29 C
Phnom Penh

សង្គម​ស៊ីវិល៖ រយៈពេល​២​ឆ្នាំ ពលរដ្ឋ​ជាង​២០​នាក់​ត្រូវ​បាន​ឃាត់​និង​ឃុំ​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី

បទវិភាគ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ឱ្យ​ដឹង​ថា រយៈពេល ២​ឆ្នាំ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 យ៉ាង​ហោច​មាន​ពលរដ្ឋ ២១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​រំលោភ​យក​ពី​សំណាក់​អ្នក​មាន​អំណាច និង​មាន​លុយ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ចេញ​ផ្សាយ​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជាង ៣​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដោយ​បាន​លើកឡើង​ថា អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ Covid-19 ចាប់តាំង​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ នេះ ការ​រំលោភ​យក​ដីធ្លី​នៅ​កម្ពុជា​មិន​បាន​ថយ​ចុះ​ឡើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី។

លើស​ពី​នេះ ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៃ​សមាជិក​សហគមន៍ និង​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ​ក៏​កាន់តែ​មាន​ការ​កើន​ឡើង ដោយ​គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២១ នេះ មាន​សមាជិក​សហគមន៍ និង​សកម្មជន​ដីធ្លី​យ៉ាងតិច​ណាស់​ចំនួន ២១​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​ក្នុង​នោះ ១០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ដដែល​ថា​ការ​ចេញ​ផ្សាយ​វីដេអូ​មួយ​នេះ ធ្វើឡើង​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ​២០២១ ដោយ​បាន​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ Covid-19 ទៅលើ​សមាជិក​សហគមន៍ និង​សកម្មជន​ដីធ្លី ក៏ដូចជា​ការ​តស៊ូ​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ។

បើ​តាម​វីដេអូ បង្ហាញ​ថា ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​កាន់តែ​មាន​ការ​រឹតត្បិត​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ Covid-19 ក្នុង​នោះ​ជា​ញឹកញាប់ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនោះ​ទទួល​រង​ការ​គំរាមកំហែង អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន ខណៈ​ដីធ្លី​របស់​ពួកគាត់​ត្រូវ​បាន​គេ​រំលោភ​យក ហើយ​មិន​មាន​ដំណោះស្រាយ​សមរម្យ។ ក្រៅពី​ដីធ្លី​ត្រូវ​បាន​រំលោភ​យក​ហើយ ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​មួយ​ចំនួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ដែរ។ ករណី​នេះ តើ​មាន​យុត្តិធម៌​ឬ​ទេ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនោះ?

ពលរដ្ឋ​សហគមន៍ ៦៨​គ្រួសារ​នៅ​ឯ​ខេត្ត​ព្រះសីហនុ អ្នកស្រី ហង្ស ចិន្តា បាន​លើកឡើង​នៅ​ក្នុង​វីដេអូ​របស់​អង្គការ​លីកាដូ ថា ការ​បាត់បង់​ដី​ស្រែ​ចម្ការ​សម្រាប់​បង្កបង្កើនផល​របស់​ពលរដ្ឋ ស្មើ​នឹង​ការ​បាត់បង់​ឆ្នាំងបាយ​របស់​ខ្លួន។

អ្នកស្រី​បន្ត​ថា ជំងឺ Covid-19 ពេល​ខ្លះ​អាច​ជាសះស្បើយ​បាន ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​សម្រាប់​អាស្រ័យផល​នោះ ស្មើ​នឹង​បាត់បង់​ជីវិត​ដោយសារតែ​មិន​មាន​អ្វី​ហូបចុក។

ក្រៅពី​បាត់បង់​ដីធ្លី​ហើយ អ្នកស្រី ហង្ស ចិន្តា ថា​ពួកគាត់​ក៏​ត្រូវ​រង​ការ​គំរាមកំហែង​ប្រឈម​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា ទាំង​ការ​ប្រមាថ ទាំង​ការ​មើលងាយ​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។ អ្នកស្រី​ថា បរិបទ​នៃ​ការ​រាលដាល​នេះ ធ្វើ​ឲ្យ​អាជ្ញាធរ អ្នក​មាន​អំណាច អ្នក​មាន​លុយ​កាន់តែ​មាន​ឱកាស​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់ ហើយ​មិន​អាច​ឲ្យ​ចេញ​តវ៉ា​បាន ដោយ​ហេតុ​ថា​មិន​ឲ្យ​ពលរដ្ឋ​ជួបជុំ​គ្នា​ដើម្បី​តវ៉ា។

ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​ដោះលែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ២​រូប​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយ​ឃុំ​ខ្លួន​ពួកគេ​ជិត ២០​ថ្ងៃ។ ការ​សម្រេច​ដោះលែង​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ជាង ១០០​គ្រួសារ ព្រម​ទទួល​យក​សំណង​តាម​ការ​កំណត់​របស់​អាជ្ញាធរ​ដោយ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ៩០០​រៀល។

ការ​ចាប់​ខ្លួន​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី មិនមែន​កើតឡើង​តែ​នៅ​ខេត្ត​ស្វាយរៀង ឡើយ កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ថ្មី​របស់​ក្រុមហ៊ុន OCIC នៅ​ឯ​ខេត្ត​កណ្តាល ចំនួន ៣០​នាក់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ការពារ​ឲ្យ​ក្រុមហ៊ុន។

ក្រោយ​ពី​ចាប់ និង​ឃុំ​ខ្លួន​នោះ តុលាការ​ខេត្ត​កណ្ដាល បាន​សម្រេច​ដោះលែង​ពលរដ្ឋ ២១​នាក់​វិញ ចំណែក​ពលរដ្ឋ ៩​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស»

ក្រោយ​ពី​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បាន​ជិត ១០​ថ្ងៃ ពលរដ្ឋ​ទាំង ៩​នាក់​នោះ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​ព្រម​ទទួល​យក​សំណង​តាម​ការ​កំណត់​របស់​អាជ្ញាធរ ដោយ​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ ៨​ដុល្លារ​អាមេរិក ដែល​ផ្ទុយ​នឹង​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។

ទោះ​យ៉ាងណា កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២១ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ក្រើន​រំឭក​ដល់​មន្ត្រី​របស់​ខ្លួន​ថា បញ្ហា​ជម្លោះ​ដីធ្លី​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​សន្លឹកឆ្នោត​នៅ​ពេល​ខាងមុខ បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។

បើ​តាម​អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស ធ្លាប់​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើ​សិន​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ឲ្យ​បាន​សមរម្យ និង​ទាន់​ពេលវេលា​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស