38 C
Phnom Penh

ពលរដ្ឋ​ថា​ជនជាតិ​ចិន​ដែល​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​ចែកចាយ​ឬ​ជួញដូរ​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​គ្រឿងញៀន​ហាក់​បង្កើន​សកម្មភាព​ជួញដូរ ឬ​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​មាន​សញ្ញា​កើន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ បន្ទាប់ពី​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ​ហាក់​បាន​ថយ​ចុះ​អត្រា​ឆ្លង​រួច​មក។

ប្រភព​ពី​ពលរដ្ឋ​បន្ត​ថា ជន​សង្ស័យ​ដែល​ចែកចាយ ឬ​ចរាចរ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ ជាពិសេស​ជនជាតិ​ចិន ផង​ដែរ។

ប្រភព​បន្ត​ថា រាល់​ថ្ងៃ​នេះ ជនជាតិ​ចិន​ភាគច្រើន​ដែល​មិន​មាន​ការងារ​ធ្វើ​ពិតប្រាកដ ហើយ​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ គឺជា​ភ្នាក់ងារ​សកម្ម​ក្នុង​ការ​ចែកចាយ ឬ​ចរាចរ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ដែល​ភាគច្រើន​ពួកគេ​បាន​ចែកចាយ​លក់​ទៅ​ឲ្យ​ជនជាតិ​ចិន​ដូច​គ្នា​នៅ​តាម​ទីតាំង​ធ្វើ​អាជីវកម្ម​នានា មាន​ដូចជា​មណ្ឌល​កម្សាន្ត កាស៊ីណូ និង​បន​ពេស្យាចារ​លួចលាក់​ជាដើម។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន​ចំនួន ៤​នាក់​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​ប្រព្រឹត្ត​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ពិត​ជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន ចំនួន ៤​នាក់ នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ ហួយ ហ័រ ស្ថិត​ក្នុង​សង្កាត់​២ ក្រុង​ព្រះសីហនុ។

ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង ៤​នាក់​នេះ​មិន​មាន​មុខរបរ​ពិតប្រាកដ​ទេ ហើយ​កំពុង​រស់នៅ​ក្រុង​ព្រះសីហនុ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ការ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​រឹបអូស​បាន​ភស្តុតាង​ថ្នាំញៀន​ជាច្រើន​កញ្ជប់ និង​ដប​ពី​ជន​សង្ស័យ​ទាំងនោះ រួម​មាន​ម្សៅ​ក្រាម សង្ស័យ​ជា​សារធាតុ​ញៀន ម្សៅ​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ថ្នាំញៀន​អ៊ិចស្តាស៊ី ប្រភេទ​ម្សៅ (MDMA) ថ្នាំញៀន​អ៊ិចស្តាស៊ី ប្រភេទ​ទឹក (MDMA) ថ្នាំ​គ្រាប់​អក្សរ WY មេតំហ្វេតាមីន ម្សៅ​ក្រាម​ពណ៌​ប្រផេះ សង្ស័យ​ជា​សារធាតុ​ញៀន ជញ្ជីង​ថ្លឹង​ថ្នាំញៀន និង​ទូរស័ព្ទ​ដៃ​ជាច្រើន​គ្រឿង។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទាំង​ជន​សង្ស័យ និង​ភស្តុតាង​គ្រឿងញៀន ត្រូវ​កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កំពុង​បន្ត​ស្រាវជ្រាវ និង​ឈាន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ករណី​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឃាត់​ខ្លួន​ជនល្មើស​ជួញដូរ​គ្រឿងញៀន និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្ដន្ទាទោស​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មក​នេះ មិនមែន​មាន​ន័យ​ថា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ថយ​ចុះ​បទល្មើស​គ្រឿងញៀន​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ បាន​បង្ហាញ​ថា​បទល្មើស​គ្រឿងញៀន​បាន​បន្ត​ធ្វើ​សកម្មភាព​គ្មាន​សញ្ញា​ថយ​ចុះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស