40.6 C
Phnom Penh

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រិះគន់​ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​គុណភាព​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​រិះគន់​ថា ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​នៃ​របប​ប្រជាធិបតេយ្យ​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ហួស​ហេតុ ដូចជា​ការ​អនុវត្ត​ច្បាប់​ក្រមព្រហ្មទណ្ឌ ជាដើម។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចេញ​របាយការណ៍​លើកដំបូង​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧ មក លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ឧបសគ្គ​មិន​អាច​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​នយោបាយ​បាន។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​អះអាង​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ដែល​អាច​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កាន់កាប់​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា ដែល​ធ្វើ​ឱ្យ​មូលដ្ឋាន​អំណាច​នយោបាយ​បក្ស​កាន់​អំណាច​ប្រមូល​ផ្តុំ​ខ្ពស់​រហូត​គ្មាន​ស្ថាប័ន​ជាតិ​ណា​មួយ​អាច​គ្រប់គ្រង​បាន។

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បើ​ទោះបីជា​មាន​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ច្រើន​ក៏ដោយ ប៉ុន្តែ​នៅ​មិនទាន់​អាច​ធានា​ថា តើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​អាច​ទុកចិត្ត​បាន​ដែរ​ឬ​ក៏​អត់​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២១ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើកដំបូង​របស់​ខ្លួន ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ធ្ងន់ធ្ងរ ដូចជា​ការ​តាក់តែង​ច្បាប់​ផ្សេងៗ​ដោយ​ឯក​បក្ស​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​រិះគន់​លើ​ការ​អនុវត្ត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​កំពុងតែ​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ព្រោះថា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាបន្តបន្ទាប់ ខណៈ​មន្ត្រី​មួយ​ចំនួន​កំពុង​រៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរ​ស្ដម្ភ​ធំៗ​ទាំង​៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង ព្រោះថា​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​ពង្រាយ​សមាជិក​បក្ស​របស់​ពួកគេ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​ទាំងនោះ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

ប្រភព​ដដែល​លើកឡើង​ថា ដោយសារ​រៀបចំ​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បាត់បង់​នីតិរដ្ឋ និង​អធិបតេយ្យភាព​របស់​ខ្លួន​ទាំងស្រុង ព្រោះថា​លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា ឧស្សាហ៍​គំរាម​ពលរដ្ឋ និង​រំលោភ​ច្បាប់​ជា​ញឹកញាប់​ក្រោម​លេស​រក្សា​សន្តិភាព​ដើម្បី​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស