មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានដើមអម្ពិល ដែលស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដកស្រង់សម្ដីកាលពីថ្ងៃទី២៩ ខែសីហា ថា លោកចាត់ទុកការបង្កើតពាក្យចចាមអារ៉ាមថាមានជំនួបរវាងលោក ស ខេង និងលោក សម រង្ស៊ី នៅប្រទេសបារាំង ក្នុងពេលនេះ គឺជាការញុះញង់បង្កចលាចល ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបំភ្លៃ និងអ្នកដែលចែកចាយព័ត៌មានដើម្បីបង្កចលាចលនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អនុប្រធានទីបីរបស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរលើគណនី Facebook របស់លោកថា ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោក ស ខេង ចូលរួមគឺជាគំនិតមួយដ៏ត្រឹមត្រូវ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីវត្តមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងបំពេញភារកិច្ចផ្ទាល់ខ្លួនដែលខុទ្ទកាល័យរបស់លោកបានប្រកាសកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។
ទាក់ទិននឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ដែលត្រូវជាកូនប្រុសលោក ស ខេង អះអាងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ថា វត្តមានឪពុករបស់លោកទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍នេះ គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ដូចការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូចរបស់អតីតគណបក្សសង្គ្រោះជាតិនោះឡើយ។
លោករិះគន់ថា ចំពោះការលើកឡើងដោយគ្មានការពិតរបស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងដើម្បីបង្ហើបរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោក ស សុខា បញ្ជាក់ថា ទង្វើរបស់អ្នកទាំងនោះគ្រាន់តែជាមហិច្ឆតាដើម្បីខ្លួនឯងរស់មួយគ្រាៗ ទោះអ្នកដទៃស្លាប់ដោយសារអំពើទុច្ចរិតរបស់ខ្លួនក៏ដោយ។ លោកថា ទង្វើនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិតអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតបំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម ដើម្បីមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើលោក ស ខេង នៅពេលនេះ។
ជុំវិញពាក្យចចាមអារ៉ាមនេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា គ្មានហេតុផលវិទ្យាសាស្ត្រនយោបាយណាមួយអាចកំណត់ថា លោក ស ខេង ជិះយន្តហោះទៅជួបក្រុមលោក សម រង្ស៊ី ដល់ប្រទេសបារាំងនោះឡើយ ព្រោះថាការធ្វើបែបនេះ គឺគ្រាន់តែជាភ្លើងនយោបាយដុតកម្ទេចលោក ស ខេង ដោយខ្លួនឯងតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ និយាយថា ការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រទេសបារាំង ក្នុងពេលនេះ ទំនងជាដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាចប៉ុណ្ណោះ បន្ទាប់ពីមានការតែងតាំងកូនប្រសាលោក ហ៊ុន សែន ក្នុងបំណងដើម្បីបន្សាបឥទ្ធិពលរបស់លោក ស ខេង ក្នុងកងកម្លាំងនគរបាលជាតិកាលពីពេលថ្មីៗនេះ។
លោកអះអាងថា ការតែងតាំងលោក ឌី វិជ្ជា កូនប្រសារបស់លោក ហ៊ុន សែន ដែលជាស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាណា ឲ្យដឹកនាំក្រុមស៊ើបអង្កេតលើករណីជម្លោះដីធ្លីទូទាំងប្រទេស គឺជាការរំលោភអំណាចរបស់លោក ស ខេង យ៉ាងធ្ងន់ធ្ងរ ក្នុងឋានៈលោក ឌី វិជ្ជា ត្រឹមតែជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណុះឲ្យក្រសួងមហាផ្ទៃ នោះ។
លោកអះអាងថា ចំណុចសំខាន់នៃការតែងតាំងនេះ គឺលោក ឌី វិជ្ជា មានអំណាចប្រើកងកម្លាំងនគរបាលជាតិដោយមិនឆ្លងយោបល់របស់លោក ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ ដូច្នេះបញ្ហានេះនឹងធ្វើឲ្យប៉ះទង្គិចយ៉ាងខ្លាំងចំពោះលោក ស ខេង ទើបបណ្តាលឲ្យលោកចេញទៅក្រៅស្រុក ដើម្បីបន្ធូរភាពស្មុគស្មាញក្នុងផ្លូវចិត្តផង និងដើម្បីចៀសវាងជម្លោះនៅផ្ទៃក្នុងគណបក្សរវាងក្រុមលោក ស ខេង និងលោក ហ៊ុន សែន ផងដែរ។
លោកបញ្ជាក់ថា សេចក្ដីសម្រេចនេះបានផ្តល់អំណាចដល់លោក ឌី វិជ្ជា ឲ្យដឹកនាំក្រុមការងារចំនួន ១៦រូប ដែលមានសិទ្ធិប្រើប្រាស់កម្លាំងផែនការសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិទូទាំងប្រទេស ដែលបង្ហាញឲ្យឃើញថា ការតែងតាំងនេះគឺជាការទប់ស្កាត់មួយដើម្បីកុំឲ្យមានអ្នកផ្សេងទៅស៊ើបអង្កេតការរំលោភដីធ្លីក្រៅពីសាច់ញាតិ ឬបក្ខពួករបស់លោក ហ៊ុន សែន និងជាការបន្ថយអំណាច និងឥទ្ធិពលរបស់លោក ស ខេង ទៅលើកម្លាំងសន្តិសុខជាតិផងដែរ៕