32 C
Phnom Penh

ក្រសួង​មហាផ្ទៃ​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ដោយ​ចោទ​ថា​មាន​ចេតនា​ទុច្ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ បាន​សម្រេច​ទាត់​ចោល​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ នៅ​ក្រសួង​មហាផ្ទៃ ដោយ​លើក​ហេតុផល​ថា ស្ថាបនិក​គណបក្ស​ថ្មោងថ្មី​នេះ​មាន​ចេតនា​ទុច្ចរិត និង​បន្លំ​ស្នាមមេដៃ​របស់​អ្នកគាំទ្រ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់ «គណបក្ស​បេះដូង​ជាតិ» ចាប់ពី​ពេលនេះ​តទៅ។

ការ​សម្រេច​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ លើកឡើង​ថា «គណបក្ស​បេះដូង​ជាតិ» មាន​ចេតនា​ទុច្ចរិត​តាមរយៈ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ផ្ដិត​ស្នាមមេដៃ​ជំនួស ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិតមេដៃ​ធ្វើ​ឱ្យ​ខូច​គុណភាព ដើម្បី​បង្កើន​ចំនួន​សមាជិក ជាដើម។ ជាង​នេះ​ទៅ​ទៀត ខ្លឹមសារ​នៃ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះ​ទៀតសោត គឺ​ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​រាយការណ៍​ទៅ​លោក ហ៊ុន សែន ស្ដីពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ស្នាមមេដៃ​ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​បេះដូង​ជាតិ ដើម្បី​សុំ​ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ នៅ​ក្នុង​ខ្លឹមសារ​នៃ​របាយការណ៍​នោះ លោក ស ខេង លើកឡើង​ថា ការ​ធ្វើ​កោសល្យវិច័យ​ទៅលើ​ស្នាមមេដៃ​ជិត ៥​ពាន់​ស្នាមមេដៃ គឺ​រក​ឃើញ​ថា​មាន​ស្នាមមេដៃ​របស់​អ្នកគាំទ្រ ២០​នាក់ ក្នុង​នោះ​ស្ត្រី ១០​នាក់ គឺ​ខុស​ពី​ស្នាមមេដៃ​ដែល​មាន​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ។ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ស្នាមមេដៃ​អ្នកគាំទ្រ ២០​នាក់​ផ្សេងទៀត ផ្ដិត​លើ​មនុស្ស ៥៤​នាក់។ មាន​ស្នាមមេដៃ​អ្នកគាំទ្រ ៧៤​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី គឺ​ក្លែង​បន្លំ ហើយ​នៅ​មាន​ស្នាមមេដៃ​ជិត ៣០០​នាក់ ធ្វើ​កោសល្យវិច័យ​ទៅ​រក​ឃើញ​ថា​ខូច​គុណភាព។

នៅ​ក្នុង​របាយការណ៍​ដែល​លោក ស ខេង រាយការណ៍​ទៅ​លោក ហ៊ុន សែន នេះ គឺ​បញ្ជា​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រាវជ្រាវ​រក​បុគ្គល​ដែល​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ផ្ដិត​មេដៃ​ជំនួស និង​ការ​ក្លែង​អត្តសញ្ញាណ​បុគ្គល ជាដើម។ ក្រសួង​មហាផ្ទៃ​សម្រេច​ដាក់​បណ្តឹង​ប្តឹង​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។

ដោយឡែក​លោក គុជ លី ដែល​ជា​ប្រធាន «គណបក្ស​ខ្មែរ​តែ​មួយ» ដែល​តែង​ចំអក​ឱ្យ​អតីត​ក្រុម​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​នៅ​ក្នុង​បណ្តេញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា ប្រធាន​គណបក្ស «បេះដូង​ជាតិ» លោក សៀម ភ្លុក គឺជា​កូនចៅ​របស់​លោក សម រង្ស៊ី ហើយ​ប្រធាន​គណបក្ស​នេះ​មាន​ភាព​មិន​ស្មោះត្រង់​ចាប់តាំង​ពី​ដំណើរ​កសាង​ស្នាមមេដៃ​ទៅ​ហើយ ចុះ​ដល់​ពេល​ដំណើរ​បក្ស​ជា​ផ្លូវការ មិន​ដឹង​ថា​តើ​នឹង​បោកប្រាស់​អ្នកគាំទ្រ​កម្រិត​ណា​បន្ថែម​ទៀត។

លោក សៀម ភ្លុក ប្រធាន​គណបក្ស​បេះដូង​ជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ថា លោក​បាន​ឃើញ​របាយការណ៍​បែកធ្លាយ​របស់​ក្រសួង​មហាផ្ទៃ ដែល​លោក ស ខេង ផ្ញើ​ទៅកាន់​លោក ហ៊ុន សែន ដែរ។ លោក​មាន​ការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត ហើយ​សោកស្ដាយ​ចំពោះ​ទង្វើ​ឥត​សម​ទំនង​របស់​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ខិតខំ​ធ្វើ​ការងារ​លើស​កម្រិត​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​រក​លេស​បដិសេធ​នៃ​ការ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ និង​ធ្វើ​ទុក្ខបុកម្នេញ​បំភិតបំភ័យ​នយោបាយ​លើ​គណបក្ស​នយោបាយ និង​សកម្មជន​ណា​ដែល​មិន​ចំណុះ និង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​បក្ស​ខ្លួន។

បើ​ទោះ​ជា​បែប​ណា សម្រាប់​ក្រុម​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ចាត់ទុក​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បណ្តឹង​ប្រឆាំង​អ្នក​ដែល​ចង់​បង្កើត​គណបក្ស​នយោបាយ​ដោយ​គ្រាន់តែ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

ការ​អនុវត្ត​ដូចនេះ ត្រូវ​បាន​អ្នកវិភាគ​យល់​ឃើញ​ថា នេះ​ជា​របៀប​ដឹកនាំ​ដែល​ផ្ទុយពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

ការ​បន្ទច់បង្អាក់​ដំណើរការ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ ដោយ​ក្រសួង​មហាផ្ទៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា វា​មិនមែន​ព្រោះ​តែ​បញ្ហា​ខុសឆ្គង​រឿង​ស្នាមមេដៃ ឬ​ផ្ទុយពី​លក្ខន្តិកៈ​ណា​មួយ​ឡើយ។ ផ្ទុយទៅវិញ នេះ​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​នៃ​គណបក្ស​ថ្មោងថ្មី​នេះ​តែម្តង ព្រោះ​តែ​សង្ស័យ​ថា​គណបក្ស​បេះដូង​ជាតិ នេះ អាច​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា​ក៏ដោយ លោក សៀម ភ្លុក បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស