38 C
Phnom Penh

លោក ស ខេង វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​ក្រោយ​ទទួល​ការ​ព្យាបាល​សុខភាព​ជោគជ័យ​នៅ​ប្រទេស​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​វិលត្រឡប់​មក​កាន់​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ កញ្ញា ក្រោយ​ពេល​លោក​បាន​សម្រាក​ព្យាបាល​សុខភាព​ដោយ​ជោគជ័យ​នៅ​ប្រទេស​បារាំង អស់​រយៈពេល ១៤​ថ្ងៃ​កន្លងទៅ​នោះ។

ខុទ្ទកាល័យ​ក្រសួង​មហាផ្ទៃ​របស់​លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្រាក​ព្យាបាល​សុខភាព និង​វះកាត់​ដោយ​ជោគជ័យ​នៅ​ប្រទេស​បារាំង អស់​រយៈពេល ២​សប្តាហ៍​កន្លងទៅ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ទៅដល់​កម្ពុជា លោក ស ខេង នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ដើម្បី​ឱ្យ​ស្រប​តាម​គោលការណ៍​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ជាពិសេស​ជំងឺ Covid-19 បំប្លែង​ថ្មី​ដែល​មាន​លក្ខណៈ​កាច​សាហាវ និង​កំពុង​ឆ្លង​ចូល​សហគមន៍​នៅ​ពេលនេះ។

ប្រធាន​ក្រុមប្រឹក្សា​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា លោក​ចូលរួម​អបអរ​សាទរ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ព្យាបាល​សុខភាព​របស់​លោក។

លោក​អះអាង​ថា លិខិត​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​នេះ​ទំនង​ជា​មាន​ខ្លឹមសារ​ការពារ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ផង​ដែរ​ថា ការ​វិលត្រឡប់​របស់​លោក ស ខេង មក​កាន់​ប្រទេស​កម្ពុជា​វិញ​នេះ មិនមែន​ដោយសារ​ការ​បញ្ចប់​បេសកកម្ម​កិច្ចការ​នយោបាយ​ណាមួយ​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ចង់​បញ្ចប់​ពី​ការ​អះអាង​ផ្សេងៗ​ដូច​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ធ្លាប់​លើកឡើង​កាលពី​ពេល​កន្លងមក​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន។

ជុំវិញ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​នេះ ត្រូវ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទាញ​ភ្ជាប់​ដំណើរ​ទស្សនកិច្ច​នេះ​ទៅ​នឹង​បេសកកម្ម​នយោបាយ​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​របស់​លោក ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រតិកម្ម​បដិសេធ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​កូនប្រុស​លោក ស ខេង គឺ​លោក ស សុខា ផ្ទួនៗ​គ្នា​ផង​ដែរ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង​នេះ គឺ​ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច បន្ទាប់ពី​មាន​ការ​តែងតាំង​ស្វាមី​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ត្រូវជា​កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដោយ​រំលោភ​លើ​អំណាច​របស់​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស