41.3 C
Phnom Penh

តុលាការ​សម្រេច​ឃុំ​ខ្លួន​មេបញ្ជាការ​ប៉េអិម​ក្រុង​ក្រចេះ​និង​គូកន​ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​កុមារី​២​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​កុមារី​ចំនួន ២​នាក់​នៅ​ខេត្ត​ក្រចេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នគរបាល​យុត្តិធម៌ និង​កងរាជ​អាវុធហត្ថ​នៃ​ខេត្ត​នេះ ក៏​កំពុង​បន្ត​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​ទៀត​ដាក់​បន្ទុក​ប្រឆាំង​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​នេះ។

ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ខេត្ត​ក្រចេះ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា របស់​លោក ឡេង ស៊ុនសុជាតិ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ជន​ជាប់ចោទ ២​នាក់​ទៀត រួម​មាន​ឈ្មោះ វុធ និង គឹម សុវណ្ណរិទ្ធ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ។

បើ​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នេះ គឺ​ជន​ជាប់ចោទ​ទាំង ៣​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ ចោទប្រកាន់​ពី​បទ «ធ្វើ​ទារុណកម្ម និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោស ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» និង​បទ​ចោទ​មួយ​ទៀត គឺ​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»

ទាក់ទង​នឹង​សំណុំរឿង​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ កុមារី ២​នាក់​ដែល​មាន​អាយុ ១២​ឆ្នាំ​ដូច​គ្នា ត្រូវ​រង​ការ​ប្រើ​ហិង្សា​ពី​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ធ្វើ​ទារុណកម្ម​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ កុមារី​ទាំង​ពីរ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ក្រចេះ គឺជា​អ្នក​ធ្វើការ​នៅ​ក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ដោយ​ផ្ទាល់។

ជន​រងគ្រោះ​អះអាង​ថា មូលហេតុ​ដែល​ឈាន​រហូត​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​មន្ត្រី​កងរាជ​អាវុធហត្ថ​នោះ ដោយសារតែ​សត្វ​ឆ្កែ​ដែល​កុមារី​ទាំង​ពីរ​នាក់​នោះ​មើល​ថែ ត្រូវ​បាន​ស្លាប់។

ក្រោយពី​កើត​ហេតុ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស បាន​ចេញ​ប្រតិកម្ម​ដោយ​ទាមទារ​ឱ្យ​នគរបាល​យុត្តិធម៌ និង​តុលាការ​ស្វែងរក​ភស្តុតាង​ដាក់​បន្ទុក​ប្រឆាំង​មន្ត្រី​កងរាជ​អាវុធហត្ថ និង​គូកន​ទៅ​តាម​នីតិវិធី​ច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស