៃកោងកាង ឬព្រៃលិចទឹកឲ្យបានឆាប់ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏ត្រូវកោះហៅលោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងទឹក និងអ្នកជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋដោយខុសច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ និងអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករបស់រដ្ឋនៅមូលដ្ឋានឃុំអណ្ដូងទឹក បានទេនៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕