ពលរដ្ឋពីរភូមិក្នុងខេត្តព្រៃវែង ស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក ហ៊ុន សែន ត្រូវត្រួតពិនិត្យការងារ ឬព្យួរការងាររបស់មេឃុំរកា ឈ្មោះ នេត នឿន ជាបណ្ដោះអាសន្ន ដោយចោទមេឃុំរូបនេះថាបានឃុបឃិតជាមួយឈ្មួញដីឈ្មោះ ចេស ហៀប ក្លែងឯកសាររំលោភយកបរិវេណដីប្រភពមេទឹក និងដីព្រៃលិចទឹកដែលពលរដ្ឋប្រើប្រាស់ទៅធ្វើជាកម្មសិទ្ធិឯកជន។
តំណាងពលរដ្ឋបញ្ជាក់ថា វិវាទដីធ្លីនេះ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់លោក នេត នឿន មេឃុំរកា ឲ្យជួយរកដំណោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែបែរជាមេឃុំរូបនេះមិនយកឯកសារផ្តើមឲ្យមានទំនាស់ដីធ្លីខាងលើនេះមកដោះស្រាយទេ មិនត្រឹមតែប៉ុណ្ណោះ បានទុកពាក្យបណ្តឹងរបស់ពលរដ្ឋចោលរាប់ឆ្នាំថែមទៀត។

ពលរដ្ឋចោទប្រកាន់ទៀតថា មេឃុំរូបនេះតែងមកគំរាមប្តឹងពលរដ្ឋទាំងឡាយណាដែលហ៊ានចេញមុខតវ៉ារក្សាដីព្រៃប្រភពមេទឹកនៅឃុំរកា នេះដាក់គុក ឬប្តឹងឡើងតុលាការទៅវិញ។
ពលរដ្ឋថ្លែងហួសចិត្តចំពោះសកម្មភាពរបស់លោក នេត នឿន ក្នុងនាមជាមេឃុំ ប៉ុន្តែបែរជាចេញមុខការពារផលប្រយោជន៍ និងឃុបឃិតជាមួយឈ្មួញដីឈ្មោះ ចេស ហៀប ឲ្យចូលមករំលោភយកដីប្រភពមេទឹកដែលពលរដ្ឋរស់នៅឃុំរកា ធ្លាប់ប្រើប្រាស់តាំងពីដូនតាទៅវិញ។

តំណាងពលរដ្ឋក៏បានចោទលោក នេត នឿន ទៀតថាមានចេតនាលាក់កំបាំងឈ្មួញដីឈ្មោះ ចេស ហៀប ដែលចូលមកទន្ទ្រានកាន់កាប់ដីប្រភពមេទឹក និងលាក់បាំងឯកសារពាក់ព័ន្ធនឹងការទិញលក់ដីសាធារណៈរបស់រដ្ឋ។
ក្រុមប្រជាពលរដ្ឋទទូចឲ្យថ្នាក់ដឹកនាំជួយការពារដីបរិវេណប្រភពមេទឹកក្រចាប់ ដែលត្រូវបានលោក នេត នឿន និងលោក ចេស ហៀប ឃុបឃិតក្លែងឯកសារប៉ុនប៉ងរំលោភធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់ មកដាក់ជាសម្បត្តិរដ្ឋ និងទុកឲ្យពលរដ្ឋប្រើប្រាស់ដូចដើមវិញ។
ឆ្លើយតបការចោទប្រកាន់នេះ លោក នេត នឿន មេឃុំរកា ត្រូវបានគេហទំព័រក្នុងស្រុកឈ្មោះ «កម្ពុជាថ្ងៃនេះ» ស្រង់សម្ដីកាលពីទី២១ ខែសីហា ឆ្នាំ២០២១ ថា រូបលោកមិនបានឃុបឃិតជាមួយលោក ចេស ហៀប ក្លែងឯកសាររំលោភយកដីប្រភពមេទឹកដូចពលរដ្ឋរស់នៅភូមិត្រកៀត ចោទប្រកាន់នោះទេ។
លោកបន្តថា រាល់ឯកសារផ្សេងៗដែលទាក់ទងវិវាទដីធ្លីនៅមូលដ្ឋានឃុំរកា នេះ គឺបានកើតឡើងតាំងពីអាណត្តិមេឃុំមុនៗមកម្ល៉េះ។ លោកច្រានចោលចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋរស់នៅភូមិត្រកៀត ដែលលើកឡើងនេះថាជារឿងមិនពិតទេ។

ចំណែកលោក ចេស ហៀប ដែលពលរដ្ឋភូមិត្រកៀត ចោទថាបានចូលរួមក្លែងឯកសារជាមួយលោក នេត នឿន មេឃុំរកា រំលោភយកដីប្រភពមេទឹកក្នុងមូលដ្ឋាននេះ ក៏ច្រានចោលចំពោះការចោទប្រកាន់នេះដែរ។ លោកថា ការចោទប្រកាន់របស់ពលរដ្ឋមួយចំនួនខាងលើនេះ គឺខុសការពិតទាំងស្រុង ពីព្រោះដីនោះ រូបលោកមានឯកសារកាន់កាប់ត្រឹមត្រូវចេញដោយអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក ហ៊ី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីបំភ្លឺបន្ថែមជុំវិញវិវាទដីធ្លីនៅមូលដ្ឋានឃុំរកា បានទេនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ ខណៈមន្ត្រីដឹកនាំខុទ្ទកាល័យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយដែរ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅភូមិត្រកៀត បានទទូចស្នើសុំថ្នាក់ដឹកនាំជួយការពារប្រភពមេទឹកឲ្យបានគង់វង្ស និងរក្សាឲ្យនៅសភាពដើមវិញ ព្រោះទីតាំងដីនេះជាដង្ហើមរស់របស់ប្រជាពលរដ្ឋរស់នៅឃុំរកា សម្រាប់ប្រើប្រាស់ដល់វិស័យកសិកម្មផង និងធ្វើរបរនេសាទត្រីចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារផង៕