34 C
Phnom Penh

ពលរដ្ឋ​សាទរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​ដោយ​ខុសច្បាប់​៦​នាក់​ដាក់​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​បំផ្លាញ​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចំនួន ៦​នាក់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១។

សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ជន​សង្ស័យ​ទាំង ៦​នាក់​នេះ​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត បទ​បន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ផ្តល់​សេចក្តី​ប្រកាស​ក្លែង​ដោយ​ភូត​កុហក សមគំនិត​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ។

សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា និង​ជន​សង្ស័យ​ម្នាក់​ទៀត​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។

ជន​សង្ស័យ​ទាំង ៦​នាក់​ខាងលើ​នេះ​មាន​អ្នក​ខ្លះ​មាន​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ និង​ខ្លះ​ទៀត​រស់នៅ​ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ក្នុង​ចំណោម​នោះ​ក៏​មាន​ជន​សង្ស័យ​ម្នាក់​ជា​អតីត​អភិបាល​រង​ស្រុក​ព្រៃនប់ ម្នាក់​ទៀត​ជា​អតីត​មេឃុំ​បិតត្រាំង និង​ម្នាក់​ទៀត​ជា​មន្ត្រី​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ។

ជន​សង្ស័យ​ទាំង ៦​នាក់​នេះ រួម​មាន៖

  • ទី​១ ឈ្មោះ ណុប ភាន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជនជាតិ​ខ្មែរ អតីត​ជា​អភិបាល​រង​ស្រុក​ព្រៃនប់។
  • ទី​២ ឈ្មោះ រស់ ប៊ីធុល ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី​ដីធ្លី។
  • ទី​៣ ឈ្មោះ ញ៉ក់ គឹមតុង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី​ដីធ្លី។
  • ទី​៤ ឈ្មោះ ឡាក់ គាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ អតីត​មេឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។
  • ទី​៥ ឈ្មោះ វ៉េ វ៉េត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី​ដីធ្លី។

ជន​សង្ស័យ​ទាំង ៥​នាក់​នេះ ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក បទ​សមគំនិត​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ។

ចំណែក​មនុស្ស​ទី​៦ ឈ្មោះ ហេង ម៉េង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។ ជន​សង្ស័យ​រូប​នេះ​ត្រូវ​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត សមគំនិត​ក្នុង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ និង​លាក់​បំបាំង​តម្រុយ។

ទោះ​យ៉ាងណា ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​សាលាដំបូង​ខេត្ត​នេះ​បែប​ណា​ចំពោះ​ជន​សង្ស័យ​ទាំង ៦​រូប ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ ព្រមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​មាន​បុណ្យស័ក្តិ​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​បុគ្គល​ខ្លះ​ទៀត​មាន​ងារ​ជា​ឧកញ៉ា ហើយ​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ចូល​ទៅ​កាប់​បំផ្លាញ និង​កាន់កាប់​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ទាំងនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស