ការតាមដានមួយបានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា ប្រើបណ្ដាញយុវជនឲ្យធ្វើសកម្មភាពរើសយកមនុស្សក្នុងសហគមន៍ខ្មែរឯបរទេសចូលជាសមាជិកបក្សកាន់អំណាច ដែលជាអតីតបក្សកុម្មុយនីស្តនៅកម្ពុជា។
អ្នកសង្កេតការណ៍មានមន្ទិលសង្ស័យថា តើពួកគេរៀបចំបណ្ដាញទាំងនេះមានបំណងអ្វី ហើយពួកគេបង្កើតបណ្ដាញនៅបរទេសដោយរបៀបណា ហើយអ្នកណាជាមេខ្លោងក្នុងរឿងនេះ?
គណបក្សប្រជាជនកម្ពុជា ហៅកាត់តាមអង់គ្លេសថា CPP តាមបារាំងថា PPC បានប្រឹងប្រែងធ្វើសកម្មភាពរើសមនុស្សភាគច្រើនបំផុតជាពលរដ្ឋខ្មែរ សមាជិកតាមសហគមន៍ខ្មែរនៅបរទេសពីតំបន់អាស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ដល់អឺរ៉ុប និងអាមេរិកខាងជើង ឲ្យចូលជាអ្នកគាំទ្រ និងសមាជិកបក្ស។ សកម្មភាពប្រមូលមនុស្សគ្រប់ទិសទីចូលបក្សប្រជាជនកម្ពុជា ផ្តើមសន្ទុះនៅឆ្នាំ២០១៥ ចេញពីគោលការណ៍បក្សដាក់ឲ្យក្រុមការងារយុវជនបក្ស ដោយប្រើពាក្យស្លោកលើបដាមានរូបមេបក្ស ហ៊ុន សែន និង ហេង សំរិន សរសេរថា «មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតមកដល់ថ្ងៃនេះ»។

បដាពាក្យស្លោកនេះ គេច្រើនលើកនៅថ្ងៃប្រារព្ធទិវាខួប ៧ មករា ថ្ងៃខួបកំណើតបក្ស ២៨ មិថុនា តាមទីកន្លែងរៀបចំពិធីជប់លៀង អបអរសាទរ និងស្វាគមន៍តំណាងបក្ស និងរាជរដ្ឋាភិបាលពីប្រទេសកម្ពុជា ដែលចូលរួមកម្មវិធីតាមសហគមន៍ខ្មែរឯបរទេស។
សកម្មភាពវាយពុះជ្រែក លុកលុយ ទាក់ អូស ទាញពលរដ្ឋខ្មែរតាមសហគមន៍នៅបរទេស គេប្រើស្ថានទូតជាទីតាំងចម្បង ដោយផ្តើមស្ទាបស្ទង់សមាជិកសហគមន៍ខ្មែរតាមតំបន់ ទីអារាម អាជីវកម្ម រកមនុស្សអ្នកមានសមានចិត្តនឹងបក្សប្រជាជនកម្ពុជា អ្នកប្រកាន់ជំហរអព្យាក្រឹត្យ ប្រកាសខ្លួនថាមិនកាន់ខាងណាៗនោះ ជាមួយនឹងការបង្ហាញនូវផលប្រយោជន៍ដែលនឹងទទួលបាន បើសិនជាចូលជាមួយបក្សក្តាប់អំណាចនេះ។ មុននឹងរាយការណ៍អំពីសកម្មភាពយុវវ័យពីបក្សប្រជាជនកម្ពុជា យើងសូមពិនិត្យមើលសកម្មភាពរបស់រាជរដ្ឋាភិបាលដែលប្រើធនធានរដ្ឋ ជួលក្រុមជំនួយការងារបញ្ចុះបញ្ចូលអ្នកធ្វើច្បាប់អាមេរិកាំង អង់គ្លេស ហៅថា lobbying firms ឲ្យជួយពន្យល់សមាជិកសភាអាមេរិកាំង កុំឲ្យធ្វើច្បាប់ទណ្ឌកម្មបែបណាមួយលើរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបចាប់ដៃជាមួយប្រធានាធិបតី Donald Trump នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីនិយាយរិះគន់មន្ត្រីអាមេរិកាំងថា៖ «ពួកច្រមុះវែង» អត់យល់បែបប្រជាធិបតេយ្យនៅស្រុកខ្មែរនៅឆ្នាំ២០០២ ហើយចោទឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅឆ្នាំ២០១៨ ថាជាមនុស្សនិយាយកុហកភូតភរ។
ក្នុងឯកសារចុះបញ្ជីឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ តាមច្បាប់អាមេរិកាំង ឈ្មោះ U.S. Foreign Agents Registration Act ឬ FARA រដ្ឋាភិបាលលោក ហ៊ុន សែន បានជួលពលរដ្ឋអាមេរិកាំងយ៉ាងតិច ៩នាក់ ចាយលុយ ១លាន ២សែនដុល្លារឲ្យជួយនិយាយប្រាប់សភា សុំកុំកាត់ប្រព័ន្ធអនុគ្រោះពន្ធ GSP។ ភាគីរដ្ឋាភិបាលក្រុងភ្នំពេញ ចុះកិច្ចសន្យាបង់ថ្លៃការងារចំនួន ៧សែន ២ម៉ឺនដុល្លារឲ្យក្រុមហ៊ុន lobby ឈ្មោះ Brownstein Hyatt Farber Schreck នៅខែមេសា និងខែឧសភា ឆ្នាំ២០១៩ ដោយមានអ្នករត់ការងារឈ្មោះ Brian Wild អតីតទីប្រឹក្សាឲ្យអតីតប្រធានរដ្ឋសភា John Boehner និងប្រធានក្រុមភាគច្រើនរដ្ឋសភា Kevin McCarthy ឈ្មោះ Al Mottur អ្នករកលុយឲ្យបេក្ខជនប្រធានាធិបតី Hilary Clinton និង Marc Lampkin ទីប្រឹក្សាឲ្យអតីតប្រធានរដ្ឋសភា John Boehner និងអ្នករកលុយឲ្យប្រធានាធិបតី Bush ពីឆ្នាំ២០០០។
ក្រៅពីក្រុមហ៊ុននេះ រដ្ឋាភិបាលលោក ហ៊ុន សែន ចុះកិច្ចសន្យាជួលក្រុមហ៊ុន lobby PacRim Bridges នៅខែមេសា ដោយបង់លុយ ៥សែនដុល្លារឲ្យឈ្មោះ Doug Ericksen អតីតសមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតុន ជាអនុប្រធានយុទ្ធនាការគាំទ្របេក្ខជនប្រធានាធិបតី Donald Trump ឆ្នាំ២០១៦ និងឈ្មោះ Jay Rodne សមាជិកសភាជាន់ទាបរដ្ឋវ៉ាស៊ីនតុន។ ក្រៅពីនេះ មានឈ្មោះ Brian McKeon, David Cohen, Ari Zimmerman, Douglas Mcguire។ តាមឯកសារចុះបញ្ជី FARA កិច្ចសន្យាចុះហត្ថលេខាខែមីនា ឆ្នាំ២០១៩ ធ្វើឡើងរវាងតំណាងក្រុមហ៊ុន PacRimBridges Doug Ericksen និងឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក ជុំ សុន្ទរី។ កិច្ចសន្យាចុះហត្ថលេខាខែមេសា ឆ្នាំ២០១៩ ធ្វើឡើងរវាងតំណាងក្រុមហ៊ុន Brownstein Hyatt Farber Schreck និងអតីតឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ អ៊ុច បូរិទ្ធ បច្ចុប្បន្នជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អនុលោមតាមអនុសាសន៍នាយករដ្ឋមន្ត្រីនៅខែមិថុនា ឆ្នាំ២០១៥ បក្សប្រជាជនកម្ពុជា បានសម្រេចបង្កើតក្រុមការងារ ៤ក្រុម ដើម្បីគ្រប់គ្រងការរៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាឯនាយសមុទ្រ នៅសហរដ្ឋអាមេរិក អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ និងកាណាដា ដែលមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន។
លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា ប្រាប់កាសែត The Cambodia Daily ផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ ថា៖ «គោលការណ៍បក្ស គឺបណ្ដុះទំពាំង ពោលគឺអ្នកដែលមានសមត្ថភាពធ្វើការឲ្យរដ្ឋាភិបាល ឬធ្វើការឲ្យបក្ស។ លោកថា ប្រទេសឯទៀតមានសាខាបក្សហើយ។ នេះគឺដើម្បីរំឭកអ្នកទាំងអស់នោះឲ្យខំធ្វើការកាន់តែខ្លាំងឡើង។ លោកបន្ថែមថា ការរើសយក ហ៊ុន ម៉ាណែត ជាប្រធានដឹកនាំ គឺជាការចៃដន្យប៉ុណ្ណោះ»។

តាមការបញ្ជាក់អះអាងពីលោក សុខ ឥសាន ការបង្កើតសាខាបក្សឲ្យបានច្រើននៅបរទេស គឺដើម្បីសម្ដែងប្រតិកម្មភ្លាមៗទៅនឹងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានអំពីបក្ស និងរាជរដ្ឋាភិបាលទៅកាន់សហគមន៍ពលរដ្ឋខ្មែរចំណាកស្រុកតាមប្រទេសនានា។ សាខាក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ផុសចេញពីការិយាល័យនយោបាយ គណៈកម្មាធិការកណ្តាលមជ្ឈិមបក្ស (Party Central Committee’s Politburo)។
ដំណាលគ្នានឹងការព្យាយាមអូសទាញពលរដ្ឋខ្មែរដែលរស់នៅបរទេសយូរឆ្នាំមកហើយ មធ្យោបាយមួយទៀត គឺធ្វើតាមរបៀបចរចារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល បញ្ជូនពលករទៅធ្វើការក្រៅស្រុក រៀបចំបណ្ដាញជាក្រុមៗគាំទ្របក្សប្រជាជនកម្ពុជា មានតាមវត្តអារាមទៀតផង ដោយមានការជ្រោមជ្រែងពីបក្ស។
សកម្មភាពរបស់ក្រុមការងារពីបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សកម្មជនខ្មែរ និងអាមេរិកាំងស្នេហាប្រជាធិបតេយ្យ សិទ្ធិ សេរីភាព និងយុត្តិធម៌ លើកទៅនិយាយប្រាប់អំពីមន្ត្រីសភាអាមេរិកាំងទាំងពីរនៅឆ្នាំ២០១៦។ បណ្ឌិត Mary Blatz រួមនឹងសមាជិកគណៈប្រតិភូខ្មែរ ចាម ម៉ុងតាញ៉ា អាមេរិកាំង បានប្រាប់លោក Michael Schiffer ទីប្រឹក្សាជាន់ខ្ពស់ក្នុងគណៈកម្មាធិការទំនាក់ទំនងក្រៅប្រទេសនៃព្រឹទ្ធសភាថា៖ «បើមើលសកម្មភាពរដ្ឋាភិបាលប្រទេសកម្ពុជា និងបក្សប្រជាជនកម្ពុជាយូរៗទៅ ហាក់បីដូចជាសហរដ្ឋអាមេរិកកំពុងតែបើកដៃឲ្យនាំចូលលទ្ធិកុម្មុយនិស្តមកតាមសហគមន៍ខ្មែរ–អាមេរិកាំងទូទាំងសហរដ្ឋអាមេរិក»។
សមាជិកបក្សប្រជាជនកម្ពុជា ដែលទទួលបន្ទុករៀបចំ ចាត់ចែង ចាត់តាំងរើសសមាជិកចូលបក្សនៅសហរដ្ឋអាមេរិក សុទ្ធតែជាមន្ត្រីនាយទាហានក្នុងជួររដ្ឋាភិបាល ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ។ តាមរចនាសម្ព័ន្ធក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា របៀបខ្សែទទឹង ឬខ្សែបញ្ឈរក្រោមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺឧត្តមសេនីយ៍ទ័ពអាកាស ម៉ឹង ពន្លក កូនប្រុសឧត្តមសេនីយ៍ ម៉ឹង សំផន ដន្លងនឹងលោក ហ៊ុន សែន ពេលដែលកូនស្រី ហ៊ុន ម៉ាណា រៀបការនឹងកូនប្រុសឈ្មោះ ម៉ឹង កុម្ភៈ។ ដូច្នេះ ម៉ឹង ពន្លក និង ហ៊ុន ម៉ាណែត ជាសាច់ថ្លៃយ៉ាងជិតស្និទ្ធ។ ម៉ឹង ពន្លក ធ្លាប់រៀននៅមហាវិទ្យាល័យយោធាទ័ពជើងគោកខាងសង្គ្រាមសហរដ្ឋអាមេរិក (US Army War College) នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។

ប្រភពច្បាស់ការណ៍ឲ្យដឹងថា ម៉ឹង ពន្លក ជាប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងជាប្រធានក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា សម្រាប់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់កណ្តាល-ខាងត្បូងសហរដ្ឋអាមេរិក។
តាមព័ត៌មានអំពីការចែកអំណោយនៅខេត្តបាត់ដំបង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ តំបន់កណ្តាល និងខាងត្បូងសហរដ្ឋអាមេរិក មានឈ្មោះ សូ វិសុទ្ធ ឬ សូ វិសុទ្ធី រួមទទួលបន្ទុកក្នុងនាមជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាតំបន់កណ្តាល ខាងត្បូង និងក្នុងនាមមុខតំណែង និងមុខងារជារដ្ឋលេខាធិការក្រសួងទេសចរណ៍។
ជាម គុណណាត កូនប្រុសលោក ជាម យៀប នាយកក្រុមហ៊ុនអចលនទ្រព្យ អ៊័គីដេ (Orkide) ជាមួយ ហ៊ុន ម៉ាណា និង ហ៊ុន ម៉ាលី កូនស្រីលោក ហ៊ុន សែន ជាសមាជិកក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា សម្រាប់ក្រុង Philadelphia រដ្ឋ Pennsylvania ត្រើយខាងកើត។
ភាគទី៣ អំពីបណ្ដាញចាត់តាំងសាខាបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក សូមជូនបន្ថែមនៅសប្តាហ៍ក្រោយ៕