អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាប្រមូលចំណូលបានពីពន្ធដារ និងពន្ធគយជាង ៣៨០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំណូលនេះបានធ្លាក់ចុះរង្វង់ ៦ភាគរយ។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រយៈពេល ៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធចូលជាតិបានចំនួន ២១១១លានដុល្លារ ស្មើនឹង ៩៤,១២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ ចំណូលនេះបានថយចុះប្រមាណជាង ១៣៥លាន (១៣៥,៨៦លាន) ដុល្លារ ឬស្មើនឹង ៦,០៥ភាគរយ។
ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា រយៈពេល ៩ខែនៃឆ្នាំ២០២១ ខ្លួនប្រមូលចំណូលបានចំនួនជិត ១៧០០លានដុល្លារ (១៦៩៩,១លាន) ឬស្មើនឹង ៧១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ចំណូលនេះបានថយចុះប្រមាណ ៦,៨ភាគរយ។
អគ្គនាយកដ្ឋានគយដដែលឱ្យដឹងថា ប្រភេទពន្ធ និងអាករដែលប្រមូលបាន ក្នុងនោះអាករលើតម្លៃបន្ថែម ៣៨ភាគរយនៃចំណូលសរុប អាករពិសេសជាង ៣៧ភាគរយ ហើយពន្ធនាំចូលជាង ១៨ភាគរយ ខណៈអាករបន្ថែមលើផលិតផលប្រេងចំនួន ៤,៥ភាគរយ និងអាករនាំចេញ និងកម្រៃផ្សេងៗចំនួន ២ភាគរយនៃចំណូលសរុប។
អគ្គនាយកដ្ឋានគយបញ្ជាក់ថា ចំណូលពីយានយន្ត និងគ្រឿងចក្រគ្របដណ្ដប់ ៤១,៩ភាគរយនៃចំណូលសរុប ហើយទំនិញចម្រុះមានចំនួន ២៨,៣ភាគរយនៃចំណូលសរុប ខណៈផលិតផលតេលសិលា ២៣,៥ភាគរយនៃចំណូលសរុប និងសម្ភារសំណង់ និងកម្រៃផ្សេងៗ ៦,៣ភាគរយនៃចំណូលសរុប។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវដល់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធទាំងអស់ ឱ្យប្រញាប់ទៅបង់ពន្ធយ៉ាងយូរនៅចុងឆ្នាំនេះ ដើម្បីទទួលបានការអនុគ្រោះ ឬបន្ធូរបន្ថយពន្ធ និងអាករ ១០ភាគរយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ព្រមានដកតំណែង និងបណ្ដេញមន្ត្រីនៅក្នុងជួររដ្ឋាភិបាលចេញពីបក្ស ប្រសិនបើជាពួកគេប្រើប្រាស់រថយន្តស៊េរីទំនើបដោយគ្មានពន្ធ និងនៅតែមិនគោរពច្បាប់។
ទោះយ៉ាងណា នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ថាជាសញ្ញាមួយដើម្បីបើកភ្លើងខៀវដល់មន្ត្រីអនុវត្តច្បាប់ធ្វើការឱ្យបានហ្មត់ចត់។ លោកបន្តថា ការប្រើប្រាស់រថយន្តស៊េរីទំនើបមិនបង់ពន្ធនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង៕