សភាអឺរ៉ុប បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលនៃប្រទេសភូមា ដោយចាត់ទុកថាជារដ្ឋាភិបាលតំណាងឱ្យប្រជាជនភូមា។
តាមលទ្ធផលនៃការបោះឆ្នោតនេះ គឺមាន ៦៤៧រូបបោះឆ្នោតគាំទ្រ និង ៣១រូបបោះឆ្នោតអនុប្បវាទ និង ២សំឡេងជំទាស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy នៅថ្ងៃសុក្រ ទី៨ ខែតុលា នេះ។
ជាមួយគ្នានេះ គណៈកម្មាធិការសាតាំងនៃសភាសហភាពអឺរ៉ុប ក៏បានសម្រេចទទួលយកតំណាងរដ្ឋាភិបាលស្រមោលនេះដែលមានការិយាល័យនៅអឺរ៉ុប ដោយចាត់ទុកថាជាតំណាងស្របច្បាប់របស់ប្រទេសភូមា។
នេះជាលើកដំបូងហើយដែលសភារបស់សហគមន៍អន្តរជាតិដ៏ធំមួយទទួលស្គាល់រដ្ឋាភិបាលប្រជាធិបតេយ្យដែលប្រឆាំងនឹងរបបសឹកភូមា ជាស្ថាប័នតំណាងភាពស្របច្បាប់ក្នុងកម្រិតការទូតខ្ពស់បំផុតនៅអឺរ៉ុប។
ដំណោះស្រាយរបស់សភាអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា បានបញ្ជាក់អំពីការគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលឯកភាពជាតិនៃប្រទេសភូមា គឺជារូបភាពមួយវាយប្រហារទៅលើរបបសឹក និងបណ្ដាប្រទេសដែលនៅពីក្រោយរបបសឹកមួយនេះ។
ដំណោះស្រាយរបស់សភាអឺរ៉ុបនេះ គឺជាការវាយបំបាក់ស្មារតីរបស់ពួកយោធាភូមាដែលកំពុងស្វែងរកភាពស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិដែលគណៈកម្មាធិការសាតាំងរបស់ស្ថាប័ននេះ នឹងធ្វើសេចក្ដីសម្រេចនៅខែវិច្ឆិកា ឆ្នាំ២០២១ នេះ ថាតើត្រូវទាត់ចោលសាតាំងរបស់ពួកយោធា ឬក៏ត្រូវទទួលស្គាល់សាតាំងរបស់រដ្ឋាភិបាលស្រមោលនៃក្រុមអ្នកប្រជាធិបតេយ្យភូមា។
ចាប់តាំងពីរបបសឹកឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ មក គេសង្កេតឃើញសហគមន៍អន្តរជាតិធំៗបានថ្កោលទោសរបបនេះ ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀតផង។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប មាន ២៧ប្រទេស បានឈានមុខគេប្រឆាំងនឹងរបបសឹក។
ជាថ្មីម្ដងទៀត ក្រុមប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន កំពុងពិភាក្សាគ្នាអំពីលទ្ធភាពទាត់ចោលមេដឹកនាំយោធាភូមា មិនឱ្យចូលរួមក្នុងជំនួបកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលា ខាងមុខនេះ។
មេរដ្ឋប្រហារ មីន អ៊ុងឡាំង ដែលរំពឹងថានឹងដឹកនាំប្រតិភូទៅចូលប្រជុំកំពូលនេះ។
នៅក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានតាមវីដេអូ កាលពីថ្ងៃទី៦ តុលា តំណាងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀតបានលើកសំណើអំពីលទ្ធភាពបដិសេធមេដឹកនាំភូមា មិនឱ្យមកចូលរួមក្នុងជំនួបកំពូលអាស៊ានខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក Eriwan Yosof ប្រេសិតអាស៊ានទទួលបន្ទុកវិបត្តិភូមា។ បើតាមប្រេសិតរូបនេះ អាស៊ានអាចនឹងពិចារណាព្យួរភូមាទៀតផង។
អាស៊ានដែលមានសមាជិក ១០ប្រទេស រាប់ទាំងភូមាមួយផងនោះ កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយចោទថាសមាគមនេះមិនអាចជួយដោះស្រាយបានវិបត្តិនៅភូមា។
ការវាយប្រហារនេះ បាននាំឱ្យប្រទេសមួយចំនួនក្នុងសមាគមអាស៊ានរកវិធីទាត់ចោលរបបសឹកពីអាស៊ានតែម្ដង។ មូលហេតុដែលឱ្យសមាគមអាស៊ានមានផែនការទាត់ចោលតំណាងភូមា មិនឱ្យមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រោះតែរបបសឹកមួយនេះចេះតែរកលេសជំទាស់មិនឱ្យប្រេសិតអាស៊ានបានចូលទៅប្រទេសភូមា ហើយជាពិសេស ពួកយោធាបដិសេធប្រេសិតអាស៊ានមិនឱ្យជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាតំណាងកម្លាំងប្រជាធិបតេយ្យ និងឯកភាពជាតិភូមា។ ពួកយោធាប្រកែកថា ខ្លួនគេមិនឱ្យប្រេសិតអាស៊ានជួបអ្នកស្រី ស៊ូជី ព្រោះអ្នកស្រីជាជនជាប់ចោទដែលកំពុងស្ថិតក្នុងពេលជំនុំជម្រះក្ដី។
យ៉ាងណា សេចក្ដីសម្រេចរបស់សភាអឺរ៉ុប ដែលទទួលស្គាល់រដ្ឋាភិបាលស្រមោលភូមា គឺជាសញ្ញាប្រាប់ទៅសមាគមអាស៊ានថា មិនត្រូវអែអង់នឹងល្បិចកិច្ចកលរបស់របបសឹកទៀតនោះទេ៕