ពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិគោកព្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអះអាងថា ដីស្រែបង្កបង្កើនផលរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនរឹបអូសធ្វើអាជីវកម្ម ជីកយកដីលក់នៅក្បែរនោះបណ្តាលឲ្យបាក់ធ្លាក់ចូលទៅក្នុងរណ្តៅដី ប៉ុន្តែម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដីមិនព្រមរកដំណោះស្រាយដល់ពួកគាត់ទេ។
អ្នកស្រី ហួរ អាង ជាម្ចាស់ស្រែដែលរងផលប៉ះពាល់នោះបានឲ្យដឹងថា ដីស្រែបង្កបង្កើនផលរបស់ពួកគាត់ត្រូវបំផ្លាញដោយក្រុមហ៊ុនជីកដីលក់ និងមានរណ្តៅជ្រៅៗដែលកំពុងធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានជិតភូមិរបស់គាត់។
ស្ត្រីរងគ្រោះបន្តថា កន្លងមករូបគាត់រួមជាមួយអ្នកភូមិច្រើនគ្រួសារទៀត បានដាក់ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់អាជ្ញាធរឃុំវល្លិ៍ស ស្រុកសំរោងទង ឲ្យជួយរកដំណោះស្រាយចំពោះការបាត់បង់ដីស្រែបង្កបង្កើនផលដោយសារក្រុមហ៊ុនជីករណ្តៅដីជ្រៅៗធ្វើឲ្យខូចខាត។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាជ្ញាធរចាប់ពីឃុំដល់ខេត្ត នៅមិនបានជួយរកដំណោះស្រាយជូនពួកគាត់ទេ។
រហូតមកដល់ពេលនេះ ម្ចាស់អាជីវកម្មរណ្ដៅដីខាងលើនេះ ក៏បានរុះរើការដ្ឋានធ្វើអាជីវកម្មជីកដីនោះចេញពីមូលដ្ឋាននេះ ដោយមិនទាន់បានសងសំណងដល់ពួកគាត់ឡើយ។
ប្រជាពលរដ្ឋរងគ្រោះផ្សេងទៀតបន្តថា រហូតមកដល់សព្វថ្ងៃនេះ ដីស្រែរបស់ប្រជាពលរដ្ឋពួកគាត់ដែលនៅសេសសល់ គឺបានបន្តបាក់ធ្លាក់ចូលទៅក្នុងរណ្តៅដីរបស់ក្រុមហ៊ុនខាងលើនេះជាបន្តបន្ទាប់។

អភិបាលស្រុកសំរោងទង លោក ស៊ឹម រតនៈ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ករណីបាក់ដីស្រែពលរដ្ឋស្រុតចូលរណ្តៅដីរបស់ក្រុមហ៊ុនធ្វើអាជីវកម្មជីកយកដីនៅឃុំវល្លិ៍ស នេះ រូបលោកនឹងចាត់ឲ្យអភិបាលរងដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យ និងឈានទៅសុំគោលការណ៍សម្រេចពីថ្នាក់លើជាបន្តទៀត។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កង្វល់ពីការបាក់ដីស្រែចូលទៅក្នុងរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ នៅមិនទាន់មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះជួយរកដំណោះស្រាយឲ្យនៅឡើយទេ។
ក្រុមប្រជាពលរដ្ឋរងគ្រោះបានទទូចស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ ដែលបានបាត់បង់ដីស្រែដោយសារក្រុមហ៊ុនជីករណ្តៅដីឲ្យបានឆាប់ និងមានប្រសិទ្ធភាព។ ត្បិតអាជ្ញាធរឃុំ ស្រុក បន្តរហូតដល់ខេត្ត មិនបានកោះហៅខាងភាគីក្រុមហ៊ុនដើម្បីផ្តល់សំណងពីការបាត់បង់ដីស្រែដល់ពួកគាត់ទេ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ប៉ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ដើម្បីបំភ្លឺជុំវិញករណីនេះបានទេនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ ខណៈលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏មិនទាន់អាចទាក់ទងដើម្បីស្នើការបំភ្លឺបាននៅឡើយដែរ។
យោងតាមបទដ្ឋានបច្ចេកទេសច្បាប់ បានកំណត់ថា រាល់ការជីករណ្ដៅដី គឺត្រូវជីកឲ្យមានគម្លាត ឬឃ្លាតពីភូមិប្រជាពលរដ្ឋរស់នៅយ៉ាងតិច ១០០ម៉ែត្រ ហើយត្រូវទុកជើងទេរឲ្យត្រឹមត្រូវទៅតាមស្ថានភាពជម្រៅនៃរណ្តៅដីជាក់ស្តែង។
ជាងនេះទៀត ក៏ត្រូវដកឃ្លា ឬឲ្យមានគម្លាតឆ្ងាយពីព្រំដីរបស់អ្នកស្រុក ឬអ្នកដទៃយ៉ាងតិច ៥ម៉ែត្រ និងត្រូវសង់របងព័ទ្ធជុំវិញដើម្បីការពារសុវត្ថិភាពមនុស្ស និងសត្វជាដើម។ ប៉ុន្តែជាក់ស្តែង ពលរដ្ឋរងគ្រោះបានអះអាងថា ម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរណ្តៅដីនៅក្នុងមូលដ្ឋានឃុំវល្លិ៍ស ស្រុកសំរោងទង មិនបានអនុវត្តតាមច្បាប់ទេ៕