មន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រ ទី១២ វិច្ឆិកា នេះ បានព្រមានថា ការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាការបោះជំហានខុសទិសដៅដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាពរវាងកម្ពុជា និងអាមេរិក។
អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា នេះថា យុទ្ធនាការលាបពណ៌ក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើមន្ត្រីយោធាកម្ពុជា គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានអនុម័តកាលពីខែមីនា ឆ្នាំ២០២១ ទាំងស្រុង និងជាការដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច ដែលសំដៅដល់ការរារាំងមិនឱ្យអនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
ប្រភពដដែលអះអាងថា កម្ពុជាតែងបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បើទោះបីជាធ្លាប់មានអតីតកាលដ៏ឈឺចាប់ជាមួយគ្នាពីមុនមកក៏ដោយ ប៉ុន្តែការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកនេះ គឺជាការបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិផង ព្រមទាំងជាការមាក់ងាយដល់ឯករាជភាព និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរផង។
ការអះអាងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដោយចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានសម្រេចអនុវត្តច្បាប់ស្ដីពីទទួលខុសត្រូវផ្នែកសិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ១៣-៨១៣ ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ២រូប គឺអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស លោក ចៅ ភិរុណ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដោយសារពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

រហូតមកទល់ពេលនេះ រដ្ឋសភាអាមេរិក និងព្រឹទ្ធសភាអាមេរិក កំពុងធ្វើច្បាប់មួយចំនួនដែលស្នើឡើងដោយរដ្ឋសភានៃរដ្ឋាភិបាលរបស់លោក ចូ បៃដិន សម្រាប់ដាក់ទណ្ឌកម្មមន្ត្រីពុករលួយរបស់រដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន ថែមទៀត ដូចជាច្បាប់ប្រជាធិបតេយ្យកម្ពុជា ឬ Cambodia Democracy Act លេខ H.R 4686 និងសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិកស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិមនុស្សលេខ S.3052។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិក ក្រុមអ្នកវិភាគ ក្រុមអ្នកឃ្លាំមើល និងក្រុមមន្ត្រីបក្សប្រឆាំង តែងតែជំរុញឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើ៖
- លោក ហ៊ុន សែន
- លោក ហ៊ុន ម៉ាណែត
- អ្នកស្រី ហ៊ុន ម៉ាណា
- លោក ស ខេង
- លោក ទៀ បាញ់
- លោក អូន ព័ន្ធមុនីរ័ត្ន
- លោក ឱម យ៉ិនទៀង
- លោក ប៉ុល សារឿន
- លោក នេត សាវឿន
- និងមន្ត្រីពុករលួយជាច្រើនរូបទៀត ដោយហាមពួកគេមិនឲ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាំងនោះមានឥទ្ធិពលតែទៅលើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ និងអ្នកជំនួញដែលជាបណ្ដាញរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែមន្ត្រី និងអ្នកជំនួញរបស់កម្ពុជាដែលមិនពាក់ព័ន្ធការប្រព្រឹត្តទាំងនោះ នឹងមិនជាប់បម្រាមរបស់សហរដ្ឋអាមេរិកឡើយ ហើយក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរនោះដែរ៕