អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធបុគ្គលម្នាក់ឈ្មោះ ចាន់ វិទូ លែងជាជំនួយការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៀតហើយ។ ជាងនេះទៅទៀត លោកបានស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលរូបនេះ ប្រសិនបានប្រព្រឹត្តបទល្មើសអ្វីមួយ។
លោក ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីមានពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ាពីមុខសាលាខេត្តកណ្តាល ដោយសារឈ្មោះ ចាន់ វិទូ បានបំពានផ្លូវសាធារណៈប៉ះពាល់ប្រយោជន៍ពលរដ្ឋ។
កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋបានស្នើអភិបាលខេត្តកណ្ដាល ឲ្យជួយអន្តរាគមន៍ទៅមន្ត្រីនគរបាលម្នាក់ឈ្មោះ ចាន់ វិទូ មានតួនាទីជាជំនួយការលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបាននាំយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែងក្នុងស្រុកកៀនស្វាយ បណ្តាលឲ្យពលរដ្ឋមិនអាចធ្វើដំណើរចេញចូលបាន។
លោក ខៀវ សុភ័គ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាណត្តិនេះ ឈ្មោះ ចាន់ វិទូ លែងជាជំនួយការលោក ស ខេង ទៀតហើយ ហើយកាតសម្គាល់ខ្លួនរបស់គាត់ក៏ហួសសុពលភាពទៅហើយដែរ។ លោកបន្តថា ទោះជាបុគ្គលរូបនេះជាជំនួយការក៏ដោយ តែបើប្រព្រឹត្តកំហុសឆ្គង គឺត្រូវតែទទួលទោសដូចគ្នា។
ក្រោយពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ារួចមក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានដោះស្រាយការស្នើសុំរបស់ពលរដ្ឋ ហើយបានជូនដំណឹងទៅបុគ្គលឈ្មោះ ចាន់ វិទូ ដែលបានឈូសឆាយផ្លូវនោះ ត្រូវជួសជុលឲ្យមកសភាពដើមវិញក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខេត្តកណ្តាលនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ទាក់ទិនបញ្ហានេះ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ថ្លែងថា ផ្លូវមួយខ្សែដែលបុគ្គលឈ្មោះ ចាន់ វិទូ នាំយកគ្រឿងចក្រមកជីកកាយយកដីនេះ គឺពិតជាផ្លូវសាធារណៈដែលអ្នកភូមិបានប្រើប្រាស់ជាយូរមកហើយ។ ចំណែកឯវិវាទនេះ រដ្ឋបាលស្រុកកៀនស្វាយ ក៏ធ្លាប់បានកោះហៅឈ្មោះ ចាន់ វិទូ មកដោះស្រាយចំនួន ២លើករួចហើយដែរ ប៉ុន្តែរូបគាត់មិនព្រមចូលខ្លួនមកដោះស្រាយជាមួយអាជ្ញាធរនោះទេ។
ពលរដ្ឋបានអះអាងថា កន្លងមកឈ្មោះ ចាន់ វិទូ ជាឈ្មួញរកស៊ីជីករណ្តៅដី និងការដ្ឋានខ្សាច់ម្នាក់ដែលតែងបានយកឈ្មោះលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងប្រើតួនាទីជាជំនួយការលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគំរាមកំហែងពួកគាត់ ជាពិសេសនៅក្នុងសកម្មភាពនាំយកគ្រឿងចក្រមកជីកបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានទេ។
ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់មានប្រភពទាក់ទងលោក ចាន់ វិទូ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ទេ ខណៈលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យលោក ស ខេង ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺបន្ថែមបានដែរនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា៕