28 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាកចេញ​របស់​លោក ស ខេង ទៅ​បារាំង ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង ក្នុង​ពេល​នេះ ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ក្នុង​បំណង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ថា ការតែងតាំង​លោក ឌី វិជ្ជា កូនប្រសា​របស់​លោក ហ៊ុន សែន ដែល​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន ម៉ាណា ឲ្យ​ដឹកនាំ​ក្រុម​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស គឺជា​ការរំលោភ​អំណាច​របស់​លោក ស ខេង យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឋានៈ​លោក ឌី វិជ្ជា ត្រឹមតែ​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ​នោះ។

លោក​អះអាង​ថា ចំណុច​សំខាន់​នៃ​ការតែងតាំង​នេះ គឺ​លោក ឌី វិជ្ជា មាន​អំណាច​ប្រើ​កងកម្លាំង​នគរបាល​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​របស់​លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ​ទេ ដូច្នេះ​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ចំពោះ​លោក ស ខេង ទើប​បណ្តាល​ឲ្យ​លោក​ចេញ​ទៅ​ក្រៅ​ស្រុក ដើម្បី​បន្ធូរ​ភាព​ស្មុគស្មាញ​ក្នុង​ផ្លូវចិត្ត​ផង និង​ដើម្បី​ចៀសវាង​ជម្លោះ​នៅ​ផ្ទៃក្នុង​គណបក្ស​រវាង​ក្រុម​លោក ស ខេង និង​លោក ហ៊ុន សែន ផង​ដែរ។

លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ​បាន​ផ្តល់​អំណាច​ដល់​លោក ឌី វិជ្ជា ឲ្យ​ដឹកនាំ​ក្រុម​ការងារ​ចំនួន ១៦​រូប ដែល​មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​ផែនការ​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទូទាំង​ប្រទេស ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការតែងតាំង​នេះ គឺជា​ការ​ទប់ស្កាត់​មួយ​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ផ្សេង​ទៅ​ស៊ើប​អង្កេត​ការ​រំលោភ​ដីធ្លី​ក្រៅពី​សាច់ញាតិ ឬ​បក្ខពួក​របស់​លោក ហ៊ុន សែន និង​ជា​ការ​បន្ថយ​អំណាច និង​ឥទ្ធិពល​របស់​លោក ស ខេង ទៅលើ​កម្លាំង​សន្តិសុខ​ជាតិ​ផង​ដែរ។

ទោះ​យ៉ាងណា ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​រយៈពេល ២​សប្ដាហ៍​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ និង​អ្នក​តាមដាន​សង្គម​លើកឡើង​ថា ទំនង​អាច​នឹង​មាន​ជំនួប​ក្រៅ​ផ្លូវការ​ណាមួយ​រវាង​លោក ស ខេង និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ដែរ។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ថា​នឹង​អាច​មាន​ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក ស ខេង និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​បារាំង ក្នុង​ពេល​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​លើកឡើង​នោះ គឺជា​រឿង​មិន​ពិត ព្រោះ​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ គឺជា​ធុរៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិន​មាន​កម្មវិធី​ផ្សេង​នោះ​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ការ​ធ្វើ​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​កាន់​ប្រទេស​បារាំង ក្នុង​ស្ថានភាព Covid-19 នេះ ប្រហែល​ជា​មាន​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ជាជាង​រឿង​ឯកជន ព្រោះថា​ក្នុង​ស្ថានភាព​ប្រទេស​កំពុង​ប្រឈម​នឹង​វិបត្តិ Covid-19 នេះ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន គឺ​ជា​ហេតុផល​មិន​ទំនង​នោះ​ទេ។

លោក​អះអាង​ថា ការ​ចាកចេញ​នេះ​ប្រហែល​ជា​អាច​នឹង​មាន​ការ​ចរចា​ណាមួយ​រវាង​បក្ស​ប្រឆាំង ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម​សម្រាប់​កម្ពុជា ព្រោះថា​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ក្នុង​គោលបំណង​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​គេ​មើលឃើញ​ថា ការ​រឹតត្បិត​សេរីភាព​នៅ​កម្ពុជា​បាន​កើតឡើង​ជាបន្តបន្ទាប់​មក​នេះ។

បណ្ឌិត សេង សារី បញ្ជាក់​ថា ប្រសិនបើ​ដំណើរ​ទស្សនកិច្ច​នេះ​នាំ​ឲ្យ​មាន​ការចរចា​នយោបាយ​ណាមួយ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នោះ​គឺជា​រឿង​ល្អ​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា​ដែល​គួរតែ​អបអរ​សាទរ។

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា វត្តមាន​របស់​លោក ស ខេង នៅ​ប្រទេស​បារាំង គ្មាន​ហេតុផល​ណាមួយ​ដើម្បី​ជួប​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ជាពិសេស​ភាគី​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​លោក ស ខេង អាច​ស្វែងរក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប EBA ២០% នោះ​មក​វិញ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា លោក ស ខេង ធ្លាប់​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​លោក សម រង្ស៊ី កាលពី​អំឡុង​ឆ្នាំ​២០១៩ ថា​រូប​លោក និង​កូនប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា កំពុង​រៀបចំ​គម្រោង​ដើម្បី​កម្ចាត់​ក្រុម​លោក ហ៊ុន សែន ដើម្បី​សងសឹក​ឲ្យ​ឪពុក​របស់​លោក គឺ​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​កាលពី​ឆ្នាំ​២០០៨ ហើយ​ដែល​មាន​ការ​សង្ស័យ​ថា លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឲ្យ​មាន​រៀបចំ​បំផ្ទុះ​គ្រាប់បែក។

ក្រោយមក លោក ស ខេង បាន​សម្រេច​ប្តឹង​លោក សម រង្ស៊ី ដោយ​អះអាង​ថា ដើម្បី​ឱ្យ​អ្នក​នយោបាយ​មាន​ក្រម​សីលធម៌ និង​បញ្ចៀស​ពី​ការ​ចោទ​ប្រកាន់ លាប​ពណ៌ ដែល​នាំ​ឱ្យ​ខ្មែរ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ បាន​សម្រេច​កាត់ទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ ក្នុង​នោះ​មាន ២​ឆ្នាំ​លើ​ករណី​បំភ្លៃ​ព័ត៌មាន​ជុំវិញ​មរណភាព​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី និង ២​ឆ្នាំ​ទៀត​លើ​ករណី​ញុះញង់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​សង​បំណុល​ធនាគារ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស