28 C
Phnom Penh

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។

ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា ក្រោយ​មាន​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ក៏​លេច​ចេញ​នូវ​ជន​អនាធិបតេយ្យ​ជាច្រើន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះ​ជាបន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​បាន​លួច​សាងសង់​រោង​សម្រាប់​ឈប់​សម្រាក​តូចៗ​ដើម្បី​កាប់​ព្រៃ​ក្នុង​តំបន់​នោះ​ផង​ដែរ។

លោក​អះអាង​ថា ដោយ​ការ​ព្រួយបារម្ភ និង​មាន​ចម្ងល់​ពី​មូលហេតុ​នៃ​ជ្រើសរើស​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​ទៅ​សាកសួរ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ត្រពាំងធំខាងត្បូង លោក ហូវ សំអុន ប៉ុន្តែ​លោក​អះអាង​ថា ការ​សាងសង់​ផ្លូវ​នេះ គឺ​ដោយសារ​មាន​ការ​ណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ មិនមែន​ជា​ការ​សម្រេច​របស់​លោក​នោះ​ទេ។

លោក សំ សារ៉ូ បញ្ជាក់​ថា សព្វថ្ងៃ​នេះ មេភូមិ មេឃុំ​ត្រពាំងធំខាងត្បូង និង​អភិបាល​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក កែវ វគ្គសែល ជាដើម បាន​គំរាមកំហែង​អ្នក​ភូមិ​ដោយ​ចោទ​ថា ពួកគាត់​មាន​និន្នាការ​នយោបាយ​ផ្សេង មាន​ចេតនា​មក​រារាំង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ ប៉ុន្តែ​លោក សំ សារ៉ូ អះអាង​ថា​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ គឺជា​ពាក្យ​ប្រឌិត​ប៉ុណ្ណោះ។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ នេះ មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន បាន​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់តាម​ដី​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ប៉ុន្តែ​ចាប់ពី​មាន​ការ​អភិវឌ្ឍ​នោះ​មក ក៏​មាន​ក្រុម​អណាធិបតេយ្យ​លួច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​មាន​ចំណាត់ការ​ណាមួយ​លើ​សកម្មភាព​ល្មើស​នេះ​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ដី​ព្រៃ​សហគមន៍​ខាងត្បូង ដូចជា​ហាមឃាត់​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​ដែល​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​នេះ ចំណែក​ពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​ដោយ​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​វិធានការ​នេះ​ហាក់​ពុំ​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។

ការ​ចេញ​លិខិត​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​ព្រៃឈើ​អះអាង​ថា អាជ្ញាធរ​ឃុំ​ត្រពាំងធំខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​អ្នក​មាន​លុយ និង​ក្រុមហ៊ុន ដើម្បី​យក​លុយ​ចែក​គ្នា​ដោយ​ខុសច្បាប់​កាលពី​ពេល​កន្លងទៅ ប៉ុន្តែ​ករណី​នេះ​កំពុងតែ​កើតមាន​សាជាថ្មី​ឡើងវិញ​ហើយ​នៅ​ពេលនេះ។

ក្រុម​អ្នក​ឃ្លាំមើល​ព្រៃឈើ​នៅ​កម្ពុជា សង្ស័យ​ថា ការ​សាងសង់​ផ្លូវ​នេះ​ទំនង​ជា​ល្បិច​បិទបាំង​ថ្មី​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បើក​ផ្លូវ​ឱ្យ​ជន​ខិលខូច​អាច​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​មាន​ការ​លួច​បើក​ដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​ដី​ព្រៃ​សហគមន៍​នេះ​ធ្លាប់​ត្រូវ​អាជ្ញាធរ​ភូមិ ឃុំ អនុញ្ញាត​ឱ្យ​អ្នក​មាន​លុយ​ចូល​កាប់​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ម្តង​រួច​មក​ហើយ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​បង្កើត​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ដែល​មាន​ទំហំ​ផ្ទៃដី​សរុប ៥៨៣​ហិកតារ ស្ថិត​ក្នុង​ឃុំ​ត្រពាំងធំខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​ប្រើប្រាស់​អនុផល​ព្រៃឈើ និង​អភិរក្ស​ជីវចម្រុះ និង​អភិវឌ្ឍ​ព្រៃ​សហគមន៍​នេះ​ឲ្យ​មាន​និរន្តរភាព។

ព្រៃ​សហគមន៍​ក្នុង​ខេត្ត​តាកែវ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ មាន ៦​សហគមន៍ និង​ត្រូវ​បាន​បែងចែក​ជា ៧​កន្លែង ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៦៣០០​ហិកតារ ក្នុង​នោះ​រួម​មាន​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ព្រៃ​សហគមន៍​មហាសី និង​ព្រៃ​សហគមន៍​ប៉ាយ៉ង់ការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស