សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន ៦នាក់ផ្សេងទៀត ដូចជាកញ្ញា ស កន្និកា និងលោក តុន និមល ជាដើម ឱ្យនៅក្រៅឃុំសាកល្បងរយៈពេល ៣ឆ្នាំ និងមិនឱ្យអ្នកទាំងបីទាក់ទងគ្នាជាដាច់ខាតតាមគ្រប់រូបភាព។
សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើកសវនាការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្រេចឱ្យប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ អនុវត្តទោស ១៥ខែ ១១ថ្ងៃ ដោយឡែកសកម្មជនបរិស្ថាន កញ្ញា ស កន្និកា សម្រេចឱ្យជាប់ពន្ធនាគារ ២ឆ្នាំ អនុវត្តទោស ១៥ខែ និង ៥ថ្ងៃ និងលោក តុន និមល សម្រេចឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ដោយអនុវត្តទោស ១៤ខែ និង ២៤ថ្ងៃ។
ប្រភពដដែលអះអាងថា ប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បានជាប់ពន្ធនាគារអស់រយៈពេលជាង ១៥ខែមកហើយ រីឯលោក តុន និមល បានជាប់ពន្ធនាគារអស់រយៈពេលជាង ១២ខែ ខណៈទោសដែលនៅសល់ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យព្យួរសាកល្បងចំនួន ៣ឆ្នាំ និងតម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល និងបង្គាប់ឱ្យអ្នកទាំង ៣នាក់សងសំណងជំងឺចិត្តរួមគ្នាដល់ដើមបណ្ដឹងរដ្ឋប្បវេណី គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាទឹកប្រាក់ចំនួន ៤០០លានរៀលដែលស្មើនឹង ១០ម៉ឺនដុល្លារអាមេរិកថែមទៀត។
ក្រៅពីដោះលែងលោក រ៉ុង ឈុន ឱ្យនៅក្រៅឃុំ មានយុវជន ២នាក់ផ្សេងទៀតដែរដែលត្រូវដោះលែងនៅថ្ងៃជាមួយគ្នានេះ គឺលោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី ក្រោយអនុវត្តទោសចប់សព្វគ្រប់ ខណៈលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងសកម្មជនសង្គម លោក ប៉ែន ច័ន្ទសង្គ្រាម ក៏ត្រូវបានដោះលែងនៅថ្ងៃតែមួយដូចគ្នាដែរ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានកាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំណែកកញ្ញា ស កន្និកា និងលោក តុន និមល ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ២០ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដូចគ្នាតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ជុំវិញការអត្ថាធិប្បាយរបស់លោកអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ចំណែកកញ្ញា ស កន្និកា និងលោក តុន និមល ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាដោយអហិង្សាកាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន បានមួយខែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានអះអាងនៅថ្ងៃទី១២ ខែវិច្ឆិកា នេះថា ការដោះលែងសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ គឺជារឿងតួនាទីរបស់តុលាការ និងពិរុទ្ធភាពរបស់សាមីជនម្នាក់ៗប៉ុណ្ណោះ គ្មានការគាបសង្កត់ពីខាងណានោះទេ ហើយការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ គឺជានីតិវិធីដើម្បីឲ្យពួកគេកែខ្លួនទៅជាពលរដ្ឋល្អផងដែរ។
ទោះជាបែបនេះក្តី អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់អះអាងថា ការចាប់សកម្មជនបរិស្ថានដាក់គុក ហើយដោះលែងដោយការព្យួរសេរីភាពជាច្រើនឆ្នាំ ក្រោមការឃ្លាំមើលរបស់តុលាការបែបនេះ គឺជាល្បែងនយោបាយក្តោបក្តាប់អំណាចរបស់ពួកកុម្មុយនីស្តប៉ុណ្ណោះ ត្បិតពួកគេបានគណនាយ៉ាងច្បាស់អំពីពេលដែលត្រូវបន្ធូរបន្ថយ និងរឹតបន្តឹងសេរីភាពពលរដ្ឋខ្មែរ។
លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើពួកមេដឹកនាំនយោបាយក្រៅរដ្ឋាភិបាលនាំគ្នាខ្លាចអំណាចពួកផ្ដាច់ការគ្រប់គ្នា នោះមេដឹកនាំនយោបាយផ្ដាច់ការនៅតែអាចបន្តអំណាចរបស់ពួកគេបានយ៉ាងងាយស្រួល តាមឧបាយកលបំបិទសំឡេងសកម្មជនសង្គម និងសកម្មជននយោបាយ ដោយប្រើលេសរំលោភច្បាប់ចាប់អ្នកទាំងនោះដាក់គុក ដើម្បីបន្តអំណាចរបស់ពួកគេឱ្យបានយូរអង្វែងទៅមុខទៀត។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា រដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើស មាត្រា៤៩៤ និង ៤៩៥ ដែលបានប្រើមាត្រាទាំងនេះចោទប្រកាន់សកម្មជនបរិស្ថានកន្លងមក ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន និងមានគោលបំណងបំបិទសិទ្ធិមូលដ្ឋាន និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរដែលជាការរំលោភលើស្មារតីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍សង្គមស៊ីវិលបង្ហាញថា រយៈពេល ១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដើម្បីបំបាក់ស្មារតី និងបំបិទសំឡេងតវ៉ានានាចំពោះអ្នកដែលរិះគន់លើការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួន ក្នុងនោះសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជិត ៣០នាក់ហើយដែលត្រូវអាជ្ញាធរចាប់ខ្លួននាពេលកន្លងមក។
កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលកម្ពុជាលើអង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញលើអ្នកតស៊ូរមតិដើម្បីយុត្តិធម៌សង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន៕