ឧត្ដមនាវី ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំប្រតិភូយោធាទៅចូលរួមទស្សនាការតាំងពិព័រណ៍យោធោបករណ៍នៅទីក្រុងដូហា រាជាណាចក្រកាតារ ដែលបើកពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ការតាំងពិព័រណ៍អាវុធយុទ្ធភណ្ឌ ហៅថា DIMDEX (Doha International Maritime Defense Exposition ២០២៦) ទាក់ទាញគណប្រតិភូជិត ២០០នាក់ពីប្រទេសចំនួន៨០។ លោក ទៀ វិញ បានជួបសំណេះសំណាលជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារផ្ទៃប្រទេសកាតារ Sheikh Saoud bin Abdulrahman bin Hassan Ali Al-Thani។
ប្រភពមួយបានឲ្យដឹងថា លោក ទៀ វិញ ហាក់ដូចជាសម្លឹងឃើញ និងចាប់ចិត្តនឹងអាវុធចិន ប្រភេទ LY-70 (Lie Ying ឬ សត្វអក ៧០) ផលិតក្រោមការត្រួតពិនិត្យក្រុមហ៊ុនចិន NORINCO។ LY-70 (Lie Ying-70) ជាប្រភេទកាំជ្រួចដី-អាកាសផ្ទុកលើរថយន្ត បាញ់ដោយប្រើពន្លឺឡាស៊ែ (Laser) តម្រង់ចំណុចដៅដែលអាចបាញ់ចម្ងាយពី ៣៨-៤០គីឡូម៉ែត្រ និងមានរ៉ាដាចាប់ចំណុចបាញ់កម្ពស់ពីដីទៅអាកាសពី ១៥-១៨គីឡូម៉ែត្រ។
ប្រទេសចិន ក៏ធ្វើអាវុធលក់ដូចគេដូចឯង អ្នកមានប្រាក់ទិញ គឺចិនលក់ឱ្យ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

