គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រតិកម្មថា ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជារបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើននៅពេលនេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានការទទួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូចតែប៉ុណ្ណោះ។
ការប្រតិកម្មពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺបន្ទាប់ពីអង្គការសមាគមជាង ៦០ស្ថាប័ន បានសម្ដែងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សកាន់តែខ្លាំងចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមជាបន្តបន្ទាប់។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា ការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិមួយចំនួនពាក់ព័ន្ធនឹងឯករាជភាពរបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានអានសេចក្ដីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនោះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្ដីព្រាងដំបូងនៃច្បាប់នោះ។
លោក ជិន ម៉ាលីន អះអាងថា សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវិលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រ និងជាសម្ពន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលស័ក្ដិសមក្នុងការបង្កើតស្ថាប័ននេះ។ លោកថា បំណងបែបនេះគឺបង្ហាញឱ្យឃើញអំពីរបៀបវារៈ និងសកម្មភាពនយោបាយរបស់ពួកគេដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលនៅកម្ពុជាសព្វថ្ងៃនេះ។
ក្រុមអង្គការសង្គមស៊ីវិលជាង ៦០ស្ថាប័ន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបង្ហាញពីកង្វល់ចំពោះបំណងរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិ ខណៈស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមនឹងមានការរឹតត្បិតជាបន្តបន្ទាប់នៅឡើយ។ ពួកគេទាមទារឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិអាទិភាពលើការស្ដារសិទ្ធិមនុស្សជាមុនសិន មុនពេលបង្កើតស្ថាប័ននេះឡើង ដើម្បីធានានូវការលើកកម្ពស់សិទ្ធិមនុស្ស ជាជាងការបង្កើតឡើងដើម្បីគ្រាន់តែបំពេញទៅតាមការអះអាងផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកន្លងមក។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២៥ ខែសីហា ថា សង្គមស៊ីវិលពិតជាចង់ឲ្យមានមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះណាស់ ប៉ុន្តែមជ្ឈមណ្ឌលនេះត្រូវតែមានឯករាជភាពដោយខ្លួនឯង មិនចំណុះឲ្យស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋសភានោះឡើយ។

លោកអះអាងថា ការព្រួយបារម្ភរបស់សង្គមស៊ីវិលនៅពេលនេះ គឺដោយសារតែរដ្ឋសភាដែលជាអង្គនីតិប្បញ្ញត្តិសម្រាប់អនុម័តច្បាប់សព្វថ្ងៃនេះ គឺដឹកនាំដោយគណបក្សតែមួយ ហើយតាមបទពិសោធន៍កន្លងមក ច្បាប់ណាដែលរដ្ឋាភិបាលពេញចិត្តចង់ឲ្យអនុម័តដើម្បីអនុវត្ត ទោះច្រើនមាត្រាប៉ុនណា ក៏រដ្ឋសភាអាចអនុម័តយល់ព្រមត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
លោកបន្តថា ច្បាប់ណាដែលមេដឹកនាំបក្សកាន់អំណាចមិនពេញចិត្ត ទោះមានប្រយោជន៍សម្រាប់ជាតិប៉ុនណា ក៏អនុម័តមិនចេញដែរ។
លោក មឿន តុលា បញ្ជាក់ថា ប្រសិនបើមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះត្រូវបានបង្កើតឡើងក្នុងបរិបទពហុបក្សនៅក្នុងរដ្ឋសភា ដែលអាចធានាការអនុម័តច្បាប់ដោយត្រឹមត្រូវ នោះសេចក្ដីព្រាងនៃច្បាប់បង្កើតមជ្ឈមណ្ឌលនេះ នឹងអាចធានាបាននូវភាពឯករាជ និងអាចឃ្លាំមើលការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋដោយគ្មានការគំរាមកំហែងដូចសព្វថ្ងៃនេះ។
គម្រោងនៃការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សដោយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៧ ត្រូវបានប្រគល់សិទ្ធិសម្រេចឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាអ្នកដឹកនាំ និងរៀបចំនៅឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងសិក្សាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះផងដែរ។
បញ្ហានេះ ត្រូវសង្គមស៊ីវិលរិះគន់ថា ពួកគេមិនអាចផ្តល់យោបល់បានលើសេចក្ដីព្រាងនៃច្បាប់នេះទេ ព្រោះសង្គមស៊ីវិលស្ថិតក្នុងបរិបទនយោបាយដែលពោរពេញដោយការគំរាមកំហែង និងការរឹតត្បិតសេរីភាពបញ្ចេញមតិ៕