ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃប្រេងឥន្ធនៈឡើងវិញតាមកាលកំណត់នៅថ្ងៃសុក្រ សប្ដាហ៍មុននេះ ដោយទម្លាក់តម្លៃប្រេងសាំងធម្មតាមកត្រឹមតម្លៃ ៥៤០០រៀលក្នុង ១លីត្រ ប៉ុន្តែប្រេងម៉ាស៊ូតត្រូវដំឡើង ១៥០រៀលបន្ថែមទៀតក្នុង ១លីត្រ គឺត្រូវកំណត់តម្លៃ ៦៧០០រៀល។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារក្នុង ១លីត្រ ក្នុងបំណងជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។
ប្រភពដដែល អះអាងថា រាជរដ្ឋាភិបាលក៏បានបញ្ចុះ ១សេនដុល្លារក្នុង ១លីត្របន្ថែមទៀតដែរ ដោយសារប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុង ១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារក្នុង ១បារ៉ែលដែរនោះ ខណៈពន្ធគយក៏ត្រូវបានទម្លាក់មកនៅត្រឹមសូន្យភាគរយផងដែរ។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកនៅត្រឹមសូន្យដុល្លារ និងបញ្ចុះអាករពិសេសពី ៤% មកនៅសូន្យភាគរយថែមទៀត។
លើសពីនេះ ក៏បានបញ្ចុះអាករលើតម្លៃបន្ថែមពី ១០% មកនៅត្រឹម ៤% ផងដែរ ព្រោះ ៦% រដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួស ដូច្នេះចាប់ពីថ្ងៃទី២០ ខែមីនា តទៅ តម្លៃប្រេងសាំងគឺត្រូវកំណត់ ៥៤០០រៀលក្នុង ១លីត្រ ចំណែកតម្លៃប្រេងម៉ាស៊ូតត្រូវកំណត់ ៦៧០០រៀលក្នុង ១លីត្រ រហូតមានការកំណត់តម្លៃថ្មីឡើងវិញ។
ក្រោយតម្លៃប្រេងចេះតែបន្តកើនឡើងឥតឈប់ កាលពីថ្ងៃទី១៧ ខែមីនា កម្មកររោងចក្រ J Star Garment ប្រមាណ ៤០០នាក់ក្នុងខេត្តកំពង់ស្ពឺ បានធ្វើកូដកម្ម និងបិទផ្លូវជាតិលេខ៣ ទាមទារប្រាក់កម្រៃដឹកជញ្ជូន និងអាហារខ្ពស់ជាងមុន ព្រមទាំងប្រាក់បន្ថែម ២០០០រៀល (០,៥០ដុល្លារ) សម្រាប់ការធ្វើការថែមម៉ោងផងដែរ។
ក្រុមកម្មករទាំងនោះលើកឡើងថា ការទាមទារឱ្យមានការបង្កើនអត្ថប្រយោជន៍ដើម្បីគាំទ្រចំពោះការកើនឡើងនៃទំនិញផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ខណៈតៃកុងឡានក៏បានសុំដំឡើងថ្លៃឈ្នួលបន្ថែមចំនួន ៣ដុល្លារទៀតដែរពីលើថ្លៃឈ្នួល ១០ដុល្លារ ដែលធ្លាប់ដឹកកម្មករកន្លងមក ដោយសារតម្លៃប្រេងសាំងឡើងថ្លៃ។
ជុំវិញបញ្ហានេះ ក្នុងជំនួបជាមួយលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ ខែមីនា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា វិបត្តិប្រេងឥន្ធនៈនាពេលនេះ កំពុងជះផលអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ព្រោះវាបានធ្វើឱ្យទំនិញ និងសេវាក្នុងស្រុកប្រឈមនឹងឡើងថ្លៃជាបន្តបន្ទាប់។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា បញ្ហានេះគឺអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការកែលំអ ការអភិវឌ្ឍ ការរៀបចំខ្លួន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងកាលពីពេលថ្មីៗនេះថា សម្រាប់តម្លៃប្រេងនៅកម្ពុជាដែលបានហក់ឡើងជាគំហុកក្នុងពេលនេះ បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុកមួយចំនួនចាប់ផ្តើមដំឡើងថ្លៃដឹករបស់ខ្លួនជាបណ្តើរៗហើយ ក្នុងនោះគឺចាប់ពី ៥% ទៅ ១០%៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

