35 C
Phnom Penh

ពលរដ្ឋ​ស្រុក​កំចាយមារ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​អន្តរាគមន៍​យក​ចំណី​ផ្លូវ​សាធារណៈ​ដែល​គ្រួសារ​មួយ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ជាច ស្រុក​កំចាយមារ បាន​ទទូច​ស្នើ​រក​កិច្ចអន្តរាគមន៍​ពី​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក្នុង​ករណី​ទំនាស់​មួយ​គ្រួសារ​អាង​អំណាច​បក្ខពួក​ជា​មន្ត្រី​ពន្ធនាគារ បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ឯកជន។

ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ជុំ សុខុន អាង​ខ្នង​បង្អែក​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ជុំ សុគុណ មាន​តួនាទី​ជា​នាយក​រង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ការពារ​ទង្វើ​ទុច្ចរិត​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ ៥​ម៉ែត្រ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន។

ពលរដ្ឋ​បន្ថែម​ថា ឈ្មោះ ជុំ សុខុន ដែល​អាង​ខ្នង​បង្អែក​ប្អូន​របស់​ខ្លួន​ជា​មន្ត្រី​រាជការ​នោះ មិន​ត្រឹមតែ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ដែល​ពលរដ្ឋ​ប្រើប្រាស់​ដឹក​កសិផល​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្ដឹង​ម្ចាស់​ដី​ឈ្មោះ ម៉េត ឈុន ដែល​បាន​ផ្តល់​ដី​ផ្ទាល់ខ្លួន ៥​ម៉ែត្រ​សម្រាប់​ពង្រីក​ផ្លូវ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រៃវែង ថែម​ទៀត​ផង។

អាជ្ញាធរ​ភូមិ​ដូនដោក ថ្លែង​ថា ជម្លោះ​ដីធ្លី​ដែល​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​គ្នា​នេះ គឺ​ផ្តើម​ចេញពី​ទង្វើ​ខុសឆ្គង​របស់​ឈ្មោះ ជុំ សុខុន ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ ហើយ​ត្រូវ​លោក ម៉េត ឈុន ភាគី​សម្បទាន​ដី​ពង្រីក​ផ្លូវ ៥​ម៉ែត្រ ជំទាស់​មិន​ឲ្យ​ធ្វើ​របង​នោះ ក៏​កើត​មាន​រឿង​ប្តឹង​ផ្តល់​គ្នា។

អ្នកស្រី លឹម ឆៃយ៉ាត មេភូមិ​ដូនដោក ឃុំ​ជាច ស្រុក​កំចាយមារ ឲ្យ​ដឹង​ថា អ្នកស្រី​ចាត់ទុក​ឈ្មោះ ម៉េត ឈុន ជា​ពលរដ្ឋ​គំរូ​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​ដែល​បាន​ផ្តល់​ដី​របស់​ខ្លួន​ចំនួន ៥​ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ​សាធារណៈ​ឲ្យ​ធំ​ទូលាយ ប៉ុន្តែ​បែរជា​ឈ្មោះ ជុំ សុខុន ពលរដ្ឋ​មាន​ព្រំ​ដី​ជាប់​ជាមួយ​គ្នា​មក​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ផ្លូវ​ដែល​ជា​ប្រយោជន៍​រួម​នេះ​ទៅវិញ។

អ្នកស្រី​បន្ត​ថា វិវាទ​ដី​ផ្លូវ​នេះ រូប​គាត់​ធ្លាប់​ព្យាយាម​សម្របសម្រួល​ជាមួយ​ភាគី​ទំនាស់​ដោយ​សន្តិវិធី ប៉ុន្តែ​ភាគី​លោក ជុំ សុខុន មិនព្រម​ចូលរួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ឡើយ ហើយ​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រៃវែង ថែម​ទៀត។

អ្នកស្រី​បន្ត​ថា ជម្លោះ​នេះ​កាលពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ លោក ជុំ សុខុន បាន​ដាក់​ពាក្យ​ប្តឹង​លោក ម៉េត ឈុន ជា​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ​ទៅកាន់​សាលាឃុំ​ជាច ចោទ​ពី​បទ «គំរាម រារាំង និង​បំផ្លាញ​កម្មសិទ្ធិ​ឯកជន» ដោយ​ទារ​សំណង​ជំងឺចិត្ត ៦​លាន​រៀល។

ពាក្យ​បណ្តឹង​នេះ ត្រូវ​បាន​ពលរដ្ឋ​នៅ​ភូមិ​ដូនដោក និង​អាជ្ញាធរ​ឃុំ​ជាច ថ្លែង​ទាំង​ហួសចិត្ត​ថា តើ​មាន​មូលដ្ឋាន​អ្វី​បាន​ជា​លោក ជុំ សុខុន ដែល​ជា​បុគ្គល​ធ្វើ​របង​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ បែរជា​ទៅ​ប្តឹង​អ្នក​ដែល​បាន​សម្បទាន​ដី​សម្រាប់​ពង្រីក​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ​ទៅវិញ?

មេឃុំ​ជាច លោក យូ សុង ថ្លែង​ថា វិវាទ​ខាងលើ​នេះ ពួកគាត់​ក៏​ធ្លាប់​ព្យាយាម​សម្របសម្រួល​ភាគី​ទំនាស់​ពីរ​លើក​រួច​មក​ហើយ ប៉ុន្តែ​ខាង​ភាគី​ឈ្មោះ ជុំ សុខុន មិនព្រម​សម្របសម្រួល​បញ្ចប់​នោះ​ឡើយ ខណៈ​បុគ្គល​រូប​នេះ​ជា​អ្នក​ធ្វើ​របង​រំលោភ​ចូល​ដី​ចំណី​ផ្លូវ​សាធារណៈ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ជុំ សុខុន ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ខណៈ​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក៏​មិនទាន់​អាច​ទាក់ទង​បាន​នៅឡើយ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស