ពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចោទអាជ្ញាធរភូមិឃុំ និងស្រុកនេះថាបានឃុបឃិតជាមួយឈ្មួញដី ឬឧកញ៉ាមានទ្រព្យលួចបន្លំធ្វើឯកសារលួចលក់ដីព្រៃលិចទឹកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងជាជម្រកត្រីពងកូនទៅឲ្យឈ្មួញដោយស្ងាត់ៗ ដោយប្រជាពលរដ្ឋមិនបានដឹងឮនោះទេ។
ក្រុមប្រជាពលរដ្ឋអះអាងថា រាល់ថ្ងៃនេះឈ្មួញដីឈ្មោះ ចេស ហៀប និងលោក នេត នឿន មេឃុំរកា បានឃុបឃិតក្លែងឯកសារដោយខុសច្បាប់ដើម្បីចូលទៅទន្ទ្រានកាន់កាប់បរិវេណដីប្រភពទឹក និងជាជម្រកត្រីពងកូនដែលពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំរកា ស្រុកពារាំង ធ្លាប់រស់អាស្រ័យផលជារៀងរាល់ឆ្នាំនោះ។
ក្រុមអ្នកស្រុកបានសំណូមពរដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ជួយអន្តរាគមន៍ និងមានវិធានការច្បាប់ទៅលើឈ្មួញដីឈ្មោះ ចេស ហៀប និងលោក នេត នឿន មេឃុំរកា ដែលបានឃុបឃិតក្លែងឯកសារប៉ុនប៉ងរំលោភយកដីសាធារណៈរបស់រដ្ឋទាំងនេះ។

ពលរដ្ឋសង្ស័យថា ករណីឃុបឃិតក្លែងឯកសារលក់ដីសាធារណៈរបស់រដ្ឋ ផ្តើមដោយមេឃុំរកា និងអាជ្ញាធរស្ថាប័នជំនាញពាក់ព័ន្ធនៅស្រុកពារាំង ទំនងជាមន្ត្រីមួយចំនួននោះទទួលសំណូកពុករលួយពីឈ្មួញដីឈ្មោះ ចេស ហៀប ផងដែរ ទើបមិនខ្វល់ពីការបាត់បង់ប្រភពទឹកក្នុងមូលដ្ឋានឃុំរកា នេះ ហើយទុកឲ្យឈ្មួញធ្វើសកម្មភាពតាមអំពើចិត្ត។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក នេត នឿន មេឃុំរកា និងលោក ចេស ហៀប ដែលពលរដ្ឋចោទថាជាឈ្មួញរំលោភដីរដ្ឋ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេនៅថ្ងៃទី២០ ខែសីហា។ ចំណែកឯលោក ហ៊ី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយដែរ។
ពលរដ្ឋចំនួនពីរភូមិនៅឃុំរកា ក៏បានសំណូមពរដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ថែរក្សាព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាប្រភពទឹកឲ្យបានគង់វង្ស និងរក្សាឲ្យនៅសភាពដើមវិញ៕