31 C
Phnom Penh

សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​បន្ទាប់ពី​អនុវត្ត​ទោស​ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលាដំបូង​ខេត្ត​នេះ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សកម្មជន​ដីធ្លី​រូប​នេះ​បាន​អនុវត្ត​ទោស​រយៈពេល ២​ឆ្នាំ​តាម​ការ​កំណត់​របស់​តុលាការ។

ប្រធាន​សហគមន៍​ស្រែប្រាំង ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ លោក សែម សាង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩ ក្រោយ​មក​សាលាដំបូង​ខេត្ត​នេះ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ២​ឆ្នាំ ក្រោម​បទ​ចោទ «កំហែង​យក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើប្រាស់​អាវុធ»។

ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​លោក សែម សាង ក្រោយ​ពី​លោក​សកម្ម​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ស្រែប្រាំង តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​របស់​ចិន និង​ជាមួយ​ឧកញ៉ា​ម្នាក់​ស្ថិតនៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។

ដោយ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត លោក សែម សាង បាន​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ សាលាឧទ្ធរណ៍​បាន​បដិសេធ ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​រឿង​ត្រឹមត្រូវ។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​របស់​លោក​ថា ក្រោយ​ពី​អនុវត្ត​ទោស​បាន​គ្រប់​ចំនួន ២​ឆ្នាំ​នោះ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​វិញ​ហើយ។

បើ​តាម​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ធ្លាប់​លើកឡើង​ថា ដើមចម​ដែល​នាំ​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ប្រធាន​សហគមន៍​ស្រែប្រាំង លោក សែម សាង នេះ ដោយសារ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហាម៉ីនី វីន អ៊ិនវេសមេន ក្នុង​ទំហំ​ផ្ទៃដី ៥៨០​ហិកតារ និង​ឧកញ៉ា​ម្នាក់​ជាង ២០០​ហិកតារ ទំហំ​ដី​សរុប​ក្នុង​សហគមន៍ ៧៨០​ហិកតារ តាំង​ពី​ឆ្នាំ​២០១៤ ដោយ​រង​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១២៩​គ្រួសារ។

បើ​តាម​ឯកសារ​ចងក្រង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ដី​ព្រៃ​លិចទឹក​របស់​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្សស្នោ ទំហំ ៥៨០​ហិកតារ ផ្ដើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំង​ពី​ឆ្នាំ​២០១៤ និង​ដី​ទំហំ ២០០​ហិកតារ​ទៀត​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែន ចាន់ធឿន ខណៈ​ពលរដ្ឋ​ទាំងនោះ​ប្រមាណ ២៥០​គ្រួសារ​បាន​ចូល​មក​កាន់កាប់​ដី​នៅ​តំបន់​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ​២០០២។

តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ចំនួន ២១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​មាន ១១​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស