31 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន OCIC ចំនួន​៩​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ចំនួន ៩​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួកគេ​ក្នុង​ការ​ចូល​មើល​ដី​ស្រែ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន OCIC កំពុង​ឈូស​ឆាយ​ដោយ​មិនទាន់​ដោះស្រាយ​សំណង​ជាមួយ​ពួកគេ​រួចរាល់​នោះ។

ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជា​ម្ចាស់​ដី​ដាក់​ពន្ធនាគារ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជាច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី បាន​លើកឡើង​ថា ហេតុការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នេះ គឺ​ដោយសារ​អាជ្ញាធរ​បាន​ដាក់​របាំង​រារាំង​ពួកគេ​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ខ្លួន ហើយ​បាន​បើក​ផ្លូវ​ឱ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ​ពួកគេ ទើប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា ខណៈ​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​នោះ​មិនទាន់​ដោះស្រាយ​សំណង​សមរម្យ​ដល់​ពួកគេ​ជា​ម្ចាស់​ដី​នៅឡើយ។

ក្រោយ​ពី​មាន​ប៉ះទង្គិច​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ នោះ ពលរដ្ឋ​ចំនួន ៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែង​ពលរដ្ឋ ២១​នាក់​វិញ ខណៈ​មនុស្ស​ចំនួន ៩​នាក់​ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាលពី​ម្សិលមិញ។

បើ​តាម​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​សរសេរ​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង ៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល ក្រោម​បទ​ចោទប្រកាន់ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» និង​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស»។

សមាគម​អាដហុក យល់​ថា ការ​ដោះស្រាយ​យឺតយ៉ាវ និង​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ទៅលើ​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ទាមទារ​តវ៉ា ហើយ​បង្ខំ​ឱ្យ​ទទួលយក​សំណង​ដែល​អាជ្ញាធរ និង​ខាង​ភាគី​ក្រុមហ៊ុន​បាន​កំណត់​នោះ វា​មិនមែន​ជា​ដំណោះស្រាយ​ឡើយ។ ផ្ទុយទៅវិញ វា​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ពេញចិត្ត ខណៈ​សំណង​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នោះ ពួកគេ​មិន​អាច​ទទួល​បាន ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅតែ​នាំគ្នា​តវ៉ា​ទៀត។

ករណី​នេះ សមាគម​អាដហុក ស្នើ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​រក្សា​ភាព​អត់ធ្មត់ និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​មាន​ជំហរ​លើ​ភាព​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និង​ឆាប់រហ័ស ដើម្បី​បញ្ចៀស​នូវ​ការ​កើតមាន​បញ្ហា​ផ្សេងៗ​ទៀត​កើតឡើង។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា ធ្លាប់​លើកឡើង​ថា ការ​ផ្តល់​សំណង​តម្លៃ​ដី​នោះ​ត្រឹម ៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ គឺ​ពួកគាត់​មិន​អាច​ទទួលយក​បាន​ទេ ខណៈ​តម្លៃ​ដី​នៅ​ទីនោះ​មាន​តម្លៃ​ប្រមាណ ១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

យ៉ាងណាក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​បាន​ចេញ​លិខិត​ចំហ​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន ៣៣០​គ្រួសារ​នៅ​ឃុំ​ចំនួន​៤ ក្នុង​នោះ​មាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ឃុំ​ពត់សរ នៅ​ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្បាលដី​ទំហំ​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវសែ មិន​ត្រឹមតែ​មាន​វិវាទ​ដីធ្លី​តែ​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ក៏​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វារ ហើយ​អាជ្ញាធរ​តែងតែ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន OCIC។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងមក កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ជាច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​របង និង​ស្រះ​ត្រី​របស់​ពលរដ្ឋ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ ដោយ​មិន​បាន​ជូនដំណឹង និង​ដោះស្រាយ​សំណង​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស