ពាក្យថា «ចោរ» ទោះជាប្រភេទណា ឬពណ៌សម្បុរអ្វីក៏វាអាក្រក់ដែរ។ ចោរប្លន់តែងតែមានភាពសាហាវឃោរឃៅ ក៏ប៉ុន្តែឈ្មោះថា ចោរលក់ជាតិ ចោរបំផ្លាញជាតិ ចោរបំបែកបំបាក់ជាតិ ចោរក្បត់ជាតិ គឺសុទ្ធតែមានឈ្មោះជាចោរប្រវត្តិសាស្ត្រ។
ចុះចំណែកចោរព័ត៌មានវិទ្យាវិញ ដែលភាសាអង់គ្លេសហៅថា Hackers ជាចោរប្រភេទណាទៅវិញ? តើនរណានៅពីក្រោយចោរប្រភេទនេះ? ប្រភេទចោរក្នុងសម័យវិទ្យាសាស្ត្រទំនើបនេះ គឺជាចោរឌីជីថល (Digital)។ ក្រុមនេះមានមុខងារ និងតួនាទីច្រើនយ៉ាង។
ក្រុមនេះអាចលួចគណនីធនាគារ គឺអាចលួចបានប្រាក់វាល់លានដុល្លារ បើម្ចាស់គណនីពុំមានការប្រុងប្រយ័ត្នឲ្យបានម៉ត់ចត់ ប៉ុន្តែក្រុមចោរនេះក៏ពាក់ព័ន្ធនឹងរឿងនយោបាយដែរ។ ក្រុមនេះអាចចូលលុកលុយគណនីហ្វេសប៊ុក (Facebook Account) ឬក៏អាចហេគ (Hack) Account websites ឬ Email របស់អ្នកនយោបាយណា ឬបក្សណាក៏បានដែរ ដោយក្រុមចារកម្មស៊ើបអង្កេតរបស់រដ្ឋនៃប្រទេសណាមួយជាអ្នករៀបចំឡើង។
តើក្រុម “Speeding Wall” ជាប្រភេទចោរបែបណា ហើយក្រុមនេះដែលត្រូវបានបង្កើតឡើងមានមុខងារអ្វីខ្លះ?
នេះគឺជារឿងភ្ញាក់ផ្អើលដែលការពិត “Speeding Wall” គឺជាក្រុមចោរកម្មនយោបាយក្រោមការចាត់តាំងដោយអង្គការរដ្ឋនៃប្រទេសធំមួយ។ កាលពីថ្ងៃទី១៥ វិច្ឆិកា ការស៊ើបអង្កេតផ្ទៃក្នុងមួយធ្វើឡើងដោយក្រុមហ៊ុនហ្វេសប៊ុក បានរកឃើញក្រុមចោរព័ត៌មានវិទ្យាមួយក្រុមដែលសង្ស័យថាជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលប្រទេសចិន។ ក្រុមចោរកម្មនយោបាយ Speeding Wall ដែលរហស្សនាមថា វាយបុកកំផែងជញ្ជាំង គឺក្រុមចោរនេះមានមុខងាររង់ចាំទទួលបញ្ជាឱ្យវាយប្រហារ ឬចូលលួច Account Facebook ឬហេគ (Hack) Account websites ឬ Email របស់អ្នកនយោបាយនៃក្រុមប្រឆាំងនៅកម្ពុជា។
គេថាក្រុម Speeding Wall មានប្រភពដើមចេញពីប្រទេសចិន។ គោលដៅនិងផែនការយុទ្ធសាស្ត្ររបស់ក្រុមចោរព័ត៌មានវិទ្យានេះ គឺវាយលុកយកព័ត៌មានសម្ងាត់របស់បក្សប្រឆាំងនៅកម្ពុជា គឺបក្សសង្គ្រោះជាតិ។ ក្រុម Speeding Wall ត្រូវបានបង្កើតឡើងនៅមុនបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ មកដល់ពេលនេះ គឺមុខងាររបស់ក្រុមនេះមិនទាន់បានរំលាយចោលវិញនោះទេ។
យោងតាមឯកសារស៊ើបអង្កេត គឺអ្នកលួចបញ្ចេញព័ត៌មានពីក្រុមហ៊ុនហ្វេសប៊ុក គឺអ្នកស្រី Frances Haugen ដែលបានដាក់ជូនគណៈកម្មការមូលប័ត្ររបស់សហរដ្ឋអាមេរិក។

របាយការណ៍មួយអំពីលទ្ធផលនៃការស៊ើបអង្កេតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែមេសា បានបង្ហាញថា ក្រុមចោរព័ត៌មានវិទ្យាដែលហៅខ្លួនឯងថា Speeding Wall រងនូវការចោទប្រកាន់នៅក្នុងរបាយការណ៍នោះថា បានបើកការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាដោយចេញពី Servers ឬកុំព្យូទ័រផ្ទុកទិន្នន័យធំរបស់រដ្ឋាភិបាលកម្ពុជា ទៅលើ Servers របស់គណបក្សសង្គ្រោះជាតិ។ គណបក្សនេះ គឺជាអតីតគណបក្សប្រឆាំងដ៏ធំជាងគេមួយនៅកម្ពុជា នៅមុនតុលាការកំពូលនៃប្រទេសនេះសម្រេចរំលាយកាលពីចុងឆ្នាំ២០១៧។
បើតាមរបាយការណ៍ស៊ើបអង្កេតនេះ គឺក្រុមមេដឹកនាំ និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានក្លាយជាគោលដៅនៃកាវាយប្រហារដោយក្រុមចោរព័ត៌មានវិទ្យាឈ្មោះ “Speeding Wall” គឺតាមរយៈកម្មវិធីហ្វេសប៊ុកនៅលើទូរស័ព្ទដៃ និងកម្មវិធីសេវាកម្មដទៃទៀតរបស់ក្រុមហ៊ុននេះមានដូចជា កម្មវិធីផ្ញើសារ ការបញ្ចេញមតិ និងការបង្ហោះខ្លឹមសារផ្សេងៗ។
តែយ៉ាងណា អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុក បានបដិសេធមិននិយាយយោងអំពីរបាយការណ៍នេះទេ ដោយគ្រាន់តែឆ្លើយថា គឺជាគោលនយោបាយរបស់ក្រុមហ៊ុន គឺមិនអនុញ្ញាតឱ្យបរិយាយលើឧបទ្ទវហេតុដូចនេះទេ។
យោងតាមរបាយការណ៍នេះ អ្នកស៊ើបអង្កេតរបស់ក្រុមហ៊ុនហ្វេសប៊ុក បានតាមដានទិន្នន័យរបស់បុគ្គលចំនួន ៤រូបដោយបានវាយតម្លៃប្រកបដោយការជឿទុកចិត្តថា បុគ្គលទាំងនោះគឺជាសមាជិករបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” ហើយដែលពួកគេទាំងនោះបានលួចចូលទៅក្នុងគេហទំព័រហ្វេសប៊ុកដោយប្រើអាសយដ្ឋាន IP ជាកម្មសិទ្ធិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជា។
តាមរបាយការណ៍ស៊ើបអង្កេតនេះ គឺ servers ឬកុំព្យូទ័រផ្ទុកទិន្នន័យធំទាំងនេះអាចត្រូវបានគ្រប់គ្រងដោយក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” តាមរយៈការចាត់តាំង និងសម្របសម្រួលពីអ្នកជំនាញជនជាតិចិនថែមទៀតផង។
ក្រុមស៊ើបអង្កេតរបស់ក្រុមហ៊ុនហ្វេសប៊ុកបានកត់សម្គាល់ថា នៅឆ្នាំ២០១៧ ក្រុមចោរព័ត៌មានវិទ្យានេះបានដាក់គោលដៅវាយប្រហារមកលើគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល តាមរយៈការបង្កប់ទិន្នន័យដែលមានមេរោគទៅក្នុងម៉ាស៊ីនកុំព្យូទ័រផ្ទុកទិន្នន័យធំរបស់រដ្ឋាភិបាល។
យោងតាមការស៊ើបអង្កេតមួយកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យារបស់អាមេរិក FireEye បានពណ៌នាការហេគចូលវាយប្រហារធ្វើឡើងកាលពីឆ្នាំ២០១៧ ថាជាឧទាហរណ៍មួយនៃការធ្វើចារកម្មប្រមូលព័ត៌មានសម្ងាត់ប្រព្រឹត្តដោយភ្នាក់ងាររដ្ឋនៃប្រទេសមួយ ដោយក្រុមស៊ើបអង្កេតនេះសន្និដ្ឋានថា ទំនងលទ្ធផលចូលលួចទិន្នន័យរបស់បក្សប្រឆាំងបានផ្តល់រដ្ឋាភិបាលចិននូវការទទួលបានព័ត៌មានដ៏ទូលំទូលាយពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រតិបត្តិការនានារបស់រដ្ឋាភិបាលកម្ពុជា។

កញ្ញា កឹម មនោវិទ្យា ដែលជាអគ្គនាយករងទទួលបន្ទុកផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីបង្កើតរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតផ្នែកនយោបាយ។ កញ្ញាគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលជាគោលដៅនៃអំពើវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាកាលពីឆ្នាំ២០១៧។ សារព័ត៌មាន RFA ផ្នែកភាសាអង់គ្លេស បានដកស្រង់សម្ដីរបស់កញ្ញាចុះផ្សាយថា ក្រុមហ៊ុនហ្វេសប៊ុកមិនបានទាក់ទងមកគណបក្សសង្គ្រោះជាតិអំពីក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” ដែលរងការចោទថាបានដាក់គោលដៅវាយប្រហារមកលើគណបក្សនេះទេ។
តែយ៉ាងណា គឺកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំទៅមិញនេះ កញ្ញា កឹម មនោវិទ្យា អះអាងថានាងបានទទួលដំណឹងមួយដែលមើលឃើញនៅលើគណនីរបស់កញ្ញា ដែលបង្ហាញថាគណនីរបស់កញ្ញាបានក្លាយជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ ឬចូលហេគ ប៉ុន្តែកញ្ញាមិនច្បាស់ទេថា តើការប៉ុនប៉ងវាយប្រហារដែលកញ្ញាទទួលបានពីការជូនដំណឹងនេះ ជាប់ពាក់ព័ន្ធនឹងក្រុមចោរព័ត៌មានវិទ្យាឈ្មោះ “Speeding Wall” នេះដែរឬក៏យ៉ាងណានោះ។
ទោះបីជាបែបនេះក្ដី កញ្ញានិយាយថា សញ្ញាណដែលថាក្រុមចោរព័ត៌មានវិទ្យាទាំងនោះជាប់ពាក់ព័ន្ធនឹងរដ្ឋចិន ហើយអាចដាក់គោលដៅវាយប្រហារមកលើកញ្ញា និងសហការីរបស់កញ្ញានោះ លែងធ្វើឱ្យកញ្ញាភ្ញាក់ផ្អើលទៀតហើយ។ អ្វីដែលកញ្ញាព្រួយបារម្ភនាពេលនេះ គឺវាលើសពីអំពើចារកម្មទៅទៀត គឺអំពើកេងប្រវ័ញ្ចមកលើដែនសមុទ្រ និងដែនដីរបស់កម្ពុជា ដែលកញ្ញាបញ្ជាក់ថា កម្ពុជាបានបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយប្រទេសកម្ពុជាកំពុងប្រឈមនឹងការបាត់បង់នូវអធិបតេយ្យថែមទៀត។
ប្រទេសកម្ពុជា បានក្លាយជាចំណុចរួមមួយនៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ BRI របស់ក្រុងប៉េកាំង។
ចំពោះប្រទេសចិន បានក្លាយជាប្រភពវិនិយោគបរទេសដោយផ្ទាល់ និងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា គឺចាប់តាំងពីឆ្នាំ២០១៩។ កំណើនវិនិយោគរបស់ចិន ដែលកាន់តែរីកធំឡើងនេះ បាននាំឱ្យក្រុមអ្នកតាមដានស្ថានការណ៍នៅកម្ពុជាមើលឃើញចិន គឺជាអ្នកដើរតួនាទីដ៏ធំលើវិស័យសេដ្ឋកិច្ច និងនយោបាយនៃប្រទេសកម្ពុជា។

ជុំវិញក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ អះអាងថា លោកមិនបានដឹងអំពីសកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យានេះទេ ហើយថាក្រសួងរបស់លោកមិនមានគំនិតដូច្នេះទេ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន ក៏បានបដិសេធចំពោះការចោទថា កម្ពុជាមានក្រុមចោរកម្មព័ត៌មានវិទ្យាដើម្បីចូលលួចទិន្នន័យរបស់បក្សប្រឆាំងដែរ។ លោក សុខ ឥសាន អះអាងថា កម្ពុជាពុំមានប្រយោជន៍អ្វីត្រូវធ្វើចារកម្មលើក្រុមប្រឆាំងនោះទេ។
ប៉ុន្តែក្រុមអ្នកចងក្រងរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមហ៊ុនហ្វេសប៊ុក ក៏បានបង្ហើបឱ្យដឹងថា សកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” អាចជាផលិតផលមួយនៃកិច្ចសហការគ្នារវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន និងរដ្ឋាភិបាលចិន ដែលធ្វើការរួមគ្នាដើម្បីទប់ទល់នឹងគណបក្សប្រឆាំងនៅកម្ពុជា។
នៅពេលជាមួយគ្នានេះ ក្រុមអ្នកចងក្រងរបាយការណ៍ស៊ើបអង្កេតបានផ្ដល់នូវការពន្យល់មួយថា តើមូលហេតុអ្វីបានជាក្រុមសកម្មជនរបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីវាយប្រហារទៅលើគណបក្សប្រឆាំងដែលមានសក្ដានុពលខ្លាំងលើគណបក្សប្រជាជនកម្ពុជា៕