ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងសម្រាប់សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២១ នេះ ដើម្បីជំរុញឱ្យសិស្សមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនឱ្យបានត្រឹមត្រូវក្នុងការទទួលយកលទ្ធផលឱ្យកាន់តែល្អ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសម្ដែងការសាទរ និងការព្រួយបារម្ភអំពីការពន្យារពេលនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យមើលលើការពន្យារពេលប្រឡងរបស់សិស្សទុតិយភូមិ ដើម្បីទុកឱកាសឱ្យសិស្សដែលត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២១ នេះ មានពេលស្រាវជ្រាវពង្រឹងចំណេះដឹងរបស់ខ្លួនឱ្យបានគ្រប់គ្រាន់មុនការប្រឡង ដើម្បីឱ្យពួកគេទទួលបានលទ្ធផលល្អ។
លោកបន្តថា ការពន្យារពេលនេះ គឺជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលដែលពួកគេចង់បាន។ ជាងនេះទៀត ក្រសួងនឹងដាក់ចេញនូវវិធានការនានាដើម្បីជួយឱ្យដំណើរការប្រឡងនេះកាន់តែមានភាពល្អប្រសើរផងដែរ ខណៈដំណើរការល្អបែបណានោះ លោកមិនទាន់បានបញ្ជាក់នៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជារូបនេះបញ្ជាក់ថា ការបើកឱ្យសាលារៀនដំណើរការឡើងវិញ គឺជារឿងចាំបាច់បំផុត ព្រោះថាកម្ពុជាមិនអាចបន្តពន្យារពេលឱ្យសិស្សផ្អាកការសិក្សានៅសាលាបន្តទៀតបានទេ ត្បិតកម្ពុជានៅពេលនេះ ត្រូវតែរៀនរស់ជាមួយ Covid-19 ដែលជាយុទ្ធសាស្ត្រនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានថា សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ ប៉ុន្តែកាលបរិច្ឆេទដែលក្រសួងបានដាក់ចេញនេះ ត្រូវបានលើកពេលហើយនៅពេលនេះ ខណៈសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅបន្តដំណើរការប្រឡងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខដូចធម្មតា។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ វិច្ឆិកា ថា លោកគាំទ្រឱ្យមានការពន្យារពេលរបស់ក្រសួងអប់រំលើដំណើរការប្រឡងរបស់សិស្សបាក់ឌុប ប៉ុន្តែក្រសួងមិនត្រូវអូសបន្លាយពេលយូរពេកទេ ព្រោះថាបើអូសបន្លាយពេលយូរពេក អាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សដែលមានបំណងចង់ទៅសិក្សានៅឯបរទេស ប្រសិនបើលទ្ធផលប្រឡងរបស់ពួកគេមានការយឺតយ៉ាវនោះ។
លោកអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់លើការសិក្សារបស់ខ្លួន ដើម្បីទទួលបាលលទ្ធផលល្អដែលជាដើមទុនទៅបន្តការសិក្សាតាមគ្រឹះស្ថានអប់រំជាន់ខ្ពស់នានាបន្ថែមទៀត ដែលអាចឱ្យខ្លួនឯងក្លាយជាធនធានមនុស្សដ៏មានប្រយោជន៍ពិតប្រាកដទៅថ្ងៃអនាគតសម្រាប់សង្គមជាតិទាំងមូល។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា សិស្សានុសិស្សទាំងអស់ត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទទួលបានសញ្ញាបត្រដែលចេញពីសមត្ថភាពខ្លួនឯង។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមរូបនេះពន្យល់ថា ក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ គ្រូបង្រៀនគ្រាន់តែជាផ្នែកមួយសម្រាប់នាំផ្លូវសិស្សប៉ុណ្ណោះ ប៉ុន្តែសិស្សខ្លួនឯងទៅវិញទេដែលត្រូវស្រាវជ្រាវដើម្បីកសាងសមត្ថភាពផ្ទាល់ខ្លួន ត្បិតពួកគេអាចមានឱកាសគ្រប់គ្រាន់ និងលទ្ធភាពពេញលេញក្នុងការទទួលបានប្រភពចំណេះដឹងពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការធ្វើស្វ័យសិក្សាដែលជាប្រភពបង្កើនចំណេះដឹងដ៏មានប្រសិទ្ធភាពសម្រាប់ខ្លួនឯង។
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បង្ហាញថា គ្រឹះស្ថានអប់រំដែលអាចដំណើរការឡើងវិញទូទាំងប្រទេសក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនោះ មានប្រមាណជាង ១ម៉ឺន ៣ពាន់កន្លែងហើយ ខណៈគ្រឹះស្ថានរបស់រដ្ឋដំណើរការបានជាង ៩ពាន់កន្លែង និងសិស្សដែលបានចូលរៀនបន្ទាប់ពីដំណើរការឡើងវិញនេះមានប្រមាណជាង ២លាននាក់៕