គណបក្សភ្លើងទៀន ដែលមានមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសជាខ្នងបង្អែក បានប្រកាសរៀបចំធ្វើពិធីសមាជរបស់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួនរបស់គណបក្ស ខណៈសកម្មជនបក្សសង្គ្រោះជាតិ រិះគន់ថា ការធ្វើបែបនេះ គឺបង្ហាញនូវសកម្មភាពបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ ដោយមិនអាចប្រកែកបាន។
គណបក្សភ្លើងទៀន ដែលមានដើមកំណើតពីគណបក្ស សម រង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះថា ខ្លួននឹងប្រារព្ធពិធីសមាជនៅពេលដ៏ខ្លីខាងមុខ ដើម្បីកែសម្រួលនូវលក្ខន្តិកៈគណបក្ស ការរៀបចំជ្រើសរើសមេដឹកនាំថ្មី និងកំណត់យុទ្ធសាស្ត្ររបស់ខ្លួនជាដើម។
ផែនការធ្វើសមាជគណបក្សក្រោយគណបក្សនេះបានបើកអង្គប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។
គណបក្សភ្លើងទៀន គឺជាគណបក្សដែលបានប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១៧ ដែលបានប្រកាសធ្វើសមាជរបស់ខ្លួនម្តងរួចមកហើយកាលពីអំឡុងខែសីហា ឆ្នាំ២០២១ ប៉ុន្តែត្រូវអាក់ខានទៅវិញដោយសារការរីករាលដាលនៃជំងឺ Covid-19។
កាលពីឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នាបង្កើតទៅជាគណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្ស សម រង្ស៊ី មិនបានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយរចនាសម្ព័ន្ធរបស់ខ្លួននោះទេ បើទោះបីជាគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ធ្លាប់ដាក់ពាក្យដើម្បីសុំរំលាយពីក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅក្តី។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ តុលា នេះថា ភាពមិនស្មោះត្រង់របស់គណបក្សភ្លើងទៀន ដែលគ្រោងធ្វើសមាជក្នុងពេលខាងមុខនេះ គឺកំពុងតែដើរចូលក្នុងផែនការ និងបំណងរបស់គណបក្សកាន់អំណាចដែលតែងតែមានគោលដៅចង់ឱ្យស្មារតីគណបក្សសង្គ្រោះជាតិ រលាយសាបសូន្យនោះ។
សកម្មជនរូបនេះរិះគន់ថា ការប្រកាសធ្វើសមាជរបស់បក្សនេះកំពុងបង្ហាញសកម្មភាពបែកចេញពីគណបក្សសង្គ្រោះជាតិយ៉ាងច្បាស់ ដូច្នេះស្មារតី កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយដែលភាគីលោក សម រង្ស៊ី ប្រកាសមិនដាច់ពីមាត់នោះ គ្រាន់តែជាល្បិចកលក្នុងការបែកចេញពីគណបក្សសង្គ្រោះជាតិ ដោយមិនហ៊ានចេញមុខប្រកាសដោយត្រង់ៗ ព្រោះខ្លាចការថ្កោលទោសពីអ្នកគាំទ្រតែប៉ុណ្ណោះ។
លោក ហ៊ុន កុសល បញ្ជាក់ថា បើលោក សម រង្ស៊ី មានភាពស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ មិនបែកចេញទៅដឹកនាំបក្សភ្លើងទៀន ឬបង្កើតបក្សថ្មីផ្សេងទៀតនោះ គឺមានប្រយោជន៍ដល់ចលនាតស៊ូរបស់អ្នកប្រជាធិបតេយ្យខ្លាំងណាស់ ប៉ុន្តែការធ្វើសកម្មភាពបំបែកកម្លាំងប្រជាធិបតេយ្យបែបនេះ គឺស្មើនឹងពួកគេកំពុងរួមដៃជាមួយបក្សកាន់អំណាចបំបែកដួងព្រលឹងសង្គ្រោះជាតិ ឲ្យរលាយសាបសូន្យតាមបំណងរបស់បក្សកាន់អំណាចដូច្នោះដែរ។
ជុំវិញការបែកបាក់អ្នកប្រជាធិបតេយ្យនេះ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៦ តុលា នេះថា មន្ត្រីជាន់ខ្ពស់របស់បក្សក្រៅរដ្ឋាភិបាលមួយចំនួនបានលើកឡើងថា ពិតជាពិបាកណាស់ក្នុងការបង្រួបបង្រួមគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យឱ្យចូលគ្នាក្នុងស្មារតីរួមតែមួយ។
អ្នកវិភាគរូបនេះលើកជាសំណួរថា តើការហែកគ្នា រួចហើយទៅប្រកួតតទល់នឹងបក្សកាន់អំណាចបច្ចុប្បន្ននេះ ជារឿងងាយស្រួលជាងការរួបរួមគ្នាមែនទេ ប៉ុន្តែចម្លើយគឺថា ពិតជាមិនអាចទៅរួចជាដាច់ខាត ដូច្នេះតើគួរពិចារណាឬទេអំពីការជ្រើសរើសយកផ្លូវដែលពិបាកតិចតួច ហើយមានសង្ឃឹមទទួលបានជោគជ័យទៅថ្ងៃក្រោយ។
លោក គឹម សុខ បញ្ជាក់ថា ការខិតខំផ្សះផ្សាក្រុមអ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យ ដើម្បីរៀបចំក្បួនប្រកួតរួមកម្លាំងឡើងវិញ គឺជារឿងចាំបាច់បំផុត ប៉ុន្តែបើគណបក្សក្រៅរដ្ឋាភិបាលដែលប្រាថ្នាចង់បានប្រជាធិបតេយ្យ ហើយមិនប្រឹងប្រែងបង្រួបបង្រួមគ្នាឲ្យមានកម្លាំងប្រកួតពីឥឡូវនេះទេ ប្រហែលជា ២០ឆ្នាំក្រោយ នឹងខើចពេលក្នុងការពុះពារសង្គ្រោះកម្ពុជាឡើងវិញខ្លាំងណាស់។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា គណបក្សក្រៅរដ្ឋាភិបាលតែងអះអាងពីការយកឈ្នះបក្សកាន់អំណាច ប៉ុន្តែពួកគេហាក់មិនផ្ដោតលើការរួបរួមអ្នកប្រជាធិបតេយ្យដូចគ្នានោះទេ។ ជាងនេះទៀត សូម្បីមន្ត្រីបក្សសង្គ្រោះជាតិដែលត្រូវគេរំលាយហើយក៏ដោយ ក៏អ្នកទាំងនោះហាក់មិនមានគោលជំហររួបរួមគ្នាវិញដែរ ខណៈការរួបរួមកាលពីឆ្នាំ២០១២ ជារូបភាព និងគំរូជោគជ័យមួយដែលពួកគេធ្លាប់បានទទួលស្គាល់គ្រប់គ្នាហើយក៏ដោយ៕