28 C
Phnom Penh

ពលរដ្ឋ​និង​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ចាប់​ជំរិត​មនុស្ស​បង្ខាំង​ទារ​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ សម្ដែង​ការ​ព្រួយបារម្ភ​លាយឡំ​នឹង​ការរិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ចំពោះ​សមត្ថភាព​លើ​ការងារ​ដឹកនាំ​ទប់ស្កាត់​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បទល្មើស​ជួញដូរ​អាវុធ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​សកម្មភាព​បាញ់​បោះ​សេរី និង​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កំពុង​កើតមាន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​កក្រើក។

ពលរដ្ឋ​នៅ​ខេត្ត​នេះ​បាន​លើកឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​បណ្តោយ​ឲ្យ​ជនល្មើស​អាច​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ការ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ និង​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ការរស់នៅ និង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ត្បិត​ពួកគាត់​តែងតែ​សង្កេត​ឃើញ​ថា ក្រុម​ជនល្មើស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ចេញ​ធ្វើ​សកម្មភាព​ចាប់​មនុស្ស​បង្ខាំង​ទារ​ប្រាក់ និង​ប្លន់​ប្រដាប់​អាវុធ​ជាដើម បាន​កើតមាន​ជាច្រើន​ករណី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្បែរៗ​តំបន់​ដែល​ពួកគាត់​រស់នៅ។

កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងមក​ថ្មីៗ​នេះ មាន​ក្រុម​ជនល្មើស​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ជាង ១០​នាក់ បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ដើម្បី​បង្ខាំង​ជំរិត​ទារ​ប្រាក់ មាន​ទីតាំង​នៅ​ចុង​ឆ្នេរអូរឈើទាល ក្បែរ​កាស៊ីណូ​ជីងកាង ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ។ សកម្មភាព​នោះ គឺ​មាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ជនល្មើស​បាញ់​តដៃ​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ចំហៀង​ក្រុង​ព្រះសីហនុ។

បទល្មើស​នេះ សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​សហការ​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៤​នាក់ ដកហូត​អាវុធ​វែង​ខ្លី​ចំនួន ៧​ដើម និង​រំដោះ​ជនរងគ្រោះ​ជនជាតិ​ចិន បាន​ម្នាក់​ផង​ដែរ។

បច្ចុប្បន្ន ជន​សង្ស័យ​ទាំង ១៤​នាក់ រួម​ជាមួយ​វត្ថុតាង ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្ដន្ទាទោស​តាម​ច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស