ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បានថ្លែងជាថ្មីម្តងទៀតនៅក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិន ថា ចិនច្រានចោលរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ថៃ ដែលថានៅប៉ុន្មានសប្តាហ៍មុនផ្ទុះការវាយប្រហាររវាងកងទ័ពថៃ និងកងទ័ពកម្ពុជា យន្តហោះយោធាចិន បានដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើនចុះចតនៅក្នុងខេត្តព្រះសីហនុ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បានជួបរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ដោយភាគីទាំងពីរបានជជែកគ្នាអំពីរបាយការណ៍ដែលចោទថា ចិនបានផ្តល់អាវុធយោធាឱ្យកម្ពុជា ដើម្បីប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយថៃ។ ចិនច្រានចោលរបាយការណ៍ចោទប្រកាន់នេះ ដោយបញ្ជាក់ថា សព្វាវុធទាំងឡាយរបស់ចិន ដែលកម្ពុជា កាន់កាប់ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ដែលមានស្រាប់ មិនមែនជាសព្វាវុធដឹកជញ្ជូនថ្មីក្នុងគោលដៅប្រឆាំងថៃ នោះទេ។
លោក ចាង ជីយៀនវេយ អះអាងថា ចិននៅបន្តប្រឹងប្រែងចូលរួមរក្សាអព្យាក្រឹតភាព និងយុត្តិធម៌ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្យាយាមរកឱកាសទៅនិយាយជាមួយប្រមុខការទូតថៃ និងកម្ពុជា ខណៈមានអនុរដ្ឋមន្ត្រីការបរទេសចិន ជាអ្នកគាំទ្រ និងសម្របសម្រួលការចរចារវាងភាគីជម្លោះទាំងពីរ។
កាសែត The New York Times កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះផ្សាយដោយយោងតាមរបាយការណ៍ស៊ើបអង្កេតសម្ងាត់របស់ថៃ ថា នៅប៉ុន្មានសប្តាហ៍មុនហេតុការណ៍ផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ យន្តហោះយោធាចិន បានដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន និងបានចុះចតយ៉ាងស្ងៀមស្ងាត់នៅកំពង់ផែរាម ដែលស្ថិតក្នុងមូលដ្ឋានកងទ័ពជើងទឹកនៅខេត្តព្រះសីហនុ របស់កម្ពុជា។
កាសែត The New York Times ដដែលអះអាងថា សព្វាវុធទាំងនោះត្រូវបានរក្សាទុកនៅមូលដ្ឋានទ័ពជើងទឹករាម ហើយក្រោយមកបានដឹកជញ្ជូនតាមភាគខាងជើងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលជាទីតាំងមានជម្លោះ។
កាសែតថៃ បាងកកប៉ុស្តិ៍ ដែលចុះផ្សាយថ្ងៃទី៨ ខែតុលា នេះថា ចិនបានច្រានចោលរបាយការណ៍ចោទប្រកាន់នេះ ដោយបញ្ជាក់ថា សព្វាវុធទាំងឡាយរបស់ចិន ដែលកម្ពុជា កាន់កាប់ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ដែលមានស្រាប់។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបានទេចំពោះសំណុំរឿងនេះ រហូតដល់ម៉ោងចេញផ្សាយនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

