គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចអាម៉េរិក-ចិន រកឃើញថា ប្រទេសកម្ពុជាបានជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនជនជាតិចិន ដូចប្រទេសថៃ ភូមា ឡាវ និងប្រទេសវៀតណាម ដែរ។
គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ថា ប្រតិបត្តិការបោកប្រាស់នៅកម្ពុជាកំពុងផ្ទុះឡើងគួរឱ្យកត់សម្គាល់ ខណៈយុទ្ធនាការបង្ក្រាបអំពើបោកប្រាស់ទាំងនោះម្តងម្កាល គឺដើម្បីកាត់បន្ថយសម្ពាធអន្តរជាតិប៉ុណ្ណោះ។
ប្រភពដដែល អះអាងថា កម្ពុជា ឡាវ ថៃ និងភូមា ត្រូវបានរកឃើញថាជាចំណុចកណ្ដាលនៃមជ្ឈមណ្ឌលបោកប្រាស់ ក្នុងនោះ តារាសម្ដែងជនជាតិចិនម្នាក់ឈ្មោះ Wang Xing ក៏ត្រូវបានឃើញថាត្រូវគេចាប់ពង្រត់នៅក្នុងប្រទេសថៃ និងជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោកមួយនៅក្នុងប្រទេសភូមា កាលពីពេលថ្មីៗនេះដែរ។
របាយការណ៍គណៈកម្មការនេះ បង្ហាញថា មជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍កំពុងពង្រីកធំឡើងៗដែលមិនធ្លាប់មានពីមុនមក ទោះមានយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ត្បិតក្រុមឧក្រិដ្ឋជនធ្វើការលឿន និងរហ័សជាងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់សកម្មភាពរបស់ពួកគេ។
គណៈកម្មការនេះ បញ្ជាក់ថា ជនជាតិអាមេរិកបច្ចុប្បន្ននេះ បានក្លាយជាគោលដៅខ្ពស់បំផុតរបស់ឧក្រិដ្ឋជនជនជាតិចិន ដែលកំពុងប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ ក្នុងនោះគេបានរកឃើញថា ជនជាតិអាមេរិកបានបាត់បង់ទឹកប្រាក់ប្រមាណជា ៥ពាន់លានដុល្លារអាមេរិកទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទាំងនោះ កាលពីឆ្នាំ២០២៤ កន្លងទៅ។
របាយការណ៍នេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងប្រកាសយុទ្ធនាការបង្ក្រាបឧក្រិដ្ឋជនឆបោកនៅទូទាំងប្រទេសនាពេលនេះ។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងកាលពីថ្ងៃអង្គារ ថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនសង្ស័យ និងអ្នកពាក់ព័ន្ធជាង ៣ពាន់នាក់ហើយ (៣០៧៥នាក់) ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ (online scam)។
ប្រភពដដែល បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យ៖
- ជនជាតិចិន ជាង ១ពាន់នាក់ (១០២៨នាក់)
- ជនជាតិវៀតណាម ជិត ៧០០នាក់ (៦៩៣នាក់)
- ជនជាតិឥណ្ឌូនេស៊ី ជាង ៣០០នាក់ (៣៦៦នាក់)
- ជនជាតិឥណ្ឌា ជាង ១០០នាក់ (១០៥នាក់)
- ជនជាតិបង់ក្លាដេស ជាង ១០០នាក់ (១០១នាក់)
- និងមានជនជាតិជាច្រើនផ្សេងទៀតផងដែរ។
កាលពីថ្ងៃទី១០ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាពីការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមហេតុផលថា កម្ពុជាកំពុងត្រូវបានក្រុមឧក្រិដ្ឋជនជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ។
លោក ហ៊ុន ម៉ាណែត ព្រមានថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនអនុវត្តតាមបទបញ្ជានេះ ត្រូវប្រឈមនឹងការផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែងដោយគ្មានការលើកលែងដាច់ខាត។
កាលពីចុងខែមិថុនា ឆ្នាំ២០២៥ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនថា មនុស្សសរុបជាង ១សែននាក់ (១២០០០០នាក់) ត្រូវគេបង្ខាំងទុក និងបង្ខំឱ្យធ្វើការដូចទាសករនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជុំវិញពិភពលោកសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ កក្កដា នេះថា ការបង្ក្រាបឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើឱ្យតែល្អមើលប៉ុណ្ណោះ ត្បិតវិធានការនេះគ្មានប្រសិទ្ធភាពឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

