ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន អះអាងថា លោកបានសង្កេតឃើញថា ប្រព័ន្ធច្បាប់នៅកម្ពុជាគ្រាន់តែជាទីផ្សារទិញលក់រឿងក្តីយ៉ាងអណាធិបតេយ្យប៉ុណ្ណោះ អំឡុងពេលដែលលោកត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងចំពោះមុខអ្នកសារព័ត៌មាននៅលើទីលានសាធារណៈមួយកន្លែងថា ការសម្រេចឃុំខ្លួនរូបលោក និងសកម្មជនបរិស្ថានពីសំណាក់អាជ្ញាធរកម្ពុជា គឺជាការទទួលរងនូវអំពើអយុត្តិធម៌ជាទីបំផុត ហើយការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី២៣ វិច្ឆិកា នេះ គឺក្នុងគោលបំណងបង្ហាញពីជំហររបស់លោក និងសកម្មជនបរិស្ថានដទៃទៀតថា នឹងត្រូវបន្តកិច្ចការសង្គមតាមរបៀបណាទៅថ្ងៃមុខ និងបង្ហាញពីភាពអយុត្តិធម៌ក្នុងពន្ធនាគារអំឡុងពេលដែលរូបលោកត្រូវឃុំខ្លួនផងដែរ។
លោក រ៉ុង ឈុន អះអាងថា ភាពអយុត្តិធម៌ក្នុងពន្ធនាគារប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដូច្នោះដែរ ព្រោះថាប្រព័ន្ធច្បាប់នៅកម្ពុជាបានក្លាយជាទីផ្សារទិញលក់រឿងក្តីគ្រប់ប្រភេទ ដូចជាការដោះដូររឿងក្តីពីធ្ងន់មកស្រាល ពីស្រាលទៅធ្ងន់ ដោយការប្រើលុយកាក់ជាថ្នូរ ជាដើម នៅក្នុងស្ថាប័នតុលាការកម្ពុជាសព្វថ្ងៃនេះ។
ប្រធានសហភាពសហជីពកម្ពុជារូបនេះរិះគន់ថា តុលាការមិនដែលបានស៊ើបរឿងក្តីណាមួយឱ្យបានច្បាស់លាស់ មុននឹងឃុំខ្លួនជនសង្ស័យនោះទេ ដែលទង្វើបែបនេះបង្ហាញពីប្រព័ន្ធតុលាការកម្ពុជាកំពុងតែប្រព្រឹត្តនូវទង្វើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរ។
ការអះអាងរបស់លោក រ៉ុង ឈុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីប្រព័ន្ធតុលាការនៅកម្ពុជាដែលប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សន្និសីទសារព័ត៌មានរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលប្រកាសធ្វើនៅហាងកាហ្វេខាល់ឆ័រ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ដីពីជំហររបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ដើម្បីកិច្ចការសង្គមជាតិទៅថ្ងៃមុខ មិនបានប្រារព្ធដូចការគ្រោងទុកនោះទេ ដោយសារតែម្ចាស់ហាងកាហ្វេខាល់ឆ័រ មិនអនុញ្ញាត ប៉ុន្តែសន្និសីទនេះនៅតែដំណើរការដដែល។
ប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឱ្យនៅក្រៅឃុំសាកល្បងបន្ទាប់ពីអនុវត្តទោសបាន ១៥ខែ ១១ថ្ងៃរួចមក៕