35 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន​គួរតែ​សើរើ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ស្ថានភាព​ដែល​ប្រទេស​ភូមា ជា​សមាជិក​អាស៊ាន​បង្ក​អស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សមាគម​អាស៊ាន ពោល​គឺ​ធម្មនុញ្ញ​អាស៊ាន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧបករណ៍​របស់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ធ្វើជា​ឈ្នាន់​របស់​ខ្លួន​ដើម្បី​តោង​អំណាច ឬ​ក៏​ធ្វើ​រដ្ឋប្រហារ ក៏​ព្រោះ​តែ​មិន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការ​តំបន់​នេះ​ឡើយ។

ជាក់ស្ដែង របប​សឹក​ភូមា​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ គឺ​ពួកគេ​មិន​មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ ថា​នឹង​រង​ទណ្ឌកម្ម​ពី​ប្រទេស​ក្នុង​សមាគម​អាស៊ាន ព្រោះ​តែ​មាត្រា​មួយ​នៃ​ធម្មនុញ្ញ​អាស៊ាន​បាន​ចែង​មិន​ឱ្យ​សមាជិក​ណា​មួយ​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង ឬ​ចូល​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​ខ្លួន​ឡើយ។ មាត្រា​នេះ គឺ​ចែង​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (non-interference policy)។ ដោយសារតែ​គោលនយោបាយ​នេះ​ហើយ សមាជិក​អាស៊ាន​ឯ​ទៀត​សឹងតែ​មិន​ហ៊ាន​លូក​ដៃ​ចូល​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នោះ​ទេ ខណៈ​របប​សឹក​ប្រទេស​នេះ​កាន់តែ​គឃ្លើន​បង្ក្រាប​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​មិន​ញញើត​ឡើយ។

ដោយ​មើល​ឃើញ​បែប​នេះ លោក Saifuddin Abdullah រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា បាន​ទទូច​ឱ្យ​សមាគម​អាស៊ាន​ដែល​លោក​ថា​គួរតែ​គិតគូរ​ឡើងវិញ​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន។

សារព័ត៌មាន The Straits Times នៅ​ប្រទេស​សិង្ហបុរី បាន​ស្រង់​សម្ដី​លោក Saifuddin Abdullah មក​ចុះផ្សាយ​ថា លោក​បាន​ក្រើន​រំឭក​រួច​ហើយ​កាលពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន អំពី​មាត្រា​ដែល​ចែង​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។

តាម​លោក​រដ្ឋមន្ត្រី គឺ​មាត្រា​នេះ​ហើយ​ដែល​បង្ក​ឱ្យ​តំបន់​អាស៊ាន​ធ្លាក់​ក្នុង​អស្ថិរភាព ហើយ​បើ​ទោះបីជា​កើតឡើង​នៅ​ក្នុង​ប្រទេស​ភូមា​ក៏ដោយ ប៉ុន្តែ​វា​បាន​ប៉ះពាល់​ដល់​តំបន់​ផង​ដែរ។ លោក​ទទូច​ថា អាស៊ាន​មិន​គួរ​បន្ត​ប្រើ​គោលការណ៍​នៃ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​ក្រោម​ហេតុផល​ថា ការ​ចូល​ដោះស្រាយ​វិបត្តិ​ប្រទេស​ណា​មួយ គឺ​ខុស​នឹង​ធម្មនុញ្ញ​របស់​អាស៊ាន​នោះ​ទេ។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​ទី​១៥ តុលា រដ្ឋមន្ត្រី​អាស៊ាន ៩​ប្រទេស​បាន​សម្រេច​មិន​ឱ្យ​មេដឹកនាំ​យោធា​ភូមា​ដែល​ជា​មេ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សប្ដាហ៍​នេះ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​ព្រុយណេ ដែល​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២១ បាន​លើកឡើង​អំពី​កង្វះ​វឌ្ឍនភាព​នៅ​ក្នុង​យន្តការ ៥​ចំណុច​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា​ឡើងវិញ ដែល​មេដឹកនាំ​យោធា​នៃ​ប្រទេស​នេះ​បាន​យល់ព្រម​ជា​ផ្លូវការ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​៩ ទៀត​នៅ​ឯ​កិច្ចប្រជុំ​កំពូល កាលពី​ថ្ងៃ​ទី​២៤ មេសា កន្លងទៅ។ ដោយ​មើល​ឃើញ​បែប​នេះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក៏​បាន​សម្រេច​ដាក់​ពិន័យ​លើ​មេដឹកនាំ​នៃ​របប​សឹក ដោយ​បិទ​មិន​ឱ្យ​មាន​វត្តមាន​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ តុលា។

លោក Saifuddin Abdullah សង្កត់​ន័យ​ថា ពាក្យ​ថា​ការ​មិន​ជ្រៀតជ្រែក​នេះ​ហើយ​បាន​ក្លាយ​ជា​លេស​មួយ​ធ្វើ​ឱ្យ​មាន​អសមត្ថភាព​របស់​សមាគម ហើយ​ធ្វើ​ឱ្យ​អាស៊ាន​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ណា​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្នុង​ន័យ​នេះ លោក​ទទូច​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​គោលនយោបាយ​ថ្មី​មួយ ដោយ​សំដៅ​ចូលរួម​ក្នុង​ន័យ​ស្ថាបនា​ដោយ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រទេស​ជា​សមាជិក​ណា​មួយ​បង្ក​បញ្ហា​ដល់​តំបន់​នោះ​ទេ។ លោក​បាន​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​ជាក់ស្ដែង​នៅ​ប្រទេស​ភូមា ដែល​ពួក​យោធា​មិន​ញញើត​នឹង​ការ​បាញ់​សម្លាប់​ជនស៊ីវិល​ដែល​ប្រឆាំង​នឹង​ខ្លួន​នោះ​ទេ។

លោក​ថា ស្ថានការណ៍​ក្នុង​ប្រទេស​ភូមា កាន់តែ​ដុនដាប​ធ្ងន់ធ្ងរ​ហើយ​នៅ​ពេលនេះ គឺ​ជនស៊ីវិល​ជាង ១០០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​ប្រជាជន គឺ​គិត​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ មកនេះ។

តាម​លោក​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​រូប​នេះ អាស៊ាន​គួរតែ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​របស់​ខ្លួន។ បើ​តាម​អនុសាសន៍​របស់​លោក គឺ​អាស៊ាន​គួរតែ​ទម្លាក់​ចោល​មាត្រា​មួយ​នេះ ដោយ​កុំ​ប្រកាន់​ទម្លាប់​ចាស់​គំរឹល​បែប​នេះ។

ប្រទេស​ភូមា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ ប៉ុន្តែ​ពេល​នោះ​ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក ឃើញ​ថា​ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​របស់​ប្រជាជន។ តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០។ ចាប់ពី​ពេល​នោះ​មក ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព។ តែ​បក្ស​ប្រជាធិបតេយ្យ​នេះ​កាន់​អំណាច​បាន​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដោយ​បញ្ចប់​របប​ប្រជាធិបតេយ្យ​ក្មេងខ្ចី​នៅ​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​តែម្ដង។

រដ្ឋប្រហារ​ធ្វើឡើង​ក្រោម​លេស​ថា ការ​ឈ្នះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​របស់​បក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ គឺ​បាន​មកពី​ការ​លួច​បន្លំ។ តែ​អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ពួក​យោធា​ដោយ​ចាត់ទុក​ថា​ជា​ល្បិច​ប្លន់​អំណាច​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស