30 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​លុបចោល​មាត្រា​៤៩៤ និង​៤៩៥​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា លុបចោល​មាត្រា​៤៩៤ និង ៤៩៥ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ ព្រោះថា​មាត្រា​នៃ​ច្បាប់​នេះ​គឺ​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ផ្ទុយពី​កតិកាសញ្ញា​អន្តរជាតិ​ផង​ដែរ។

ការ​ទាមទារ​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចោទ​សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ ដោយ​ប្រើ​មាត្រា​ដែល​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​នេះ​រហូត​មក។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​មាត្រា​៤៩៤ និង ៤៩៥ គឺ​ក្នុង​ចេតនា​ដើម្បី​បំបិទ​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង​ដែល​ជា​ច្បាប់​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​អះអាង​ថា រាល់​ការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សង្គម ឬ​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ណាមួយ គួរតែ​ភ្ជាប់​នូវ​ការ​ទាមទារ​ឱ្យ​លុបចោល​មាត្រា​៤៩៤ និង ៤៩៥ ដែល​ផ្ទុយពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នេះ​ផង​ដែរ ព្រោះថា​បើ​មិន​ទាមទារ​ឱ្យ​លុបចោល​មាត្រា​ទាំង​ពីរ​នេះ​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​ប្រើ​ច្បាប់​នេះ​ដើម្បី​ចាប់​សកម្មជន​នានា​បន្ត​ទៀត​ជាមិនខាន។

លោក ទូច វិបុល បញ្ជាក់​ថា មាត្រា​៤៩៤ និង ៤៩៥ នេះ មិន​ត្រឹមតែ​ផ្ទុយពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នោះ​ថែមទៀត។

រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូក​៣ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាត្រា​៣១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ករណីយកិច្ច​ដូចៗ​គ្នា​ទាំងអស់​ដែល​កម្ពុជា​ទទួលស្គាល់ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់។

រីឯ​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ចំណែក​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ បាន​ចែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែបយ៉ាង ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់​មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី។

ដោយឡែក​ច្បាប់​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី​៣ ស្ដីពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ ចែង​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្ដន្ទាទោស កាល​បើ​អំពើ​ទាំងឡាយ​ត្រូវ​បាន​ប្រព្រឹត្ត ដូចជា​ការ​ប្រើ​សម្ដី​គ្រប់​ប្រភេទ​ប្រកាស​នៅ​ក្នុង​កន្លែង​សាធារណៈ ឬ​នៅ​ពេល​ប្រជុំ​ជា​សាធារណៈ បន្ថែម​ពី​នេះ ការ​ប្រើ​សំណេរ និង​គំនូរ​គ្រប់​ប្រភេទ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ចំណោម​សាធារណជន​ជាដើម។

ក្រុម​អ្នក​សង្កេតការណ៍ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​ជាង ៥០​នាក់​ហើយ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយ​ប្រើ​មាត្រា​៤៩៤ និង ៤៩៥ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​នេះ​តែម្តង។

ពួកគេ​រិះគន់​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​កន្លងមក​នេះ គឺ​ខុស​នឹង​នីតិវិធី​ច្បាប់ ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ ព្រោះថា​ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ គឺ​ធ្វើឡើង​ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដោយ​ប្រើ​ច្បាប់​មិន​ត្រឹមត្រូវ​នេះ ដើម្បី​បិទបាំង​តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​​​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស