ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន បានរំដោះស្ត្រីខ្មែរមួយរូបដែលចាញ់បោកមេខ្យល់ទៅធ្វើការ និងត្រូវលក់បន្តនៅឯប្រទេសចិន ឲ្យមានសុវត្ថិភាព និងត្រៀមបញ្ជូនត្រឡប់មកប្រទេសកំណើតវិញហើយ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា ការចុះជួយស្ត្រីជាជនរងគ្រោះក្នុងអំពើជួញដូរនៅប្រទេសចិន នេះ គឺបន្ទាប់ពីក្រុមគ្រួសារស្ត្រីរងគ្រោះបានផ្ញើសារតាមបណ្ដាញសង្គម ប្ដឹងនិងសុំអន្តរាគមន៍ជួយសង្គ្រោះពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងការចាត់ចែងតាមជំនាញរួចមក លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា មន្ត្រីជំនាញនាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេតអង្គហេតុ រកឃើញទីតាំងជនរងគ្រោះនៅឯក្រុងណាភីង នៃខេត្តហ្វូជៀន ប្រទេសចិន។
លោកថា អាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះជនរងគ្រោះឈ្មោះ អ៊ិត ឈូក ភេទស្រី ទីកន្លែងកំណើតភូមិត្រពាំងរំដេង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយអាជ្ញាធរកំពុងធ្វើបែបបទដើម្បីសង្គ្រោះជនរងគ្រោះត្រឡប់មកកម្ពុជាវិញ ព្រមទាំងស្វែងរកព័ត៌មានបន្ថែមទៀត និងមានចំណាត់ការបន្ត។
ទោះយ៉ាងណា មន្ត្រីអង្គការសង់ត្រាល់ ដែលធ្វើការទាក់ទងនឹងពលករចំណាកស្រុក ធ្លាប់បានឲ្យដឹងថា ស្ត្រីខ្មែរបានរងគ្រោះក្នុងអំពើជួញដូរមនុស្ស ឬចាញ់បោកមេខ្យល់ភាគច្រើន គឺត្រូវបានមេខ្យល់នាំទៅរកការងារធ្វើ ឬរៀបការជាមួយបុរសជនជាតិចិន នាំទៅរកការងារធ្វើនៅប្រទេសម៉ាឡេស៊ី ឬអារ៉ាប់រួម ជាដើម។ ហើយជនរងគ្រោះធ្វើការដូចជាទាសករ រងនូវអំពើហិង្សាពីម្ចាស់ ឬថៅកែ ព្រមទាំងរងការបៀតបៀនរំលោភបំពានផ្លូវភេទជាដើម៕