ពលរដ្ឋរស់នៅស្រុកដងទង់ ខេត្តកំពត សាទរ និងស្វាគមន៍លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបឡើងកាន់តំណែងថ្មី ដែលបានរកយុត្តិធម៌លើទំនាស់ដីធ្លីពាក់ព័ន្ធមន្ត្រីមួយចំនួននៃរដ្ឋបាលខេត្តកំពត បានឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ស្ងាត់ៗដែលនាំឲ្យបាត់បង់ប្រភពទឹកប្រើប្រាស់។
ក្រោយពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្រៅពីជួបសាធារណជន លោកក៏បានបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីជួបជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកដងទង់ ដែលពលរដ្ឋមូលដ្ឋាននេះបានចោទមន្ត្រីមួយចំនួនចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ក្បាលម៉ាស៊ីនដឹកនាំនៃរដ្ឋបាលខេត្តកំពត ថាបានឃុបឃិតលួចលក់អាងស្តុកទឹកដងទង់ស្ងាត់ៗទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់។
ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២៦ ខែតុលា ពលរដ្ឋស្រុកដងទង់ បានចោទលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត រួមជាមួយមន្ត្រីមួយចំនួនទៀតរួមមានលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដី និងលោក ប៉ិល កុសល អភិបាលរងខេត្តកំពត ព្រមទាំងមន្ត្រីភូមិ ឃុំ ស្រុក។
ពលរដ្ឋបានបញ្ជាក់ទៀតថា លោក វ៉ិត វឌ្ឍនា ជាមេខ្លោងលួចធ្វើប្លង់ និងលក់បរិវេណដីអាងទឹកដងទង់មានទំហំផ្ទៃដីជាង ១២ហិកតារទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ ទទួលបានលុយរាប់លានដុល្លារយកទៅចែកមន្ត្រីស្ថាប័នពាក់ព័ន្ធដែលត្រូវជាបក្ខពួកទាំងបំពានច្បាប់។
ពលរដ្ឋបានស្នើឲ្យលោក ម៉ៅ ធនិន ជួយបើកការស៊ើបអង្កេតទៅលើសកម្មភាពរបស់លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត រួមជាមួយមន្ត្រីមួយចំនួនទៀតដែលបានប្រើអំណាចជាអាជ្ញាធរគំរាមចាប់ពលរដ្ឋដែលហ៊ានចេញមុខតវ៉ាដាក់គុកទៀតផង។
ក្នុងវេទិកាសាធារណៈនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឲ្យតំណាងភាគីក្រុមហ៊ុន សេង សម្បត្តិ មន្ត្រីស្ថាប័នពាក់ព័ន្ធ និងតំណាងពលរដ្ឋមានវិវាទដីធ្លី ឡើងមកបកស្រាយ និងបង្ហាញឯកសាររៀងៗខ្លួន។
ទោះយ៉ាងណា លោក ម៉ៅ ធនិន បានបញ្ជាក់តាមផ្លូវច្បាប់ថា ការធ្វើប្លង់កម្មសិទ្ធិគ្របដណ្ដប់លើបរិវេណដីអាងទឹកដងទង់របស់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពត ទៅឲ្យក្រុមហ៊ុនឯកជនកន្លងមកនេះ គឺធ្វើឡើងដោយខុសច្បាប់។
ករណីនេះ លោក ម៉ៅ ធនិន ព្រមានថានឹងបើកការស៊ើបអង្កេតចំពោះមន្ត្រីរូបណាដែលឃុបឃិតគ្នាលួចធ្វើប្លង់លក់ដីបរិវេណអាងស្តុកទឹកដងទង់ខាងលើនេះ។
ទាក់ទិនបញ្ហានេះដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ត្រូវកាសែតក្នុងស្រុកស្រង់សម្ដីមកចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយស្នើដល់មន្ត្រីក្រសួងស្ថាប័នជំនាញ ត្រូវបើកការស៊ើបអង្កេត ដើម្បីឈានទៅនាំខ្លួនជនពុករលួយដែលបំផ្លាញធនធានធម្មជាតិទាំងនោះទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព៕