អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតកំពុងតែបង្ខំឱ្យមនុស្សមួយចំនួនឈប់ប្រើប្រាស់បណ្ដាញសង្គម ដែលធ្វើឱ្យផលប៉ះពាល់យ៉ាងធំដល់ការរស់នៅរបស់ពលរដ្ឋ។
ការរកឃើញរបស់អង្គការលីកាដូ ធ្វើឡើងតាមរយៈរបាយការណ៍ថ្មីមួយរបស់ខ្លួនស្ដីពី «បច្ចុប្បន្នភាពស្ថានភាពនៃការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា» ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ។
ក្នុងរបាយការណ៍នេះ អង្គការលីកាដូ បានឱ្យនិយមន័យចំពោះការបៀតបៀនតាមប្រព័ន្ធអនឡាញថា ជាសកម្មភាពទាំងឡាយដែលស្ដែងចេញ ឬនាំឱ្យមានការប៉ះពាល់ ឬរងគ្រោះផ្នែករូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសង្គម ដែលត្រូវបានប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរស័ព្ទចល័ត និងទូរស័ព្ទឆ្លាតវៃ (Smart Phone) ឬការប្រើប្រាស់អ៊ីនធឺណិតបែបទូលំទូលាយផ្សេងទៀត។
របាយការណ៍កម្រាស់ ៥៣ទំព័ររបស់អង្គការលីកាដូ ដែលធ្វើការស្ទង់មតិលើពលរដ្ឋជាង ៧០០នាក់ បានឱ្យដឹងថា ក្រុមហ៊ុន Facebook និងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត មិនអាចការពារអ្នកប្រើប្រាស់បានគ្រប់គ្រាន់នោះទេ។ ក្រៅពីមិនអាចការពារនោះ ថែមទាំងរួមចំណែកធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សលើប្រព័ន្ធអ៊ីនធឺណិតបន្ថែមទៀត។
លើសពីនេះ អាជ្ញាធររដ្ឋមួយចំនួន ក៏ជាអ្នកប្រព្រឹត្តិសកម្មភាពរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាផងដែរ ដែលភាគច្រើនតែងតែគំរាមកំហែង ចាប់ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយអ្នកទាំងនោះគ្រាន់តែបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គម។
អង្គការនេះរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ន បានធ្វើឱ្យមនុស្សជាច្រើនឈប់ប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបន្ថែមទៀត ដោយក្នុងនោះជាងមួយភាគបី ឬ ៣៨% នៃអ្នកចូលរួមស្ទង់មតិ ធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទ្ធិមនុស្សជាក្រុមមនុស្សដែលទទួលរងការរំលោភបំពានខ្លាំងជាងគេ។
ស្ត្រីចំនួន ២០% ដែលបានចូលរួមស្ទង់មតិ បាននិយាយថា ពួកគេធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ។
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងនៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៥ វិច្ឆិកា នេះថា បណ្ដាញទំនាក់ទំនងសង្គមគួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងការបញ្ចេញគំនិត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ ក៏ប៉ុន្តែការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតនេះ លោកថាកំពុងបង្ខំឱ្យមនុស្សមួយចំនួនឈប់ប្រើប្រាស់បណ្ដាញសង្គមទាំងនោះ។ លើសពីនេះ ទំហំនៃផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពាននេះ មិនមែនមានត្រឹមតែនៅលើកញ្ចក់ទូរស័ព្ទវៃឆ្លាតនោះទេ។
លោកបន្តថា ពលរដ្ឋដែលធ្លាប់ទទួលរងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត ជះផលអវិជ្ជមានជាច្រើន ដូចជាការបាត់បង់ទំនុកចិត្តលើខ្លួនឯង មានបញ្ហាជាច្រើនជាមួយមិត្តភ័ក្ដិ ឬសហគមន៍ ការបង្កអំពើហិង្សាលើរូបរាងកាយ ការមានគំនិតចង់សម្លាប់ខ្លួន និងផលវិបាកផ្សេងៗទៀត។
អង្គការលីកាដូ ក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ហើយដោះលែងឱ្យបានឆាប់រហ័ស និងគ្មានលក្ខខណ្ឌចំពោះសកម្មជន និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយសារពួកគេប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិលើបណ្ដាញសង្គមនាពេលកន្លងមក បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើស្ត្រីភេទ ដោយសារជម្រើសនៃសម្លៀកបំពាក់ ឬការសម្ដែងមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ ព្រមទាំងបញ្ឈប់ការតាមដានលើសលប់ និងគ្មានតម្លាភាព ជាដើម។
លីកាដូ លើកឡើងថា ច្បាប់មួយចំនួនដែលទើបនឹងអនុម័ត បានផ្ដល់អំណាចដល់អាជ្ញាធររដ្ឋកាន់តែខ្លាំងក្នុងការត្រួតពិនិត្យ ចាប់ពិរុទ្ធ និងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
លីកាដូ ក៏បានស្នើទៅរដ្ឋាភិបាលឱ្យនិរាករណ៍ ឬធ្វើវិសោធនកម្មមាត្រាច្បាប់មួយចំនួនដែលមានលក្ខណៈទូលំទូលាយ និងស្រពេចស្រពិល ហើយទាមទារឱ្យអនុវត្តក្រមព្រហ្មទណ្ឌស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសមាត្រាច្បាប់ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ បទជេរប្រមាថជាសាធារណៈ បទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទរួមគំនិតក្បត់ និងបទញុះញង់ ជាដើម៕